អន្តរជាតិ
លោក ឌូ​ទើ​តេ ចង់​ប្រកាសសង្គ្រាម​ជាមួយ​កាណាដា បើ​មិន​យក​សំរាម​ទៅវិញ​ទេ​
24, Apr 2019 , 9:59 pm        
រូបភាព
រូបភាព BAN Toxics
រូបភាព BAN Toxics
​សំណុំរឿង​ដែល​កាណាដា​នាំ​សំរាម​ទៅ​ហ្វីលីពីន កំពុង​ធ្វើ​ឲ្យ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​។ នៅ​ថ្ងៃទី​២៣ ខែមេសា លោក ឌូ​ទើ​តេ ប្រកាសថា លោក​នឹង​បញ្ជូន​សំរាម​ទាំងនោះ​ទៅ​កាណាដា​វិញ ហើយ​គំរាម​ធ្វើសង្គ្រាម​ទៅទៀត បើ​កាណាដា​មិន​យក​សំរាម​ទាំងនោះ​វិញ​ទេ​។ ដោយ​ប្រើ​ពាក្យសម្ដី​ខ្លាំងៗ លោក ឌូ​ទើ​តេ ចោទ​ប្រទេស​លោកខាងលិច​នេះ​ថា កំពុង​ធ្វើ​ឲ្យ​ហ្វីលីពីន​ទៅជា​ទីលាន​ចាក់សំរាម​។​

 
​សំរាម​ជាច្រើន​សិប​តោន​ដែល​នាំចូល​ដោយ​ខុសច្បាប់​ពី​កាណាដា​ចូលទៅ​ហ្វីលីពីន ក្លាយជា​បញ្ហា​ទើសទាល់​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ ដែល​មិនទាន់​រក​ច្រកចេញ​បាន​នៅឡើយ​។ បញ្ហា​បានកើត​ឡើង​តាំងពី​សម័យ​ប្រធានាធិបតី  Benigno Aquino III មកម្ល៉េះ​។ មកដល់​អាណត្តិ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បញ្ហា​នេះ​នៅតែ​ក្លាយជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ខណៈ​លោក ឌូ​ទើ​តេ បាន​ព្រមាន​ឲ្យ​កាណាដា​ប្រមូល​សំរាម​ទៅវិញ​។​
 
​ឆ្លៀតពេល​ប្រជុំ​ស្ដាប់​របាយការណ៍​ស្ដីពី​ការជួយ​សង្គ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ Luzon លោក ឌូ​ទើ​តេ បាន​ប្រាប់​ឲ្យ​រៀបចំ​ទូក​ឲ្យ​ស្រេចបាច់​ដើម្បី​បញ្ជូន​សំរាម​ទៅ​កាណាដា​វិញ​។ មេដឹកនាំ​ហ្វីលីពីន​រូបនេះ ទុកពេល​ឲ្យ​កាណាដា​ត្រឹម​សប្ដាហ៍​ក្រោយ​ក្នុងការ​ប្រមូល​សំរាម​វិញ បើ​មិន​ដូច្នោះ​ទេ​លោក​នឹង​ជិះ​កប៉ាល់​ដឹក​សំរាម​ទាំងនោះ​យកទៅ​ចាក់ចោល​នៅ​កាណាដា​ដោយផ្ទាល់​តែម្ដង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ។​
 
​មិនមែន​តែ​ដឹក​សំរាម​ទៅ​កាណាដា​វិញ​ឡើយ លោក ឌូ​ទើ​តេ ក៏​គំរាម​យក​សំរាម​សេសសល់​ទៅ​ចាក់​នៅ​ស្ថានទូត​កាណាដា​ប្រចាំ​រដ្ឋធានី​ម៉ានីល​ទៀតផង បើ​ក្រុង​អូ​តា​វ៉ា​មិន​ធ្វើ​សកម្មភាព​អ្វី​ទេនោះ​។ លើសពីនោះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ក៏​គំរាម​បញ្ចប់​តំណែង​មន្ត្រី​គយ​ដែល​អនុញ្ញាត​ឲ្យ​សំរាម​ហូរ​ចូល​ទឹកដី​ហ្វីលីពីន​ដោយ​ខុសច្បាប់​ទៀត ដោយ​លោក​ចាត់ទុក​បញ្ហា​សំរាម​នេះ​ជា​រឿង​ចាស់​។ កាន់តែ​ធ្ងន់ លោក ឌូ​ទើ​តេ បាន​គំរាម​ប្រកាសសង្គ្រាម​ជាមួយ​កាណាដា​ដោយសារ​រឿង​សំរាម​នេះ​ទៅទៀត​។ 
 
​តាមពិតទៅ បញ្ហា​សំរាម​នេះ កើត​ក្នុង​ឆ្នាំ​២០១៣ ពេលដែល​សំរាម​ចំនួន​១៣០០​តោន ត្រូវបាន​ដឹក​មកដល់​ហ្វីលីពីន​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​កាណាដា​ឈ្មោះ Chronic ។ ទោះ​មាន​ការតវ៉ា​ទាំងពី​សំណាក់​រដ្ឋាភិបាល​ហ្វីលីពីន និង​ពី​ក្រុម​ការពារ​បរិស្ថាន​ក្ដី កាណាដា​មិនបាន​យក​សំរាម​ទាំងនោះ​ត្រឡប់​ទៅវិញ​ឡើយ​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ធ្លាប់​និយាយថា កាណាដា​មានច្បាប់​ដែល​ហាមឃាត់​ការយក​សំរាម​ចូលក្នុង​ប្រទេស​វិញ​។​
 
​ដោយសារតែ​ការដឹកជញ្ជូន​សំរាម​នេះ​ជា​សកម្មភាព​ជំនួញ​ឯកជន​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​នោះ នាយករដ្ឋមន្ត្រី​កាណាដា​រូបនេះ​ធ្លាប់​បកស្រាយ​កាលពី​ឆ្នាំ​២០១៧ ថា ភាគី​ទាំងពីរ​ត្រូវ​ជជែក​គ្នា​ពី​បញ្ហា​លម្អិត​ដូចជា​អ្នកទទួលបន្ទុក​ការចំណាយ​ផ្សេង​លើ​ការដឹកជញ្ជូន​នេះ​ជាដើម​។ យ៉ាងណាមិញ លោក​រំពឹងថា បញ្ហា​នេះ នឹង​ត្រូវបាន​ដោះស្រាយ​មិន​ខាន​៕ 
 

Tag:
 ហ្វីលីពីន​
  កាណាដា​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com