អន្តរជាតិ
ប្រមុខ UN ចាត់ទុក​ច្បាប់​ថ្មី​ប្រឆាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ព្រុយ​ណេ ជាការ​បំពាន​សិទ្ធិមនុស្ស​
04, Apr 2019 , 8:39 pm        
រូបភាព
ស៊ុលតង់ព្រុយណេ Hassanal Bolkiah (រូបភាព AFP)
ស៊ុលតង់ព្រុយណេ Hassanal Bolkiah (រូបភាព AFP)
​នៅ​ព្រុយ​ណេ ច្បាប់ព្រហ្មទណ្ឌ​ថ្មី​ដែលមាន​ការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សហគមន៍​អ្នកការពារ​សិទ្ធិមនុស្ស និង​ប្រទេស​នានា​។ រង​ការរិះគន់ ព្រោះ​ច្បាប់​ថ្មី​ដែល​អនុលោម​តាមច្បាប់​សាសនា​ឥស្លាម Sharia នេះ កំណត់​ទោស​ប្រហារជីវិត​សម្រាប់​បទល្មើស​សហា​ស្មន់ និង​ការរួម​ភេទ​រប​ស់បុរ​ស​ស្រឡាញ់​បុរស​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ចាត់ទុក​ច្បាប់​ថ្មី​នេះ ជាការ​បំពាន​សិទ្ធិមនុស្ស​។

 
​ច្បាប់ព្រហ្មទណ្ឌ​ថ្មី​នៅ​ព្រុយ​ណេ ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​៣ ខែមេសា ទោះជា​មានប្រតិកម្ម​ជាច្រើន និង​ការអំពាវនាវ​ឲ្យ​ផ្អាក​ការអនុវត្ត​ក្ដី​។ ច្បាប់​ថ្មី​នេះ បានចែង​ពី​ការដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ដែល​ភាគច្រើន​ជា​បទល្មើស​ផ្ទុយ​ពី​សាសនា​ឥស្លាម​ដែល​ត្រូវបាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ប្រជាជន​ក្នុងប្រទេស​សម្បូរ​ប្រេង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ គេ​មើលឃើញថា សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា គឺជា​មុខសញ្ញា​ធំជាងគេ​តែម្ដង​
 
​ក្រោម​ច្បាប់​ថ្មី​ដែល​ពន្យារពេល​អនុវត្ត​ប៉ុន្មាន​ឆ្នាំ​មកហើយ​នោះ ការរួម​ភេទ​រវាង​បុរស​និង​បុរស នឹងត្រូវ​ប្រហារជីវិត​ដោយ​ការ​គប់​ដុំថ្ម ដូចគ្នា​នឹង​ទោស​សហាយស្មន់​ដែរ​។ ចំណែក​ការរួម​ភេទ​រវាង​ស្ត្រី និង​ស្ត្រី មិនមែនជា​ទោស​ស្លាប់​ឡើយ តែ​ត្រូវ​ជាប់ពន្ធនាគារ​ដល់​ទៅ​១០​ឆ្នាំ ឬក៏​ត្រូវ​វាយ​៤០​រំពាត់​។ ទោស​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ ត្រូវកា​ត់ដៃ​ម្ខាង​សម្រាប់​កំហុស​លើកទីមួយ និង​កាត់​ជើង​ម្ខាង​សម្រាប់​ការធ្វើ​កំហុស​លើក​ទី​ពីរ​។​
 
​ការដាក់ទោស​ធ្ងន់ធ្ងរ​បែបនេះ ជាការ​បំពាន​សិទ្ធិមនុស្ស​យ៉ាងច្បាស់​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​៣ ខែមេសា​។ តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន ប្រមុខ​អង្គការ​ពិភពលោក​មួយ​នេះ​អះអាងថា សិទ្ធិមនុស្ស​គួរ​ត្រូវបាន​ប្រកាន់ខ្ជាប់​ជាមួយ​គ្រប់​មនុស្ស​ទាំងអស់​នៅ​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការ​រើស​អ្វី​ឡើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Stephane Dujarric ជា​អ្នកនាំពាក្យ​លោក ហ្គូ​តេ​រ៉េ​ស បញ្ជាក់​ច្បាស់​ថា លោក​អគ្គលេខាធិការ​មាន​ជំហរ​ប្រឆាំង​ការដាក់ពិន័យ​ធ្ងន់ធ្ងរ​គ្រប់​ទម្រង់​ទាំងអស់ ហើយ​លោក​ប្រកាន់​ជំហរ​ការពារ​សិទ្ធិ​របស់​មនុស្ស​គ្រប់ៗ​រូប​តាម​បំណង​របស់​ពួកគេ​ជ្រើស គឺ​អ្នក​ដែល​ពួកគេ​ចង់​រស់នៅ​ជាមួយ និង​អ្នក​ដែល​ពួកគេ​ស្រឡាញ់​។​
 
​ទោះជា​យ៉ាងណា សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ព្រុយ​ណេ កំពុង​បារម្ភ​ក្នុង​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ច្បាប់​ថ្មី​នេះ​។ ប្រទេស​ជាច្រើន សុទ្ធតែ​ប្រកាស​ជំហរ​មិន​ពេញ​ចិត្តនឹង​ច្បាប់​ថ្មី​នេះ ខណៈ​តារា​សិល្បៈ​ល្បីឈ្មោះ​ជាច្រើន​នាក់ បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើពហិការ​សណ្ឋាគា​រ​របស់​ព្រុយ​ណេ​ទៀតផង សំដៅ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាន​ដា​ស៊េរី​បេ​ហ្កា​វ៉ាន់​បញ្ឈប់​ការអនុវត្ត​ច្បាប់​នេះ​៕ 
 

Tag:
 UN
  ព្រុយ​ណេ​
  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស
© រក្សាសិទ្ធិដោយ thmeythmey.com