ជាតិ
សេដ្ឋកិច្ច
ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​មានតម្លៃ​ជិត​១០០​លាន​ដុល្លារ
26, Apr 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​បច្ចុប្បន្ន មានតម្លៃ​ជិត​១០០​លាន​ដុល្លារ​។ ដោយឡែក ធានារ៉ាប់រង​ខ្នាតតូច​មាន​ប្រហែល​៩​លាន​ដុល្លារ និង​ធានារ៉ាប់រង​ទូទៅ​មាន​ប្រហែល​៨៧​លាន​ដុល្លារ​។

 
​លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​និយាយ​ក្នុង​សន្និសីទ​ស្តីពី ភោ​គា​ត្រា​សំណង​ធានារ៉ាប់រង​នៅ​អាស៊ី​ឆ្នាំ​២០១៩ (Asian Claims Convention 2019) នា​ថ្ងៃទី​២៥​មេសា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ថា ចាប់ពី​ឆ្នាំ​២០១៨​ធានារ៉ាប់រង​លើ​អាយុជីវិត​មាន​បុព្វលាភ មាន​ទំហំ​ធំ​ជាង​ធានារ៉ាប់រង​ទូទៅ​។ ពីព្រោះ​ធានារ៉ាប់រង​លើ​អាយុជីវិត មាន​ការបូកបញ្ចូល​គ្នា​ទាំង​ការការពារ និង​ការ​សន្សំ​ប្រាក់​ក្នុង​បុព្វលាភ​របស់​អតិថិជន​ផងដែរ​។​។ 
 
​លោក វ៉ា​ថា​រ៉ូ បាន​សង្កត់ធ្ងន់ថា ធានារ៉ាប់រង​ទូទៅ គឺ​និយាយ​តែ​ពី​រឿង​ការពារ​សុទ្ធ​ទៅលើ​គ្រោះថ្នាក់​ផ្សេងៗ​ចំពោះ​អតិថិជន ដោយ​មិន​ទទួល​បានការ​សន្សំ​ប្រាក់​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ឡើយ​។ 
 
​ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា ៖«​ប្រសិនបើ​មិនមែន​ហានិភ័យ​អ្វី​កើតឡើង​ចំពោះ​អតិថិជន​...! អតិថិជន​អាច​បាន​ប្រាក់​សន្សំ​បូក​ជាមួយ​ការប្រាក់​បន្តិចបន្តួច​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​បើ​មាន​ហានិភ័យ​កើតឡើង អតិថិជន​នឹង​ទទួល​សំណង​ធានារ៉ាប់រង​ទាំងមូល​»​។ 
 
​ជាមួយគ្នានេះ លោក ម៉ី វ៉ាន់ អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា វិស័យ​ធានារ៉ាប់រង​កម្ពុ​ជានារ​យៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ មាន​កំណើន​៣៥​ភាគរយ​ក្នុង​មួយឆ្នាំ​។ លោក​បន្តថា កំណើន​៣៥​ភាគរយ​ក្នុង​មួយឆ្នាំ​នេះ ដោយសារតែ​កំណើនសេដ្ឋកិច្ច​កម្ពុជា បានធ្វើឱ្យ​ប្រជាជន​ម្នាក់ៗ ប្រែប្រួល​លទ្ធភាព​ប្តូរ​ពី​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ចំណូល​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ។ ដូច្នេះ​ទើបបានជា​ប្រជាពលរដ្ឋ​មានលទ្ធភាព ក្នុងការ​សន្សំ​ប្រាក់​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ រួមទាំង​ការ​សន្សំ​ប្រាក់​ក្នុងការ​ការពារ​ហានិភ័យ លើ​វិស័យ​ធានារ៉ាប់រង​ជាដើម​។ បើតាម​លោក ម៉ី វ៉ាន់ ធានារ៉ាប់រង​កម្ពុជា មានតម្លៃ​ទីផ្សារ​ជិត​២០០​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៨៕  
 

Tag:
 ធានារ៉ាប់រង​
  បុព្វលាភ
© រក្សាសិទ្ធិដោយ thmeythmey.com