ជាតិ
សង្គមជាតិ
ថ្នាក់លើ​ស៊ើបអង្កេត​រឿង​ប៉ូលិស​ជិត​៤០​នាក់ ដែល​សុំ​ឲ្យ​ដក​ស្នងការ​ស្វាយរៀង ចេញពី​តំណែង​
08, Apr 2019 , 4:51 pm        
រូបភាព
លោក កឹង ឃន ស្នងការខេត្តស្វាយរៀង។ រូបពីស្នងការខេត្តស្វាយរៀង
លោក កឹង ឃន ស្នងការខេត្តស្វាយរៀង។ រូបពីស្នងការខេត្តស្វាយរៀង
ដោយ: ថ្មីៗ
​មាន​ព័ត៌មាន​ចុះផ្សាយ​ថា ក្រុមនគរបាល​ជិត​៤០​នាក់ បានរួម​គ្នា​ប្តឹង​លោក កឹង ឃ​ន ស្នងការ​ខេត្តស្វាយរៀង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ពួកគេ បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​សំណើ​មួយទៀត ដាក់ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ដកស្នងការរូបនេះ ចេញពី​តំណែង​។


 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩ ថា លោក មិនទាន់​បានឃើញ​លិខិតផ្លូវការ​របស់​នគរ​បាល​ទាំង​នោះទេ​។ ប៉ុន្តែ លោក អះអាងថា លោក ក៏​បានឮ​និង​ឃើញ​ការចុះផ្សាយ​ព័ត៌មាន​នេះដែរ​។ 
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា «​ខ្ញុំ បាន​បញ្ជូន​ព័ត៌មាន​ហ្នឹង​ទៅ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ហើយ ហើយ​អគ្គស្នងការ​នគរបាល​ជាតិ ឆ្លើយថា​នឹង​ស៊ើប​សង្កេត​»​។ 
 
​ដោយសារតែ​មិនទាន់​ឃើញ​លិខិត​ឬ​សំណើ​ផ្លូវការ លោក ខៀវ សុភ័គ មិនអាច​បកស្រាយ​ឡើយ​ថា មូលហេតុ​អ្វី ទើប​នគរបាល​ទាំងនោះ នាំគ្នា​ប្តឹង​លោកស្នងការ​។ លោក គ្រាន់តែ​លើកឡើងថា ការគ្រប់គ្រង​តាម​ស្ថាប័ន​នីមួយៗ តែងតែមាន​អ្នក​ពេញចិត្ត​និង​អ្នក​មិន​ពេញចិត្ត​។​
 
​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឈ្មោះ KBN បាន​ចុះផ្សាយ​ថា នគរបាល​ទាំងនោះ ប្តឹង​លោក កឹង ឃ​ន ដែលជា​មេ​កើយ​របស់ខ្លួន គឺ​ដោយសារ​លោក កឹង ឃ​ន បាន​ប្រព្រឹត្ត​អំពើពុករលួយ​យូរ​ឆ្នាំ​មកហើយ គំរាមកំហែង​កូនចៅ បង្កើត​បក្សពួក​ជា​ប្រព័ន្ធ រួមទាំង​ដាក់​កូន​ខ្លួនឯង ឲ្យ​ធ្វើជា​ស្នងការរង​ថែមទៀត​។ 
 
​សារព័ត៌មាន​ថ្មីៗ ព្យាយាម​ហៅ​ទូរ​សព្ទ​ទៅ​លោក កឹង ឃ​ន ជាច្រើនលើក​ដែរ ដើម្បី​សុំ​ឲ្យ​លោក ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ តែ​លោក មិនបាន​លើក​ទូរ​សព្ទ​។ 
 
​កន្លងមក មាន​នគរបាល​ខេត្តស្វាយរៀង​ជាង​២០​នាក់ ធ្លាប់​រួមគ្នា​ប្តឹង​លោក កឹង ឃ​ន ម្តង​រួចមកហើយ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នេះ​។ លោក ខៀវ សុភ័គ និយាយថា «​រឿង​ហ្នឹង​ធ្លាប់​កើតមាន​ម្តង​ហើយ​»៕  
 

Tag:
 កឹង ឃ​ន​
  ខៀវ សុភ័គ​
© រក្សាសិទ្ធិដោយ thmeythmey.com