កីឡាអន្តរជាតិ
អន្តរជាតិ
Shane Long ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​នៅ Premier League ត្រឹម​៧,៦៩​វិនាទី​
24, Apr 2019 , 1:07 pm        
រូបភាព
Shane Long ខ្សែប្រយុទ្ធ​ក្រុម Southampton បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដោយ​ធ្វើបាន​ត្រឹម​រយៈពេល ៧,៦៩ វិនាទី​ប៉ុណ្ណោះ​នា​ការប្រកួត​ទល់នឹង Watford ក្នុង​លទ្ធផល ១-១​។​



​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​នេះ​កើតឡើង​ភ្លាមៗ​អំឡុងពេល​កែ​បាល់​ក្រោយ​ខ្សែការពារ Hornets របស់ Watford ទាត់​បាល់​ឡើង​មិន​ផុត Long ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​បណ្តើ​បាល់​កាត់មុខ​ខ្សែការពារ Craig Cathcart ហើយ​ទាត់​រំលង​អ្នកចាំទី Ben Foster ដើម្បី​សម្រេច​ទី​។​



​គ្រាប់​បាល់​របស់ Long នេះ​បាន​បំបែក​កំណត់ត្រា​អ្នករក​គ្រាប់​បាល់​ស៊ុត​ប​ញ្ជូ​ល​ទី​លឿន​បំផុត​របស់​អតីត​ខ្សែការពារ Tottenham Hotspur លោក Ledley King ដែល​ធ្វើបាន​តាំងពី​វ័យ​១៩​ឆ្នាំ​។ King ដែល​សព្វថ្ងៃ​មាន​វ័យ​៣៨​ឆ្នាំ​បាន​ប្រើពេល ៩,៨២​វិនាទី​ដើម្បី​សម្រេច​ទី​ក្រុម Bradford កាលពី​ខែធ្នូ ឆ្នាំ​២០០០​។​

បន្ទាប់ពី​សម្រេចបាន​គ្រាប់​បាល់​ជា​កំណត់ត្រា​នេះ Long សារភាពថា​ពិតជា​មិន​ជឿថា​ខ្លួន​អាច​អ្វើ​បាន​។ «​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ណាស់​ដែល​ទទួល​បានកំណត់​ត្រា​ថ្មី​នេះ​។ វា​មិនគួរ​ឲ្យ​ជឿ​ទេ​សម្រាប់​ខ្ញុំ ដែល​អាចធ្វើ​វា​បាន​»​។



បើ​ទោះ​មិនអាច​រក​ជ័យជម្នះ​ឲ្យ​ក្រុម​ក្តី ប៉ុន្តែ​លទ្ធផល​ត្រឹម​ស្មើគ្នា ១-១ ជាមួយ Watford បានធ្វើ​ឲ្យ​ក្រុម Southampton រកបាន​១​ពិ​ប​ន្ទុ​ដែរ​ដើម្បី​ធានា​សុវត្ថិភាព​ពី​តំបន់​ត្រួវ​កាត់ចោល​។ Southampton ដែលមាន​លោក Ralph Hasenhüttl ជា​អ្នកចាត់ការ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៦ ក្នុង​តារាង Premier League បណ្តោះអាសន្ន មាន​៣៧​ពិន្ទុ ក្នុង​៣៥​ប្រកួត ដោយនៅ​ពីលើ​ក្រុម​ក្នុង​តំបន់​គ្រោះថ្នាក់ Cardiff City ៦​ពិន្ទុ ខណៈ​នៅសល់​៣​ប្រកួត​ទៀត​ត្រូវ​បិទ​បញ្ជ​ប់​រដូវ​កាល ២០១៨-១៩​នេះ​៕

ទស្សនាឃ្លីបប្រកួតដូចខាងក្រោម៖

Tag:
 បាល់ទាត់​
  Premier League
  Shane Long
© រក្សាសិទ្ធិដោយ thmeythmey.com