អន្តរជាតិ
លោក ត្រាំ ស្នើលោក មូន ទៅសួរជំហរកូរ៉េខាងជើងរឿងជំនួបលើកទីបី
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែមេសា បានជួបជាមួយសមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន ដើម្បីជជែកពីបញ្ហាកូរ៉េខាងជើងដែលកំពុងជាប់គាំង។ លោក មូន ប្រាប់លោក ត្រាំ ថា បញ្ហាពេលនេះ គឺរក្សាបរិយាកាសសន្ទនាឲ្យបានល្អដើម្បីបន្តការជជែកគ្នារឿងរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ចំណែកលោក ត្រាំ បានបង្ហាញជំហរចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងម្ដងទៀត ក្រោយជំនួបលើកទីពីរនៅវៀតណាមបរាជ័យ។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានទៅជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដល់សេតវិមានក្នុងគោលដៅស្វែងរកច្រកចេញនៃវិបត្តិនុយក្លែអ៊ែរកូរ៉េខាងជើង។ សំណុំរឿងមួយនេះ បានជាប់គាំងអត់ដំណើរការក្រោយជំនួបនៅវៀតណាមរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បរាជ័យ។ ទាំងអាមេរិក និងទាំងកូរ៉េខាងជើងសុទ្ធតែដាក់លក្ខខណ្ឌដែលភាគីម្ខាងៗមិនអាចធ្វើសម្បទានឲ្យវិញបាន។
នាជំនួបថ្ងៃទី១១ ខែមេសា មេដឹកនាំអាមេរិក និងកូរ៉េខាងត្បូង បានអះអាងជាថ្មីពីកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តទាំងពីរនេះដើម្បីសម្រេចឲ្យបានគោលដៅរួមក្នុងការរំសាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាពអចិន្ត្រៃយ៍ផង។ លោក មូន និយាយថា កិច្ចការសំខាន់ពេលនេះ គឺការបន្តបរិយាកាសជជែកគ្នាបន្តទៀត ហើយលោកក៏បង្ហាញគំនិតវិជ្ជមានជុំវិញលទ្ធភាពនៃជំនួបមេដឹកនាំអាមេរិក-កូរ៉េខាងជើងលើកទីបីផង។
ជុំវិញជំនួបលើកទីបីនេះ លោក ត្រាំ ផ្ទាល់ មិនមានគំនិតជំទាស់អ្វីទេ តែលោកក៏មិនប្រញាប់ជួបលោក គីម ដែរ ព្រោះទើបជួបគ្នាកាលពីខែកុម្ភៈ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ប្រធានាធិបតីអាមេរិកលើកឡើងថា ជំនួបលើកទីបីអាចនឹងកើតឡើង តែវានឹងកើតជាជំហានៗ មិនមែនអាចលឿនបានទេ។ លោក ត្រាំ ក៏ឆ្លៀតរំឭកពីទំនាក់ទំនងជាមួយលោក គីម ដែលនៅតែល្អដដែល ហើយបានស្នើឲ្យលោក មូន ទៅស្ទាបស្ទង់ជំហររបស់លោក គីម ជាមុនសិន។
មន្ត្រីកូរ៉េខាងត្បូងបង្ហើបថា លោក មូន អាចនឹងជួបជាមួយលោក គីម ឲ្យបានឆាប់តាមតែអាចធ្វើបានដើម្បីជជែកពីបញ្ហារ៉ាំរ៉ៃនៅឧបទ្វីបកូរ៉េ។ មេដឹកនាំកូរ៉េទាំងពីរនេះ ជួបគ្នាបីដងរួចហើយតាំងពីលោក មូន ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងមក។ លោក មូន តែងជួបមេដឹកនាំកូរ៉េខាងជើងមុនជំនួបមេដឹកនាំអាមេរិក-កូរ៉េខាងជើង។
បន្ទាប់ស្បថចូលកាន់តំណែងប្រធានាធិបតី លោក មូន ចាត់ទុកបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ជាចំណុចសំខាន់នៃគោលនយោបាយការបរទេសរបស់ខ្លួន។ ការព្យាយាមរបស់លោកបានទទួលផលខ្លាំងរហូតដល់លោក ត្រាំ ជួបលោក គីម ជាលើកដំបូងក្នុងខែមិថុនា ឆ្នាំ២០១៨ ។ យ៉ាងណាមិញ បរាជ័យនៃជំនួបខែកុម្ភៈ ធ្វើឲ្យលោក មូន រងការរិះគន់ខ្លាំង៕
Tag:
អាមេរិក
កូរ៉េខាងត្បូង
កូរ៉េខាងជើង
ដូណាល់ ត្រាំ
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com