កីឡាអន្តរជាតិ
អន្តរជាតិ
Sterling ឈ្នះពានកីឡាករមានជំហរប្រឆាំងការរើសអើង និងចង់ធ្វើជាគំរូដល់កីឡាករជំនាន់ក្រោយ Raheem Sterling និងគ្រូជម្រើសជាតិអង់គ្លេស Gareth Southgate នាពិធីប្រគល់ពាន
× Raheem Sterling ខ្សែប្រយុទ្ធក្រុម Manchester City សង្ឃឹមថារូបគេនឹងធ្វើជាគំរូសម្រាប់កីឡាករវ័យក្មេងដទៃទៀតបន្ទាប់ពីបានក្លាយជាម្ចាស់ពានរង្វាន់កីឡាករដែលមានជំហរប្រឆាំងការរើសអើងពូជសាសន៍ក្នុងកីឡាបាល់ទាត់ល្អជាងគេ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានរិះគន់កាសែតមួយចំនួនដែលតែងតែសរសេររៀបរាប់ពីពណ៌សម្បុររបស់កីឡាករ និងចង់ឲ្យមានការដាក់ទណ្ឌកម្មបន្ថែមសម្រាប់អ្នកគាំទ្រណាដែលមានឥរិយាបទរំលោភបំពានបែបប្រកាន់ពូជសាសន៍ទៅកាន់កីឡាករ។
Sterling វ័យ២៤ឆ្នាំ ដែលបានផ្តល់កិត្តិយសទទួលពានរង្វាន់ជំហរប្រឆាំងការរើសអើងជាតិសាសន៍នៅឯ BT Sport Industry Awards នាថ្ងៃទី២៥ ខែមេសានេះថាខ្លួននឹងធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយសម្រាប់ការរើសអើងពូជសាសន៍ក្នុងកីឡា។
«កាលខ្ញុំលេងនៅ Liverpool មានមនុស្សនៅជុំវិញខ្ញុំដូចជា Steven Gerrard ខ្ញុំមើលទៅគាត់គឺជាកីឡាករដែលមានជំហរប្រឆាំងការរើសអើងជាងគេបំផុត ហើយខ្ញុំគិតថាខ្ញុំអាចធ្វើបានត្រឹមពាក់កណ្តាលគាត់ក៏អស្ចារ្យដែរក្នុងនាមជាកីឡាករម្នាក់។ ខ្ញុំគ្រាន់តែនិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំមិនរំពឹងថានឹងទទួលបានការយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្ញុំនោះទេ»។
លោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេសដែលជាអ្នកផ្តល់ពានរង្វាន់នេះនិយាយថាទង្វើរបស់ Sterling បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមអង់គ្លេសដែលធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំធេងមួយ។
«ខ្ញុំបានធ្វើការជាមួយ Sterling រយៈពេលប្រហែល៥ឆ្នាំមកហើយ។ ខ្ញុំបានឃើញភាពចាស់ទុំរបស់គាត់ ហើយគាត់ជាមនុស្សម្នាក់ដែលគួរឱ្យស្រឡាញ់ណាស់»។ គ្រូបង្វឹកសញ្ជាតិអង់គ្លេសវ័យ៤៨ឆ្នាំសរសើរពី Sterling ដូច្នេះ៕
Tag:
បាល់ទាត់
Raheem Sterling
រើសអើងពូជសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com