អន្តរជាតិ
ផុតពីមេដឹកនាំផ្ដាច់ការ ស៊ូដង់ ធ្លាក់ចូលកណ្ដាប់ដៃយោធាវិញម្ដង ប្រធានក្រុមប្រឹក្សាយោធាស៊ូដង់ Awad Ibnouf (រូបភាព Xinhua)
× ប្រធានាធិបតីចាស់វស្សារបស់ស៊ូដង់ អូម៉ា អាល់-បាសៀ (Omar al-Bashir) ត្រូវបានក្រុមយោធាទម្លាក់ចេញពីអំណាចក្រោយការធ្វើបាតុកម្មទាមទាររបស់ប្រជាជនជាច្រើនខែមក។ ទោះលោក អាល់-បាសៀ អស់អំណាចមែន ប្រជាជនស៊ូដង់បែរជាត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់យោធាទៅវិញ។ រដ្ឋមន្ត្រីការពារជាតិស៊ូដង់ Awad Ibnouf ប្រកាសថា លោកដឹកនាំរដ្ឋាភិបាលយោធាចំនួន២ឆ្នាំសិន។ ការប្រកាសនេះ ធ្វើឲ្យការតវ៉ានៅតែបន្តធ្វើឡើង ទោះរបបយោធារឹតត្បិតសេរីភាពដើរហើរក៏ដោយ។
ក្ដាប់អំណាចពេញដៃ៣០ឆ្នាំ រជ្ជកាលលោក អូម៉ា អាល់-បាសៀ ប្រធានាធិបតីស៊ូដង់ បានបិទបញ្ចប់នៅថ្ងៃទី១១ ខែមេសា។ លោក អាល់-បាសៀ ដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ១៩៨៩ ត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង ស្របគ្នានឹងការតវ៉ាតាមដងផ្លូវរបស់ប្រជាជនស៊ូដង់ជាច្រើនខែមកនេះ។ មេដឹកនាំយោធានិយាយថា លោក អាល់-បាសៀ ត្រូវបានចាប់ឃុំខ្លួនក្នុងកន្លែងមានសុវត្ថិភាពមួយ។
រដ្ឋមន្ត្រីការពារជាតិស៊ូដង់ Awad Ibnouf បានប្រកាសព័ត៌មានពីការទម្លាក់លោក អាល់-បាសៀ ចេញពីអំណាចតាមកញ្ចក់ទូរទស្សន៍។ លោក Ibnouf ដែលត្រូវបានលោក អាល់-បាសៀ តែងតាំងជាអនុប្រធានាធិបតីកាលពី៦សប្ដាហ៍មុន បានស្បថចូលកាន់តំណែងប្រធានក្រុមប្រឹក្សាយោធា ដែលជំនួសរដ្ឋាភិបាលចាស់។ ក្រុមប្រឹក្សានេះ នឹងដឹកនាំស៊ូដង់រយៈពេលពីរឆ្នាំ។ ក្រោយក្ដាប់អំណាចហើយ យោធាបានព្យួររដ្ឋធម្មនុញ្ញ និងអនុវត្តបម្រាមគោចររយៈពេលមួយខែ។
លើសពីនោះ មេដឹកនាំយោធាថ្មី ក៏ប្រកាសបិទដែនអាកាស ដែនគោករបស់ស៊ូដង់រយៈពេល២៤ម៉ោងរហូតដល់មានការណែនាំថ្មី។ តំណែងប្រធានាធិបតី អនុប្រធានាធិបតី គណៈរដ្ឋមន្ត្រី និងសភាផងនោះ ត្រូវបានរំលាយចោលទាំងអស់ លើកតែតំណែងអនុរដ្ឋលេខាធិការដែលបន្តធ្វើការចាំបាច់នានា។
ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិរូបនេះ ធ្វើឲ្យប្រជាជនស៊ូដង់ខឹងសម្បារយ៉ាងខ្លាំង ហើយស្នើឲ្យផ្ដល់អំណាចទៅរដ្ឋាភិបាលស៊ីវិលវិញ។ តាមពិតទៅ បាតុករជាច្រើន បានប្រមូលផ្ដុំគ្នាតាមផ្លូវតាំងពីខែធ្នូមក ដោយផ្ដើមពីការទាមទារឲ្យមានដំណោះស្រាយលើបញ្ហាសង្គមរហូតក្លាយជាការទាមទារឲ្យលោក អាល់-បាសៀ ចុះចេញពីតំណែង។ ក្រុមបាតុករបានស្នើឲ្យយោធាឈរនៅខាងខ្លួនដើម្បីទម្លាក់ប្រធានាធិបតីរបស់ខ្លួនទៀតផង។
ការផ្ដួលរំលំរបបដឹកនាំលោក អាល់-បាសៀ ពេលនេះ ប្រែក្លាយទៅជាការខកចិត្តទៅវិញ។ អាមេរិក បានស្នើឲ្យក្រុមយោធាចែករំលែកអំណាចខ្លះទៅឲ្យមន្ត្រីស៊ីវិល និងទុកឱកាសឲ្យប្រជាជនសម្រេចចិត្តពីមេដឹកនាំថ្មីរបស់ពួកគេ។ ចំណែកឯសហភាពអឺរ៉ុបវិញ ក៏បានស្នើឲ្យក្រុមប្រឹក្សាយោធាផ្ទេរអំណាចទៅឲ្យក្រុមប្រឹក្សាស៊ីវិលឲ្យបានឆាប់វិញដែរ ខណៈសហភាពអឺរ៉ុបចាត់ទុកសកម្មភាពរបស់យោធា ជារឿងមិនត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាប្រឈមនៅស៊ូដង់៕
Tag:
អាហ្វ្រិក
ស៊ូដង់
Omar al-Bashir
© រក្សាសិទ្ធិដោយ thmeythmey.com