អន្តរជាតិ
ក្រុមបាតុករស៊ូដង់ លែងចរចាជាមួយក្រុមយោធា ហើយបន្តតវ៉ាតាមផ្លូវ
× នៅស៊ូដង់ មេដឹកនាំបាតុករនៅថ្ងៃទី២១ ខែមេសា បានប្រកាសផ្អាកចរចាជាមួយក្រុមយោធាកំពុងកាន់អំណាច បន្ទាប់ពីយោធាមិនព្រមផ្ទេរអំណាចឲ្យក្រុមស៊ីវិលដើម្បីដឹកនាំប្រទេសវិញ។ ក្រុមបាតុករប្រឆាំង នឹងបន្តធ្វើការទាមទាររបស់ខ្លួនបន្តទៀតរហូតលក្ខខណ្ឌរបស់ពួកគេ ត្រូវបានគោរពដោយយោធា។ យោធាស៊ូដង់ដែលបញ្ចប់ការក្ដាប់អំណាច៣០ឆ្នាំរបស់លោក អូម៉ា អាល់-បាសៀ កំពុងដឹកនាំប្រទេសក្នុងរយៈពេលអន្តរកាលចំនួនពីរឆ្នាំ។
ផ្ដួលរលំមេដឹកនាំផ្ដាច់ការ អូម៉ា អាល់-បាសៀ បានមែន តែប្រជាជនស៊ូដង់ដែលងើបតវ៉ាមិនទាន់បញ្ចប់ភារកិច្ចរបស់ខ្លួននៅឡើយទេ។ ក្រុមបាតុករ បានទាមទារឲ្យក្រុមប្រឹក្សាយោធាដែលធ្វើរដ្ឋប្រហារទម្លាក់លោក អាល់-បាសៀ តាមការទាមទាររបស់ប្រជាជន ឲ្យប្រគល់អំណាចទៅក្រុមប្រឹក្សាស៊ីវិលជាបន្ទាន់។ ក្រុមបាតុករ ក៏មានផែនការបង្ហាញមុខមេដឹកនាំស៊ីវិលថ្មីដែលត្រូវដឹកនាំប្រទេសជំនួសក្រុមប្រឹក្សាយោធាទៀតផង។
យ៉ាងណាមិញ ក្រុមយោធាកាន់អំណាច មិនបានធ្វើតាមការទាមទាររបស់ក្រុមបាតុករឡើយ។ មិនសប្បាយចិត្តនឹងភាពរឹងទទឹងរបស់យោធា តំណាងក្រុមបាតុករ ក៏ប្រកាសលែងចរចាជាមួយយោធាតែម្ដង។ លើសពីនោះ បាតុករ នឹងបន្តការតវ៉ាដោយអង្គុយតាមដងផ្លូវរយៈពេលច្រើនសប្ដាហ៍ទៀតដើម្បីដាក់សម្ពាឌឲ្យយោធាបោះបង់អំណាច។ អ្នកតវ៉ាក៏ថែមទាំងចោទក្រុមយោធាថា ធ្វើសកម្មភាពមិនខុសពីរបបលោក អាល់-បាសៀ ឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំបាតុករម្នាក់ឈ្មោះ Wagdi Saleh បានបន្ទោសយោធាដែលពន្យារពេលបញ្ចេញសមាសភាពក្រុមប្រឹក្សាស៊ីវិលដែលត្រូវដឹកនាំប្រទេស។ ប៉ុន្តែលោក Saleh អះអាងថា ក្រុមយោធាសុំពេលពិចារណាលើលក្ខខណ្ឌរបស់បាតុករដែលមានជាងមួយរយលក្ខខណ្ឌឯណោះ ព្រោះបក្សនយោបាយជាច្រើនក៏ដាក់សំណើទៅឲ្យយោធាដែរ។
ជុំវិញការផ្ទេរអំណាចទៅឲ្យក្រុមប្រឹក្សាស៊ីវិលនេះ ប្រមុខរបបយោធាស៊ូដង់ ឧត្តមសេនីយ៍ Abdel Fattah al-Burhan បានប្រកាសពីជំហររបស់ខ្លួនក្នុងការប្រគល់អំណាចឲ្យប្រជាជន និងសន្យាពិនិត្យមើលលក្ខខណ្ឌរបស់បាតុករក្នុងរយៈពេលមួយសប្ដាហ៍។ ប៉ុន្តែលោកបានរិះគន់ការធ្វើបាតុកម្មរបស់ប្រជាជនស៊ូដង់ ដែលបានបិទផ្លូវចរាចរណ៍ និងត្រួតពិនិត្យការធ្វើដំណើររបស់អ្នកផ្សេងដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។
មុនផ្អាកការចរចា មេដឹកនាំយោធា និងក្រុមបាតុករបានជួបគ្នាដើម្បីពិភាក្សាពីទម្រង់របស់ក្រុមមប្រឹក្សាស៊ីវិល ដែលគ្រោងកាន់អំណាចចំនួន៤ឆ្នាំសិន មុននឹងរៀបចំការបោះឆ្នោតទូទៅដើម្បីជ្រើសរើសមេដឹកនាំថ្មី។ មេដឹកនាំប្រឆាំង ចង់ឲ្យយោធាកំណត់កាលបរិច្ឆេទប្រគល់អំណាចឲ្យច្បាស់ ដើម្បីបញ្ចៀសការអូសបន្លាយបញ្ហា ប៉ុន្តែខាងក្រុមយោធាហាក់មិនចង់ផ្ទេរអំណាចឲ្យស៊ីវិលភ្លាមៗឡើយ ខណៈស្ថានការណ៍មិនទាន់ថមថយកម្ដៅនៅឡើយ៕
Tag:
ស៊ូដង់
Omar Al-Bashir
© រក្សាសិទ្ធិដោយ thmeythmey.com