ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តី មានបំណងឲ្យខ្មែរក្លាយជាសេដ្ឋីកាន់តែច្រើន
09, Apr 2019 , 7:14 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីប្រចាំឆ្នាំជាមួយសមាជិក-សមាជិកានៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីប្រចាំឆ្នាំជាមួយសមាជិក-សមាជិកានៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពរបស់ជនជាតិខ្មែរ លើការធ្វើជំនួញនិងធុរកិច្ច ដើម្បីកុំឲ្យចាញ់បរទេស។ ក្នុងពិធីពិសាអាហារសាមគ្គីប្រចាំឆ្នាំជាមួយសមាជិក-សមាជិកានៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញពីបំណងរបស់ខ្លួន ដែលចង់ឲ្យជនជាតិខ្មែរ ក្លាយជាសេដ្ឋីកាន់តែច្រើន។



សម្តេចនាយករដ្ឋមន្រ្តី ថ្លែងបែបនេះថា «ប្រទេសនីមួយៗ សុទ្ធតែចង់ឲ្យជនជាតិខ្លួន មានសេដ្ឋីច្រើន មានអ្នកមានច្រើន»។ សម្តេចនាយករដ្ឋមន្រ្តី សន្និដ្ឋានថា បច្ចុប្បន្ន ជនជាតិខ្មែរ ដែលមានប្រាក់ចាប់ពី២០លានដុល្លារឡើងទៅ មានមិនតិចនាក់ទេ ហើយអ្នក ដែលមានប្រាក់ចាប់ពី១លានដុល្លារឡើង គឺមានកាន់តែច្រើន។

សម្តេចនាយករដ្ឋមន្ត្រី បន្តយ៉ាងដូច្នេះថា «យើងត្រូវ ពង្រឹងសមត្ថភាពនៃជនជាតិខ្មែររបស់យើង ដើម្បីបន្តបណ្តាក់ទុននៅទីនេះ ដោយមិនយកប្រាក់ទាំងនោះ ទៅដាក់ទុននៅក្រៅប្រទេស ដូចអតីតកាលទេ។ ពេលមានហានិភ័យ មានតែអ្នកវិនិយោគក្នុងស្រុកនេះហើយ ដែលជាអ្នកស្លាប់រស់ជាមួយនឹងទឹកដីកំណើតរបស់ខ្លួន»។

និយាយបែបនេះ មិនមែនមានន័យថា កម្ពុជា នឹងមានចលាចលឬអសន្តិសុខកើតឡើងនោះទេ។ ប្រមុខរដ្ឋាភិបាល បន្ថែមពាក្យបែបនេះតាមក្រោយ ដើម្បីកុំឲ្យអ្នកវិយោគបរទេស បារម្ភពីស្ថានការណ៍នៅកម្ពុជា។ ប្រមុខរដ្ឋាភិបាល សុំឲ្យអ្នកវិនិយោគជឿជាក់លើរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសភាពការណ៍និងការរក្សាសន្តិភាព។

លើសពីនេះ មេដឹកនាំកម្ពុជា ក៏បានបញ្ជាក់ដែរថា កម្ពុជា មិនរើសអើងអ្នកវិនិយោគបរទេសឡើយ។ មេដឹកនាំរូបនេះ ស្វាគមន៍ចំពោះអ្នកវិនិយោគពីគ្រប់បណ្តាប្រទេស ដែលចង់មករកស៊ីនៅកម្ពុជា៕

Tag:
 ហ៊ុន សែន​
  អ្នកវិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com