អន្តរជាតិ
អឺរ៉ុប យកស្ទីលអាមេរិកទៅប្រើក្នុងការចរចាជាមួយចិន មេដឹកនាំចិន និងអឺរ៉ុបក្នុងសន្និសីទសារព័ត៌មាន។ (រូបភាព AFP)
× ជំនួបកំពូលអឺរ៉ុប-ចិន បានបញ្ចប់ទៅនៅថ្ងៃទី៩ ខែមេសា នៅទីក្រុងព្រុចសែល។ ជំនួបកំពូលលើកនេះ ធ្វើឡើងក្នុងបរិយាកាសមិនសូវល្អប៉ុន្មានឡើយ ទោះជាចុងក្រោយភាគីទាំងពីរអាចចេញសេចក្ដីថ្លែងការណ៍រួមគ្នាក្ដី។ ជារឿងកម្រ អឺរ៉ុបបានបង្ហាញជំហររឹងត្អឹងដាក់ចិន និងបានដាក់សម្ពាធយ៉ាងខ្លាំងក្នុងពេលចរចាដើម្បីទាមទារឲ្យចិនអនុវត្តតាមការចង់បានរបស់ខ្លួន។ អឺរ៉ុបទំនងជាមើលឃើញយុទ្ធសាស្ត្រអាមេរិកដែលប្រើក្នុងការចរចាជាមួយចិននាពេលកន្លងមក។
ពីរថ្ងៃមុនជំនួបអឺរ៉ុប-ចិនលើកទី២១ ដែលធ្វើនៅថ្ងៃទី៩ ខែមេសា អ្នកការទូតចិន និងអឺរ៉ុបបានព្យាយាមយ៉ាងខ្លាំងដើម្បីត្រៀមសេចក្ដីថ្លែងការណ៍រួមដែលប្រកាសក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីចិន លី ខឹឈាំង និងប្រធានក្រុមប្រឹក្សា ដូណាល់ ទូស និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ ។ អ្នកចរចាអឺរ៉ុបត្រូវបានរាយការណ៍ថា បានគំរាមដើរចេញពីតុចរចា បើចិនមិនព្រមធ្វើតាមការទាមទាររបស់ខ្លួនជុំវិញការបញ្ចូលពាក្យពេជន៍ស្ដីពីការកែទម្រង់ទីផ្សារចិននោះ។
ការបញ្ចេញជំហរក្លាហានរបស់អឺរ៉ុប ជារឿងកម្រ តែវាបង្ហាញពីការអត់ភាពអត់ធ្មត់របស់អឺរ៉ុបក្នុងការចរចាជាមួយចិនដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអឺរ៉ុបរកស៊ីនៅទឹកដីចិនដោយស្រួល ដូចដែលក្រុមហ៊ុនចិនរកស៊ីនៅតំបន់អឺរ៉ុបដែរ។ អឺរ៉ុប ក៏ខកចិត្តមិនតិចឆ្នាំដែរក្នុងការរង់ចាំការធ្វើកំណែទម្រង់ទីផ្សារពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងដូចបានសន្យាកន្លងមក។
ជាមួយការប្រកាន់ជំហរតឹងរ៉ឹពីសំណាក់អឺរ៉ុប តំណាងចរចារបស់ចិនបានព្យាយាមធ្វើសម្បទានវិញដែរ។ នេះបើតាមការផ្សាយរបស់កាសែត South China Morning Post ដែលបន្តថា ចិនចង់បានការប្រកាសសេចក្ដីថ្លែងការណ៍នេះខ្លាំងជាងអឺរ៉ុប ទោះមានន័យត្រឹមជានិមិត្តរូបក្ដី។ លើសពីនោះ ក្រុមចរចារបស់អឺរ៉ុប ក៏ទាមទារឲ្យសមភាគីចិនរបស់ខ្លួន រកការយល់ព្រមឲ្យម៉ឺងម៉ាត់ពីមេដឹកនាំជាន់ខ្ពស់របស់ពួកគេទៀតផង។
ការទាមទាររបស់អឺរ៉ុប ពិតជាទទួលបានផ្លែផ្កាខ្លះមែន។ នាសន្និសីទសារព័ត៌មានក្រោយជំនួបលើកទី២១ លោកនាយករដ្ឋមន្ត្រី លី បានបង្ហាញកាលបរិច្ឆេទដែលចិននឹងអនុវត្តកំណែទម្រង់របស់ខ្លួនលើដំបូង។ លោក លី និយាយថា នៅត្រឹមដំណាច់ឆ្នាំ២០១៩ ចិននិងអឺរ៉ុប នឹងយល់ព្រមលើបញ្ជីទំនិញសម្គាល់ភូមិសាស្ត្រ ដែលនេះជាការទាមទារមួយរបស់អឺរ៉ុបសំដៅការពារទំនិញរបស់ខ្លួន។ លើសពីនោះ ចិនក៏យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយអឺរ៉ុបដែរ។
ក្នុងសន្និសីទដដែល នាយករដ្ឋមន្ត្រីចិនចាត់ទុកសេចក្ដីថ្លែងការណ៍រួមគ្នា មិនត្រឹមតែជាក្រដាសបង្ហាញព័ត៌មានឡើយ តែវាជាការជំរុញចិត្តចិនឲ្យបើកចំហ និងកែទម្រង់កាន់តែខ្លាំង ហើយវានាំដល់ការរួបរួម និងការរីកចម្រើននៅអឺរ៉ុបទៀតផង។ លោកក៏ប្រកាសថា ចិននិយាយអ្វី គឺធ្វើដូចនោះ ហើយនៅពេលធ្វើការងារ ប្រាកដជាបានផលមិនខាន៕
Tag:
អឺរ៉ុប
ចិន
អាមេរិក
លី ខឹឈាំង
© រក្សាសិទ្ធិដោយ thmeythmey.com