ជាតិ
​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ សម្លាប់​មនុស្ស​ជាង​១០​នាក់ បើ​គិត​ចាប់ពី​ដើមឆ្នាំ​មក​
23, Apr 2019 , 6:29 am        
រូបភាព
 ខ្យល់កន្ត្រាក់​រលំផ្ទះនៅក្នុងខេត្តឧត្តរមានជ័យ។ រូបថត Khoeuy Khoeut
ខ្យល់កន្ត្រាក់​រលំផ្ទះនៅក្នុងខេត្តឧត្តរមានជ័យ។ រូបថត Khoeuy Khoeut
គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ កើតឡើង​ក្នុងប្រទេស​កម្ពុជា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជិត​៤០​នាក់ ហើយ​ខូចខាត​ផ្ទះ​ប្រមាណ​២៣០០​ខ្នង​។ នេះ​បើតាម​របាយការណ៍​ចន្លោះ​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​២២ ខែមេសា​។​



​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា រយៈពេល​៤​ខែ​ចុង​ក្រោយនេះ ខ្យល់​កន្ត្រាក់ បាន​កើតឡើង​ចំនួន​៨៣​ករណី​នៅ​២៣​រាជធានី​-​ខេត្ត លើកលែងតែ កំពត និង​ត្បូងឃ្មុំ​។

​លោក​បាន​បញ្ជាក់ថា មនុស្ស​ស្លាប់​ម្នាក់ ដោយសារ​ខ្យល់​កន្ត្រាក់ ហើយ​រលំ​ផ្ទះ​សង្កត់​លើ និង​៨​នាក់​ទៀត​រងរបួស​។ ផ្ទះ​ពលរដ្ឋ​បាន​រលំ និង​ខូចខាត​ធ្ងន់ធ្ងរ ៣៨៩​ខ្នង របើក​ដំបូល និង​ខូចខាត​មធ្យម​១៩០០​ខ្នង ក្រៅពីនេះ ទីតាំង​ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់ព្យុះ​មាន កន្លែង​លក់ដូរ​តាម​ឆ្នេរ កសិដ្ឋាន រោង​ម៉ាស៊ីនកិនស្រូវ សាលាឆទាន សាលាស្រុក និង​មន្ទីរ​គណបក្ស​។​

​របាយការណ៍​ក៏​បង្ហាញ​ផងដែរ​ថា ចម្ការចេក​ប្រមាណ​៦០​ហិកតា ដើម​ធូ​រ៉េ​ន​ជាង​៤០០​ដើម និង​ដើម​មៀន​ជិត​៣​ពាន់​ដើម រង​ការខូចខាត ចំណែក​សត្វ​គោក្របី​ងាប់​១៦​ក្បាល​។  រីឯ​រន្ទះបាញ់ បានសម្លាប់​មនុស្ស​១២​នាក់ ១៧​នាក់​រងរបួស និង​ផ្ទះ​៤​ខ្នង​រង​ការខូចខាត​។​


​លោក កែវ វី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​រាល់ពេល​មាន​ភ្លៀង​ធ្លាក់ និង​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​រាល់​ព័ត៌មាន ​អំពី​ករណី​ផ្សេងៗ​របស់​ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម ដើ​ម្បើ​បាន​ត្រៀមខ្លួន​ដឹង​នូវ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើតមាន​៕


Tag:
 គ្រោះធម្ម​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com