ជាតិ
អ្នកភ្នំពេញ! កុំភ្លេចមកលេង «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវត្តភ្នំ
× ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេសផ្ដល់ជូនការកម្សាន្តដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ មេសានេះ។ «សង្ក្រាន្តវត្តភ្នំ» មានកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមាន៖ ការលេងល្បែងប្រជាប្រិយ, ការប្រគំតន្ត្រីសម័យ និងការសម្ដែងសិល្បៈបុរាណ។
នេះជាឆ្នាំទី៣ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ»។ «សង្ក្រាន្តវត្តភ្នំ» រៀបចំឡើងក្នុងគោលបំណងបង្កើនការភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនផ្ដល់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាទីតាំងព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» នឹងចាប់លេងល្បែងប្រជាប្រិយពីម៉ោង ៨៖៣០ព្រឹក ដល់ម៉ោង ៥៖៣០ល្ងាច។ ដោយឡែកពីម៉ោង៥៖៣០ល្ងាច ដល់ម៉ោង៨៖៣០យប់ នឹងមានការប្រគំតន្ត្រី រួមទាំងការសម្ដែងសិល្បៈបុរាណផ្សេងៗ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០១៨ មានប្រជាពលរដ្ឋចូលរួមកម្សាន្តជាង ៥ម៉ឺននាក់ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ៕
Tag:
ចូលឆ្នាំ
សង្ក្រាន្តវត្តភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com