កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
​លោក Lee Tae Hoon ក្លាយជា​គ្រូបង្វឹក​ក្លិប Hoang Anh Gia Lai នៃ​លី​គ​កំពូល​វៀតណាម​
23, Apr 2019 , 11:29 pm        
រូបភាព
លោក Lee Tae Hoon ក្លាយជាគ្រូបង្វឹក​ក្លិប Hoang Anh Gia Lai។ ប្រភពរូបថត thethao
លោក Lee Tae Hoon ក្លាយជាគ្រូបង្វឹក​ក្លិប Hoang Anh Gia Lai។ ប្រភពរូបថត thethao
ដោយ: ថ្មីៗ
លោក Lee Tae Hoon អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប Hoang Anh Gia Lai (HAGL) នៃ​ក្របខណ្ឌ V.League 1 ជំនួស​លោក Duong Minh Ninh​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀតណាម thethao247.vn​។​



​លោក Duong Minh Ninh ដែល​បាន​ដឹកនាំ HAGL តាំងពី​ឆ្នាំ​២០១៧​មក មានការ​ចាប់ផ្តើម​មិនល្អ​សោះ​ក្នុង​រដូវ​កាល​នេះ ដោយ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង Pleiku ខេត្ត Gia Lai ចាញ់​ដល់​ទៅ​៤​ប្រកួត​ក្នុងចំណោម​៦​។ គ្រូ​វៀតណាម​រូបនេះ បានសម្រេច​ចិត្ត​លាលែង​ក្រោយ HAGL ចាញ់ Quang Nam ៣-០ កាលពី​ថ្ងៃទី​២១ ខែមេសា​។​

​លោក Lee នឹង​ដឹកនាំ​ជំនួប​ផ្លូវការ​របស់ HAGL នា​ថ្ងៃទី​២៨ ខែមេសា ខណៈ​ពួកគេ​ស្វាគមន៍​FLC Thanh Hoa ដែលជា​ក្រុម​បាត​តារាង​នាពេល​បច្ចុប្បន្ន​។ តាម​សំដី​ដែល​ដកស្រង់​ដោយ thethao247.vn លោក Lee នឹង​ខំប្រឹងប្រែង​ជាមួយ​សមាជិក​គ្រូបង្វឹក និង​ក្រុម​ទាំងមូល​ដើម្បី​ពង្រឹងស្មារតី​ក្រុម ហើយ​នាំ​ពួកគេ​សម្រេច​គោលដៅ​នាពេល​អនាគត​។​

​លោក Lee អាយុ​៥៨​ឆ្នាំ ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា U23 កម្ពុជា ២​លើក ចន្លោះ​ឆ្នាំ​២០១០-២០១២ និង​ឆ្នាំ​២០១៣-២០១៧​។ ក្រោយមក លោក​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​យុវជន​ថ្នាល​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ហើយ​បន្ត​ធ្វើជា​ជំនួយការ​មិត្ត​រួម​ជាតិ​កូរ៉េខាងត្បូង លោក Park Hang-seo ក្នុង​ក្រុម​ជម្រើសជាតិ​វៀតណាម​។​
​នៅ​ដើមឆ្នាំ​២០១៩ នេះ លោក Lee ត្រូវបានតែងតាំង​ជា​នាយក​បច្ចេកទេស​ក្លិប HAGL ផ្ទាល់ មុននឹង​មានឱកាស​ដឹក​នាំ​ក្រុម បន្ត​ពី​លោក Duong Minh Ninh​។​

HAGL មាន​កីឡាករ​មួយចំនួន​ដែលជា​សមាជិក​ក្រុម​ជម្រើសជាតិ​វៀតណាម ដូចជា​ខ្សែការពារ A Hoang, Vu Van Thanh ខ្សែបម្រើ Phan Thanh Hau និង​ខ្សែប្រយុទ្ធ Dih Thanh Binh ជាដើម​៕


Tag:
 Lee Tae Hoon
© រក្សាសិទ្ធិដោយ thmeythmey.com