ជាតិ
សេដ្ឋកិច្ច
សមាគមមួយរបស់ចិន ស្នើឲ្យមានការចាយលុយចិននៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគ ជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និង ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន
× លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន បានស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអនុញ្ញាតឲ្យប្រើប្រាស់រូបិយវត្ថុចិន (ប្រាក់យ៉ន់) នៅក្នុងទីផ្សាររបស់កម្ពុជា។ លោក យល់ថា ការធ្វើដូច្នេះ គឺអាចទាក់ទាញវិនិយោគិនចិននិងវិនិយោគិនពីបណ្តាប្រទេសដទៃទៀត មកកម្ពុជាកាន់តែច្រើន។ អ្នកទាំងពីរ បានជួបគ្នានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ។
បើតាមសំណេរដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី លោក យន់ ឈិន បានសង្កត់ធ្ងន់ថា អ្វីដែលចិន អាចបន្តជួយកម្ពុជាបាន គឺជួយពង្រឹងសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យកម្ពុជា ដើរតួនាទីសំខាន់ក្នុងតំបន់ឥណ្ឌូចិន និងអាស៊ាន។ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី បានសរសេរយ៉ាងដូច្នេះថា «លោក យន់ ឈិន នឹងជំរុញឲ្យក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ»។
កន្លងមក ធនាគារជាតិកម្ពុជា បានប្រកាសគាំទ្រឲ្យទូទាត់ប្រាក់យ៉ន់របស់ចិន និងប្រាក់រៀលកម្ពុជា ក្នុងប្រព័ន្ធធនាគារ សម្រាប់ការដោះដូរទំនិញរបស់ពាណិជ្ជករនៃប្រទេសទាំងពីរ។ រីឯការយកសាច់ប្រាក់យ៉ន់មកចាយនៅកម្ពុជា គឺធនាគារជាតិគ្មានគោលដៅនេះឡើយ។
យ៉ាងណា ក្នុងសំណេរដែលបង្ហោះលើទំព័រហ្វេសប៊ុកនោះ ពុំមានឃើញចម្លើយឬការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ចំពោះសំណើរបស់លោក យន់ ឈិន ដែលស្នើឲ្យមានការធ្វើចរាចរណ៍រូបិយវត្ថុចិននៅលើទឹកដីកម្ពុជានោះទេ។ ប៉ុន្តែ សម្តេចនាយករដ្ឋមន្ត្រី បង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនវិនិយោគតូច-ធំរបស់ប្រទេសចិន ឲ្យបន្តវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យលោក យន់ ជួយកៀងគរអ្នកវិនិយោគចិនថ្មីៗ ឲ្យមកវិនិយោគនៅកម្ពុជា ដោយទំនុកចិត្តខ្ពស់។ លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យពង្រីកការនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារចិនបន្ថែមទៀត ហើយក្នុងនោះ ក៏មានផលិតផលសម្លៀកបំពាក់ផងដែរ៕
Tag:
ហ៊ុន សែន
កម្ពុជា-ចិន
ប្រាក់រៀល
ប្រាក់យ៉ន់
© រក្សាសិទ្ធិដោយ thmeythmey.com