កីឡាអន្តរជាតិ
អន្តរជាតិ
RFEF ពិន័យលោក Javier ដែលជាអាជ្ញាកណ្ដាលកាត់សេចក្តីចំនួន២ប្រកួត ក្រោយវាយកីឡាករ Morata ក្នុងទីលាន
×
គណៈកម្មាធិការអាជ្ញាកណ្តាលអេស្ប៉ាញ (RFEF) សម្រេចពិន័យអាជ្ញាកណ្តាលកាត់សេចក្តីលោក Javier Alberola Rojas ចំនួន២ប្រកួត ក្នុងក្របខណ្ឌ La Liga បន្ទាប់ពីរកឃើញថា បានប្រើហិង្សាលើ Alvaro Morata ខ្សែប្រយុទ្ធរបស់ Atletico Madrid ។
ក្នុងជំនួបដែល AT-Madrid យកឈ្នះ Eibar ១-០ ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញនៅថ្ងៃទី២០ ខែមេសា រឿងនឹកស្មានមិនដល់មួយបានកើតឡើងដោយលោកអាជ្ញាកណ្តាល Javier Alberola Rojas ក្លាយជាជនបង្កហេតុទៅលើកីឡាករទៅវិញ។ អាជ្ញាកណ្តាលរូបនេះបានដោយយកដៃទៅបុកកញ្ចឹងករបស់ Morata ក្រោយអ្នកទាំងពីរទាស់សម្តីគ្នាក្នុងអំឡុងការប្រកួត។
ការពិនិត្យឡើងវិញតាមរយៈវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ឃើញថាអាជ្ញាកណ្តាលវ័យក្មេង អាយុ២៧ឆ្នាំរូបនេះពិតជាបានប្រព្រឹត្តិអំពើមិនសមរម្យទៅលើកីឡាករដែលខ្ចីជើងពី Chelsea នេះពិតប្រាកដមែន។
RFEF បានសម្រេចដាក់ពិន័យលោក Alberola Rojas ចំនួន២ប្រកួត ពោលគឺក្នុងការប្រកួតសប្តាហ៍ទី៣៤ និង៣៥នៃក្របខណ្ឌកំពូលអេស្ប៉ាញ។
ករណីនេះដែរ មិត្តរួមក្រុម AT-Madrid របស់ Morata គឺខ្សែបម្រើ Koke រួមទាំងគ្រូបង្វឹកលោក Diego Simeone បានបង្ហាញការមិនពេញចិត្តនឹងទង្វើរបស់អាជ្ញាកណ្តាលបែបនេះ ហើយថាការដាក់ពិន័យខាងលើនៅស្រាលពេកហើយ។
Koke លើកឡើងថា តាំងពីកើតមករូបគេមិនដែលឃើញអាជ្ញាកណ្តាលបង្កហិង្សាដាក់កីឡាករបែបនេះទេ ខណៈលោក Simeone ថា RFEF គួរដាក់ពិន័យ៥ប្រកួត ដ្បិតសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញធ្លាប់ពិន័យលោក ក្នុងករណីស្រដៀងគ្នានេះមិនតិចជាង៤ប្រកួតឡើយ៕
VIDEO
Tag:
បាល់ទាត់
Javier Alberola Rojas
Alvaro Morata
© រក្សាសិទ្ធិដោយ thmeythmey.com