អន្តរជាតិ
តម្លៃ​ប្រេង​ហក់​ឡើង ក្រោយ​រដ្ឋបាល ត្រាំ ប្រកាស​ដាក់ទណ្ឌកម្ម​ប្រទេស​ទិញ​ប្រេង​អ៊ីរ៉ង់​
23, Apr 2019 , 10:27 am        
រូបភាព
​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ បាន​ហក់​ឡើង​ខ្ពស់ បន្ទាប់ពី​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​។ បច្ចុប្បន្ន ប្រទេស​ចំនួន​៨ បានទទួល​បានការ​អនុគ្រោះមិនដាក់ទណ្ឌកម្មពី​អាមេរិក ហើយ​អាច​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ក្នុង​បរិមាណ​ទាប​។ គម្រោង​របស់​អាមេរិក ធ្វើ​ឲ្យ​មានការ​បារម្ភ​ពី​ការធ្លាក់ចុះ​ការផ្គត់ផ្គង់​ប្រេង​សាកល​ព្រោះ​អ៊ីរ៉ង់​ជា​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​មួយ​។ ប៉ុន្តែ​អាមេរិក​ធានាថា សម្ព័ន្ធមិត្ត​ខ្លួន​នឹង​បំពេញ​ការខ្វះខាត​ទាំងនេះ​។​

 
​ក្នុងទិសដៅ​បិទ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ទាំងស្រុង អាមេរិក​បានប្រកាស​ឈប់​លើកលែង​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ទៀតហើយ​។ ក្នុង​វិធានការ​ថ្មី​ដែល​ប្រកាស​នៅ​ថ្ងៃទី​២២ ខែមេសា ប្រទេស​ចំនួន​៨ ដែល​ទទួលបាន​ការលើក​លែង​ចំនួន​៦​ខែ​មកហើយ​នោះ នឹងរង​ទណ្ឌកម្ម​របស់​អាមេរិក​បើ​បន្ត​ទិញ​ប្រេង​របស់​អ៊ីរ៉ង់​ទៀត​នោះ​។ នេះ​ជា​ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​ដើម្បី​កាត់ផ្ដាច់​ប្រភព​ចំណូល​របស់​អ៊ីរ៉ង់ និង​ធ្វើ​ឲ្យ​ឥទ្ធិពល​អ៊ីរ៉ង់​ធ្លាក់ចុះ​។​
 
​គ្រាន់​អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទិញ​ប្រេង​អ៊ីរ៉ង់​ភ្លាម តម្លៃ​ប្រេង​នៅ​អាមេរិក និង​អង់គ្លេស​ក៏បាន​កើនឡើង​ភ្លាម​ដែរ​។ នៅ​អាមេរិក​តម្លៃ​ប្រេង​ឡើងដល់​៦៥.៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ឯ​តម្លៃ​ប្រេង​នៅ​ទីក្រុង​ឡុង​ដ៏​ឯណោះ​វិញ កើន​ចំនួន​២,៩​ភាគរយ​ទៅដល់​៧៤,០៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អតិថិជន​ធំៗ​របស់​អ៊ីរ៉ង់​មាន​ឥណ្ឌា តួ​ក​គី និង​ចិន​ជាដើម​សុទ្ធតែ​ប្រឈមមុខ​នឹង​វិធានការ​របស់​អាមេរិក​ទាំងអស់​។ ឥណ្ឌា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក តែ​ទាស់​គ្នា​ត្រង់​បញ្ហា​អ៊ីរ៉ង់​នេះ ដោយសារ​ត្រូវការ​ប្រេង​របស់​អ៊ីរ៉ង់​។ នយោបាយ​របស់​អាមេរិក​លើក​នេះ ក៏​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​តួ​ក​គី និង​ចិន​ដែល​កំពុង​ល្អក់កករ​ស្រាប់​ហើយ​នោះ កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​។ យ៉ាងណា អាមេរិក​គ្មាន​បំណង​ប្ដូរ​ជំហរ​របស់ខ្លួន​ឡើយ​។​
 
​រដ្ឋមន្ត្រី​ការ​បរ​ទស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រកាស​ច្បាស់ៗ​ថា អាមេរិក​នឹងដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ក្រោយ​ថ្ងៃទី​២ ខែឧសភា​តទៅ ប៉ុន្តែ​លោក​មិន​បញ្ចេញ​ចំណាត់ការ​អ្វីដែល​ត្រូវអនុវត្ត​ឡើយ​។ លោក​សង្កត់ធ្ងន់ថា បើ​ប្រទេស​ណា​មិន​គោរព​តាម​សម្ដី​អាមេរិក នឹងរង​ទណ្ឌកម្ម​មិន​ខាន ព្រោះ​អាមេរិក​ចង់​អនុវត្ត​ទណ្ឌកម្ម​។ លើសពីនោះ អាមេរិក​នឹងដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​រហូត​ទាល់​អ៊ីរ៉ង់​ត្រឡប់​ចូល​តុ​ចរចា​។​
 
​ស្របគ្នា​នឹង​ការ​គំរាម​ដាក់ទណ្ឌកម្ម អាមេរិក​ក៏​ត្រៀមខ្លួន​ដើម្បី​បំពេញ​ការខ្វះខាត​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​ការ​ងើបឡើង​របស់​តម្លៃ​ប្រេង​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាសថា សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​បំពេញតម្រូវការ​របស់​ដែល​កើតចេញពី​ការ​កាត់ផ្ដាច់​ការនាំចេញ​របស់​អ៊ីរ៉ង់​។ តប​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​ចេញមក​ប្រកាស​ដែរ​ថា ខ្លួន​នឹង​ចាត់វិធានការ​រក្សា​ស្ថិរភាព​ទីផ្សារ​ប្រេង​៕

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com