អន្តរជាតិ
លោក ស៊ី ចង់​ឲ្យ​ការចរចា​ឆាប់​ចប់ ខណៈ​លោក ត្រាំ ទុកពេល​៤​សប្ដាហ៍​ទៀត​
05, Apr 2019 , 8:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ ក្នុងសេតវិមាន។ (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ ក្នុងសេតវិមាន។ (រូបភាព AFP)
​តំណាង​ចរចា​ចិន និង​អាមេរិក កំពុង​ជួបចរចា​ជុំ​ថ្មី​មួយទៀត​នៅ​ទឹកដី​ដើម្បី​សម្រេច​ឲ្យ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​។ ក្រោយ​ការចរចា​ជាច្រើនលើក​ដែល​ធ្វើ​ឆ្លាស់គ្នា​ទាំង​នៅ​រដ្ឋធានី​ប៉េកាំង និង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ទទួលបាន​លទ្ធផល​គាប់ប្រសើរ​ច្រើន​ដោយ​ភាគច្រើន​ចិន​ជា​អ្នកធ្វើ​សម្បទាន​ជាង​អាមេរិក​។ ប្រធានាធិបតី​ចិន​ចង់ឃើញ​ការចរចា​ចប់​ឆាប់ៗ​នេះ​ដើម្បី​ប្រយោជន៍​ប្រទេស​ទាំងពីរ ឯ​ប្រធានាធិបតី​អាមេរិក​ថា ការចរចា​មាន​ពេល​បួន​សប្ដាហ៍​ទៀត​។​

 
​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទីមួយ និង​ទី​ពីរ​របស់​ពិភពលោក កំពុង​ខិត​ទៅរក​ទីបញ្ចប់​ហើយ​។ ឧបនាយករដ្ឋមន្ត្រី​ចិន លីវ ហឺ កំពុង​ស្ថិតក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ចរចា​ជាមួយ​ដៃគូ​អាមេរិក​ដឹកនាំ​រដ្ឋមន្ត្រី​រតនាគារ Stephen Mnuchin និង​តំណាង​ចរចា​ពាណិជ្ជកម្ម Robert Lighthizer ។ ថ្ងៃទី​៤ ខែមីនា លោក លីវ ក៏​នាំ​យកសារ​មួយច្បាប់​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រគល់​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ផង​។​
 
​ក្នុង​លិខិត​នោះ លោក ស៊ី បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​បញ្ចប់​ការចរចា​លើ​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​បាន​ដោយ​ផ្អែកលើ​គោលការណ៍​គោរព​គ្នា និង​រក្សា​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។ ក្នុង​លិខិត​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua មេដឹកនាំ​ចិន​បានលើកឡើង​ពី​ការប្រឹងប្រែង​របស់​មន្ត្រី​ចិន និង​អាមេរិក​ដែល​បាន​ជួបចរចា​ជាច្រើន ហើយ​បាន​បង្កើត​សមិទ្ធផល​ជាក់លាក់​លើ​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​។​
 
​ជុំវិញ​ការចរចា​នេះ លោក ត្រាំ និយាយ​ចំពោះមុខ​ឧបនាយករដ្ឋមន្ត្រី​ចិន ថា ភាគី​ទាំងពីរ​មាន​ពេល​៤​សប្ដាហ៍​ទៀត​ដើម្បី​ចរចា ហើយ​កិច្ចព្រមព្រៀង​ចុងក្រោយ​ដែល​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ផង​នោះ នឹង​បញ្ចប់​នៅ​ពីរ​សប្ដាហ៍​បន្ទាប់​។ ប្រសិនបើ​ដំណើរការ​ចរចា​ទៅមុខ​វិជ្ជមាន​បែបនេះ លោក ត្រាំ បន្ថែមថា លោក​នឹង​ជួប​លោក ត្រាំ តែម្ដង​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​។ ជំនួប​មេដឹកនាំ​នេះ នឹងធ្វើ​នៅ​អាមេរិក​។​
 
​ពី​សេត​វិមាន លោក ត្រាំ អង្គុយ​ក្បែរ​ដោយ​លោក លីវ ហឺ ដែល​នេះ​ខុសពី​ជំនួប​លើក​មុនពេល​មន្ត្រីជាន់ខ្ពស់​ចិន​រូបនេះ​អង្គុយ​ទល់មុខ​ប្រធានាធិបតី​អាមេរិក​។ មេដឹកនាំ​អាមេរិក​ប្រាប់​អ្នកសារព័ត៌មាន​ពី​ក្នុង​បន្ទប់​ពងក្រពើ​ថា ការចរចា​ទៅមុខ​ដោយ​រលូន​ដោយ​អាមេរិក និង​ចិន​បាន​ឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​។ យ៉ាងណាមិញ លោក ត្រាំ មិន​និយាយ​អ្វី​ទាក់ទង​នឹង​ការប្រើប្រាស់​ពន្ធ​ជា​យុទ្ធសាស្ត្រ​ចរចា​ឡើយ ដោយ​លោក​នឹង​និយាយ​ត្រង់ៗ​ជាមួយ​លោក លីវ វិញ​។​
 
​ទោះ​ជាមាន​មេដឹកនាំ​ទាំងពីរ​មាន​ជំហរ​សុទិដ្ឋិនិយម​ច្រើនក្ដី បញ្ហា​រាំងស្ទះ​ក៏មាន​ដដែល​ក្នុង​ការចរចា​។ លោក Lighthizer ប្រធាន​ក្រុម​ចរចា​របស់​អាមេរិក​អះអាងថា មាន​បញ្ហាសំខាន់ៗ​ជាច្រើន​ដែល​ត្រូវ​ជជែក​គ្នា ប៉ុន្តែ​ភាព​រីកចម្រើន​មាន​ច្រើនជាងគេ​រំពឹងទុក​។ ដោយសារ​រឿងនេះ ទើប​អាមេរិក​សម្រេចចិត្ត​រក្សា​ទុក​ចំណាត់​ដាក់​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​បន្តទៀត ដើម្បី​ធានាថា ចិន​នឹង​អនុវត្តតាម​ពាក្យសន្យា​របស់ខ្លួន​៕
 

Tag:
 អាមេរិក​
  ចិន​
  ស៊ី ជិន​ភីង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com