ជាតិ
សេដ្ឋកិច្ច
ដីអតីតអគារប៊ូលឌីង នឹងត្រូវសាងសង់គម្រោង Naga3 ក្នុងទំហំវិនិយោគជិត៤ពាន់លានដុល្លារ
× ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp បានប្រកាសគម្រោងសាងសង់ ណាហ្គា៣ លើដីអតីតអគារប៊ូលឌីង និងដីជាប់នោះ ក្នុងទំហំវិនិយោគប្រមាណជិត ៤ពាន់លានដុល្លារ។ នេះបើតាមព័ត៌មានក្នុងរបាយការណ៍ដែលក្រុមហ៊ុនដាក់ជូន ផ្សារហ៊ុនហុងកុង ក្នុងពេលថ្មីៗនេះ។
ក្រុមហ៊ុននេះបានឲ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍រួចហើយសម្រាប់គម្រោង Naga3 ដែលមានអគារ ៤ ប្លុក កម្ពស់៤២ជាន់លើអតីតដីអគារប៊ូលឌីង ទំហំ ៧៧៥៧ម៉ែត្រក្រឡា កាលពីខែមិថុនាឆ្នាំ២០១៨។ តែក្រោយមកក្រុមហ៊ុនបានទិញដី ៩០៨០ម៉ែត្រក្រឡាជាប់នោះបន្ថែមទៀត ដូចនេះក្រុមហ៊ុនបានស្នើ និងទទួលយល់ព្រមជាគោលការណ៍ជាលើកទី២ ឲ្យសាងសង់ Naga3 ដែលរួមមាន ៥ប្លុកអគារ ក្នុងកម្ពស់អតិបរមា ៦៦ជាន់ លើផ្ទៃដីគម្រោងសរុប ១៦៨៣៧ ម៉ែត្រក្រឡា សម្រាប់ធ្វើជាសណ្ឋាគារ អាផាតមិន និងកន្លែងកម្សាន្ត។
ក្រុមហ៊ុន NagaCorp ដែលកំពុងប្រតិបត្តិការ Naga1 និង Naga2 អះអាងថា Naga3 នឹងចូលរួមឲ្យក្រុមហ៊ុនខ្លួនកាន់តែឈានមុខទៀតក្នុងតំបន់ទៅលើប្រតិបត្តិការផ្នែកល្បែងស៊ីសង និងសេវាកម្មផ្សេងៗ។ ក្រុមហ៊ុនបានប្រកាសទំហំវិនិយោគប្រមាណ ៣,៨ ទៅ ៤ពាន់លានដុល្លារ សម្រាប់គម្រោង Naga3 ទាំងមូល។ ហើយគម្រោង Naga3 នេះក៏មានការភ្ជាប់ផ្លូវក្រោមដីមក Naga1 និង Naga2 ផងដែរ។
គួរបញ្ជាក់ថា អគារប៊ូលឌីង ដែលមានពលរដ្ឋ ៤៩២គ្រួសាររស់នៅ ត្រូវបានវាយកម្ទេចចោលកាលពីឆ្នាំ២០១៧ បន្ទាប់ពីមានដំណោះស្រាយជូនអ្នករស់នៅទីនោះ ពីក្រុមហ៊ុនអចលនទ្រព្យ Arakawa និងជួយសម្របសម្រួលដោយរដ្ឋាភិបាល។ ពេលដំបូងរដ្ឋាភិបាល និងក្រុមហ៊ុននេះ បានប្រកាសផែនការចង់អភិវឌ្ឍន៍ទីតាំងនេះ ដោយមានការសាងសង់អគារ២១ជាន់ ក្រោមទុនវិនិយោគ ៨០លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com