ជាតិ
Brexit៖ មេដឹកនាំ​អឺរ៉ុប យល់ព្រម​ពន្យារពេល​ចាកចេញ​របស់​អង់គ្លេស​ចំនួន​៦​ខែ​ទៀត​
11, Apr 2019 , 9:39 pm        
រូបភាព
​បណ្ដា​មេដឹកនាំ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១១ ខែមេសា ឯកភាពគ្នា​លើក​ពេល​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​ចំនួន​៦​ខែ​ទៀត​។ ការពន្យារពេល នឹង​ទុកពេល​ឲ្យ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ដើម្បី​រក​ផ្លូវ​រក​ការគាំទ្រ​ពីរ​ដ្ឋ​សមាជិក​លើ​កិច្ចព្រមព្រៀង​ចាកចេញ បន្ទាប់ពី​សមាជិក​បដិសេធ​បី​ដង​ហើយ​នោះ​។ អឺរ៉ុប​ផ្ទាល់ ក៏​ចង់​បានការ​លែងលះ​ជាមួយ​អង់គ្លេស​ធ្វើ​ទៅដោយ​ស្រួល​បូល​ដែរ ទើប​លើក​ពេល​ម្ដង​ជា​ពីរដង​បែបនេះ​។​

 
​រដ្ឋាភិបាល​អង់គ្លេស នឹង​ពេល​ដល់​ថ្ងៃទី​៣១ ខែតុលា ដើម្បី​ស្វែងរក​ការគាំទ្រ​ពីស​ភា​លើ​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​មុន​ការចាកចេញ​ផ្លូវការ​។ នេះ​បើតាម​លទ្ធផល​កិច្ចប្រជុំ​រវាង​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ និង​មេដឹកនាំ​អឺរ៉ុប​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃទី​១១ ខែមេសា​។ មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប យល់ព្រម​លើក​ពេល​៦​ខែ​ទៀត ខណៈ​លោកស្រី ម៉េ​យ៍ សុំ​ពេល​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា​ដើម្បី​ជជែក​ជាមួយ​អ្នកនយោបាយ​អង់គ្លេស​លើ​ការចាកចេញ​នេះ​។​
 
​បើតាម​ការព្រមព្រៀង​ថ្មី​នេះ បើ​អង់​គ្លស​នៅតែ​មិនទាន់​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២២ ខែឧសភា​ទេ អង់គ្លេស​នឹងត្រូវ​ចូលរួម​ការបោះឆ្នោត​សមាជិកសភា​អឺរ៉ុប​នៅ​ថ្ងៃទី​២៣ ខែឧសភា តែបើ​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​ទេ ត្រូវ​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី​១ ខែមិថុនា​។ ជា​មួយពេល​ពេលវេលា​នេះ លោកស្រី ម៉េ​យ៍ ប្រកាសថា នឹង​ព្យាយាម​បំពេញការងារ​ឲ្យ​ទាន់ពេល​ដើម្បី​ទទួលបាន​ការយល់ព្រម​ពីស​ភា ព្រោះ​លោកស្រី​ក៏​ចង់​ដឹក​ដៃ​អង់គ្លេស​ចេញ​ឲ្យ​បាន​លឿន​ដែរ​។​
 
​តាមពិតទៅ បើ​គ្មាន​ការលើក​ពេលនេះ​ទេ សមាជិកភាព​របស់​អង់គ្លេស​នៅ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​១២ ខែមេសា​តែម្ដង​។ កាលបរិច្ឆេទ​ផ្លូវការ​លើកដំបូង​ដែល​អង់គ្លេស ត្រូវ​ចាកចេញ គឺ​ថ្ងៃទី​២៩ ខែមីនា ប៉ុន្តែ​ដោយសារ​លោកស្រី ម៉េ​យ៍ មិនអាច​ទទួលបាន​កា​រ​គាំទ្រ​ពី​សមាជិកសភា​បាន​នោះ ទើប​សុំ​អឺរ៉ុប​ពន្យារពេល​។ យ៉ាងណាមិញ ក្រោយ​ការលើក​ពេល​ម្ដង​ហើយ​នោះ នាយករដ្ឋមន្ត្រី​រូបនេះ​នៅតែ​មិនអាច​សុំ​ភ្លើង​ខៀវ​ពីស​ភា​បាន​ដដែល​។​
 
​ដោយសារតែ​កាលៈទេសៈ​មិន​អំណោយផល អង់គ្លេស​ក៏​ត្រៀមខ្លួន​សម្រាប់​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​សភា​អឺរ៉ុប​ផងដែរ​។ ប៉ុន្តែ​លោកស្រី ម៉េ​យ៍ សង្ឃឹមថា ប្រជាជន​អង់គ្លេស​នឹងមិន​ចាំបាច់​ចូលរួម​ឡើយ ហើយ​លោកស្រី​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​សភា​ឲ្យ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល និង​អឺរ៉ុប​នៅត្រឹម​ថ្ងៃទី​២២ ខែឧសភា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការលើក​ពេល​របស់​អឺរ៉ុប នឹង​រលាយ​ទៅវិញ បើ​កិច្ចព្រមព្រៀង​ចាកចេញ​ត្រូវបាន​សភា​ផ្ដល់​សច្ចាប័ន​។​
 
​អ្វីដែល​លោកស្រី ម៉េ​យ៍ បន្ទាប់ពី​ជួប​មេដឹកនាំ​អឺរ៉ុប គឺ​ត្រូវ​ជួប​អ្នកនយោបាយ​អង់គ្លេស​វិញ​ម្ដង​។ លោកស្រី នឹង​ជជែក​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង Jeremy Corbyn ដើម្បី​ស្វែងរក​ច្រកចេញ​។ ប៉ុន្តែ​សមាជិក​មានគំនិត​អភិរក្សនិយម​របស់​ប​ក្ស​លោកស្រី បានដាក់​សម្ពាធ​ខ្លាំង​លើ​លោកស្រី ខ្លាចក្រែង​នាយករដ្ឋមន្ត្រី​រូបនេះ​ធ្វើ​សម្បទាន​ដល់​បក្សប្រឆាំង​៕ 
 

Tag:
 Brexit
  អឺរ៉ុប​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com