ជាតិ
ចូលឆ្នាំ៖ ពលរដ្ឋ៥លាននាក់ទៅលេងសង្ក្រាន្តតាមខេត្ត និង៣លាននាក់ទៅវត្តអារាម និងទីប្រជុំជន
× ភ្នំពេញ៖ សង្ក្រាន្តរយៈពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៨លាននាក់ បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរនីមួយៗ នៅតាមបណ្ដាខេត្ត។ តួលេខនេះ បង្ហាញថាភ្ញៀវទេសចរក្នុងពិធីសង្ក្រាន្ត មានការកើនឡើង៧០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើតាមតួលេខផ្លូវការរបស់ក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង៨លាននាក់នេះ គឺមានភ្ញៀវ៥លាននាក់ បានធ្វើដំណើរទៅតាមរមណីយដ្ឋាន និងទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្ត តាមបណ្ដាខេត្តនានា។ ចំណែកពលរដ្ឋ៣លាននាក់ទៀត បានធ្វើដំណើរទៅកាន់គោលដៅបន្ទាប់បន្សំនានា ដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជនជាដើម។
បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានចំនួនសរុប៥,៧៣៨,៤៤១នាក់ កើនឡើង៧០,០៧ភាគរយ ។ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥,៦៨១,៣៥៥នាក់ កើនឡើង៧១,៤២ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ១០៨,១០៦នាក់ កើនឡើង១០៣,២៩ភាគរយ។
ត្រង់ចំណុចនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា ការចូលរួមកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋនេះ គឺបានបញ្ជាក់កាន់តែច្បាស់ថា ប្រជាពលរដ្ឋពេញចិត្ត នឹងសភាពការណ៍ប្រទេសជាតិបច្ចុប្បន្ន។
តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ បានស្រង់សម្ដីរដ្ឋមន្ត្រី មកសរសេរដូច្នេះថា៖«គ្រប់ទីកន្លែង មិនថាតាមរមណីយដ្ឋាន ទេសចរណ៍ ប៉ុន្តែតាមវត្តអារាម សាលារៀន តាមភូមិ តាមផ្ទះសំបែង គឺគ្រប់គ្រួសារសុទ្ធតែបានចូលរួមយ៉ាងសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិរបស់ខ្លួនប្រកបដោយស្មារតីគោរពស្រឡាញ់ប្រពៃណីវប្បធម៌របស់ខ្លួន មានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ ប្រពៃណីជាតិ ស្គាល់តម្លៃបរិស្ថាន ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ទេសចរជាតិនិងអន្តរជាតិ សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ »៕
Tag:
សង្ក្រាន្តឆ្នាំថ្មី
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com