កីឡាអន្តរជាតិ
អន្តរជាតិ
Spurs បំបែកកំណត់ត្រាក្លាយជាក្លិបចំណេញប្រាក់ច្រើនជាងគេលើលោក រដូវកាលមុន
× ក្លិប Tottenham Hotspur ទទួលបានប្រាក់ចំណេញប្រចាំឆ្នាំច្រើនបំផុតលើលោក ដែលមិនធ្លាប់មានរហូតដល់ ១១៣លានផោន (១៤៨លានដុល្លារអាមេរិក) បន្ទាប់ពីបង់ពន្ធរួច កាលពីរដូវកាលមុន។
លទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់រដូវកាល ២០១៧-១៨ បានបង្ហាញពីប្រាក់ចំណូលរបស់ក្លិបរហស្សនាមមាន់ខ្នាយមាស ដែលកើនឡើងពី ៤១០លានដុល្លារអាមេរិក ដល់ ៤៩៧លានដុល្លារអាមេរិក។ ប្រាក់ចំណួលដ៏ច្រើនសន្ធឹកនេះរកបានដោយសារការលក់កីឡាករ ការកើនឡើងអ្នកទស្សនានៅឯកីឡដ្ឋាន Wembley និងការឈានដល់វគ្គ១៦ក្រុមចុងក្រោយ Champions League។
ក្រៅពីនោះ ប្រាក់ចំណូលក្នុងការប្រកួតនៅ Premier League បានកើនឡើងទ្វេដងពី ២៥លានដុល្លារ ដល់ជាង ៥៥លានដុល្លារ ដ្បិតទទួលបានអ្នកគាំទ្រច្រើននៅកីឡដ្ឋាន Wembley អំឡុងពេលកីឡដ្ឋានថ្មីរបស់ពួកគេកំពុងសាងសង់។
តួលេខនេះ បានចេញផ្សាយខណៈដែល Spurs បានបើកកីឡាដ្ឋានថ្មីឈ្មោះ Tottenham Hotspur ដែលមានតម្លៃ១,៣១ពាន់លានដុល្លារ។ ជំនួបដំបូងនៅទីលានថ្មីនេះដែរ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Mauricio Pochettino បានយកឈ្នះ Crystal Palace ២-០ ផងដែរ។
ក្នុងរដូវកាល ២០១៧-១៨ Spurs មិនសូវចំណាយប្រាក់លើកីឡាករច្រើននោះទេ។ ពួកគេបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៣ក្នុងតារាងក្របខណ្ឌលីគកំពូលអង់គ្លេស ដែលប្រសើរជាង Arsenal និង Chelsea ដែលមិនទទួលបាន Top4 បើទោះក្រុមទាំងពីនេះចំណាយលើការទិញកីឡាករថ្លៃៗក៏ដូចជាការចំណាយលើប្រាក់បៀវត្សខ្ពស់ក៏ដោយ។
Spurs បានចំណាយប្រាក់ ១៩២លានដុល្លារលើប្រាក់ឈ្នួលកីឡាករ ដែលតិចជាងការចំណាយរបស់ Arsenal ដល់ទៅ ១១២លានដុល្លារ និងតិចជា Man Utd ពាក់កណ្តាលឯណោះកាលពីរដូវកាលមុន។
សម្រាប់រដូវកាលនេះ ក្រុមដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៍ ស្ថិតនៅចំណាត់ថ្នាក់ទី៣បណ្តោះអាសន្នក្នុងតារាង Premier League ដោយមាន ៦៤ពិន្ទុពីការប្រកួត៣២លើក៕
Tag:
បាល់ទាត់
Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com