អន្តរជាតិ
បារាំង បញ្ជូន​នាវាចម្បាំង​ឲ្យ​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​
25, Apr 2019 , 9:35 am        
រូបភាព
នាវាចម្បាំងបារាំង Vendemiaire ដែលបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ (រូបភាព India Today)
នាវាចម្បាំងបារាំង Vendemiaire ដែលបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ (រូបភាព India Today)
​នាវាចម្បាំង​មួយគ្រឿង​របស់​សាធារណរដ្ឋ​បារាំង បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ជាទី​ដែល​ភាព​តានតឹង​កំពុង​កើតមាន​រវាង​អាមេរិក តៃវ៉ាន់ និង​ចិន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​អាមេរិក​។ វត្តមាន​នាវាចម្បាំង​បារាំង​ក្នុង​ផ្លូវទឹក​ចង្អៀត​ចន្លោះ​ចិន និង​កោះ​តៃវ៉ាន់​នេះ ពិតជា​ធ្វើ​ឲ្យ​អាមេរិក​សប្បាយ​ចិត្តខ្លាំង​ព្រោះ​មាន​មិត្តភក្តិ​មួយទៀត​ចូលមក​បង្ហាញ​សាច់ដុំ​របស់ខ្លួន ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ចិន​ខកចិត្ត​យ៉ាងខ្លាំង ដ្បិត​បារាំង​ហាក់​លូកដៃ​ចូល​សំណុំរឿង​តៃវ៉ាន់​ដែរ​។​

 
​ប្រភព​មន្ត្រី​អាមេរិក​បាន​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា នាវាចម្បាំង​របស់​បារាំង​បានធ្វើ​ដំណើរ​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃទី​៦ ខែមេសា​កន្លងទៅ​។ នេះ​ជា​រឿង​កម្រ​មួយ​ដែល​នាវាចម្បាំង​របស់​បារាំង ធ្វើដំណើរ​លើ​ចម្ងាយ​ផ្លូវ​វែងឆ្ងាយ​បែបនេះ​ដើម្បី​បើក​កាត់​ដែនសមុទ្រ​ដ៏​ក្ដៅគគុក​មួយ​នេះ​។ វា​ជា​សញ្ញា​បង្ហាញថា សម្ព័ន្ធមិត្ត​អាមេរិក​កំពុងតែ​អនុវត្ត​សេរីភាព​នាវាចរណ៍​លើ​ដែនទឹក​អន្តរជាតិ​នៅក្បែរ​ដែន​គោក​របស់​ចិន​។ សម្ព័ន្ធមិត្ត​អាមេរិក​ផ្សេងទៀត អាច​ដើរ​តាម​លំនាំ​នេះ​ផងដែរ​។​
 
​បើតាម​ប្រភពព័ត៌មាន​ដដែល នាវាចម្បាំង​បារាំង​មានឈ្មោះ Vendemiaire ។ ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ នាវា​បារាំង​ត្រូវបាន​តាមដាន​ដោយ​យោធា​ចិន​យ៉ាង​ដិតដល់​។ នេះ​ទំនង​ដោយសារ​វា​ជា​រឿង​កម្រ​សម្រាប់​វត្តមាន​នាវា​យោធា​បារាំង​នៅ​តំបន់​នោះ​។​
 
​ប្រតិបត្តិការ​របស់​នា​វា​ចម្បាំង​បារាំង កើតឡើង​ចំពេល​កើនឡើង​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​នៅ​ច្រក​សមុទ្រ​មួយ​នេះ​។ ចិន បង្ហាញ​សាច់ដុំ​កាន់តែ​ច្រើនលើក និង​កាន់តែ​ធំដុំ​ដាក់​តៃវ៉ាន់​ដែល​ខ្លួន​ចាត់ទុកជា​ខេត្ត​មួយ​មិនអាច​ផ្ដាច់​បាន ហើយ​ដែល​ត្រូវតែ​យកមក​គ្រប់គ្រង​ឲ្យ​បាន ទោះ​ត្រូវធ្វើ​សង្គ្រាម​បង្ហូរឈាម​ក៏ដោយ​។ ចំណែក​អាមេរិក​វិញ​ដែល​ត្រូវការពារ​តៃវ៉ាន់​នោះ បាន​សម្ញែង​សាច់ដុំ​របស់ខ្លួន​ក្រោមរូបភាព​សេរីភាព​នាវាចរណ៍​នៃ​ច្បាប់​អន្តរជាតិ​។​
 
​សកម្មភាព​របស់​បារាំង ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​។ ចិន​ប្រាប់​បារាំង​ថា ខ្លួន​លុបចោល​ការអញ្ជើញ​បារាំង​ឲ្យ​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​យោធា​ជើង​ទឹក​ដើម្បី​អបអរ​ថ្ងៃកំណើត​ទ័ពជើងទឹក​ចិន​ផងដែរ​។ ការ​ដង្ហែ​ក្បួន ធ្វើឡើង​រួចហើយ​កាលពី​ថ្ងៃទី​២៣ ខែមេសា​កន្លងទៅ ដោយមាន​វត្តមាន​នាវា​បរទេស​ជាច្រើន​ចូលរួម តែ​អត់​មាន​នាវាចម្បាំង​បារាំង​ឡើយ​។ នាវាចម្បាំង​ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​ដែលជា​មិត្ត​របស់​អាមេរិក សុទ្ធ​តែមាន​វត្តមាន​ទាំងអស់​។​
 
​ចំណែកឯ​តៃវ៉ាន់​វិញ ក្រសួងការពារជាតិ​កោះ​មួយ​នេះ មិន​ទើសទាល់​អ្វី​ទាំងអស់​ចំពោះ​វត្តមាន​នាវាចម្បាំង​បារាំង​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់​និយាយថា ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ផ្លូវ​សមុទ្រ​ដ៏​រវល់​របស់​អន្តរជាតិ ហើយ​វា​ជា​រឿង​ចាំបាច់​សម្រាប់​នាវា​ប្រទេស​ទាំងអស់ ធ្វើដំណើរ​កាត់​តាមផ្លូវ​នេះ​។ យ៉ាងណាក៏ដោយ តៃវ៉ាន់​នឹង​បន្ត​តាមដាន​វត្តមាន​នាវាចម្បាំង​ទាំងឡាយ​ដែល​បើក​ឆ្លងកាត់​តំបន់​សមុទ្រ​នេះ​៕
 

Tag:
 បារាំង​
  ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com