កីឡាជាតិ
ជាតិ
ការពារជាតិ​ស្វាគមន៍​បឹងកេត​ល្ងាច​នេះ ក្រោយ​ជំនួប​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា និង​ទឹកដី​មេមត់
27, Apr 2019 , 2:03 pm        
រូបភាព
កីឡាករ ឈិន ឈឿន (ខាងឆ្វេង) និងកីឡាករ ឃួន ឡាបូរ៉ាវី, រូបភាពពីហ្វេសប៊ុក CNCC
កីឡាករ ឈិន ឈឿន (ខាងឆ្វេង) និងកីឡាករ ឃួន ឡាបូរ៉ាវី, រូបភាពពីហ្វេសប៊ុក CNCC
ដោយ:
ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៥​នេះ មាន​៣​ប្រកួត​សម្រាប់​ជំនួប​ថ្ងៃ​សៅរ៍ ដោយ​ក្រសួងការពារជាតិ បើក​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ដើម្បី​ស្វាគមន៍​បឹងកេត​នា​វេលា​ម៉ោង​៦​ល្ងាច​។ រីឯ​ម៉ោង​៣ និង​៣០​នាទី អគ្គិសនី​កម្ពុជា ទទួល​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​យុវជន​បាទី ព្យាយាម​រក​ជ័យជម្នះ​លើកដំបូង​នៅ​កីឡដ្ឋាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ របស់​ក្រុម​ខេត្តកំពង់ចាម​ ។



​ក្រសួងការពារជាតិ Vs បឹងកេត នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​
 
​ក្រោយ​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ៤-២ ក្រសួងការពារជាតិ​ក្លាយជា​ក្រុម​មិនទាន់​ស្គាល់​ពាក្យ​ថា​បរាជ័យ​សម្រាប់​៤​ប្រកួត​កន្លងមក​រប​ស់​ខ្លួន​។ ទ័ព រំពឹង​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៅថ្ងៃនេះ យកឈ្នះ​បឹងកេត​ដែល​លត់​កំពង់ចាម ៧-០ កាលពី​សប្តាហ៍​មុន ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ក៏ដូចជា​ប្រជែង​ដណ្តើម​កំពូល​តារាង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។ បច្ចុប្បន្ន​ក្រសួងការពារជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​២ ដោយមាន​១០​ពិន្ទុ ក្រោយ​ឈ្នះ​៣​និង​ស្មើ​១ ខណៈ​បឹងកេត​ស្ថិតនៅ​លេខ​៦​មាន​៧​ពិន្ទុ​ក្រោយ​ឈ្នះ​២ ស្មើ​១ និង​ចាញ់​១​។ ក្រុម​ទាំងពីរ​សុទ្ធ​ស្មើ ១-១ ដូចគ្នា​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រនា​ជំនួប​កន្លងមក លទ្ធផល​នេះ​អាច​វាយតម្លៃ​បាន​ថា ក្រុម​ទាំងពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​។ 
 
​អគ្គិសនី​កម្ពុជា Vs ព្រះខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា វេ​ល​ម៉ោង​៣:៣០​នាទី​
 
​ក្រោយ​យកឈ្នះ​បឹងកេត ១-០ និង​ឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ២-០ ក្រុម​អគ្គិសនី​កម្ពុជា​រង​បរាជ័យ​យ៉ាងដំណំ​ក្រោម​ថ្វី​ជើង​វិសាខា​ក្នុង​លទ្ធផល ៤-០ កាលពី​សប្តាហ៍​មុន​។ ក្រុម​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ វុទ្ធី មួយ​នេះ អាច​បន្ត​ប្រឈម​នឹង​ភាពបរាជ័យ​នៅថ្ងៃនេះ ព្រោះ​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​បន្ត​ក្តោប​ក្តាប់​កំពូល​តារាង និង​រក្សា​កំណត់​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​។ សម្រាប់​៤​ប្រកួត​កន្លងមក​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ទាំង​៤​ប្រកួត ក្នុងនោះ​យកឈ្នះ​ប៉ូលិស ២-០ ក្នុងជំនួប​បើកឆាក ហើយ​បាន​បន្ត​ឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០  ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-០ និង​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៥-១​។ បច្ចុប្បន្ន​ក្រុម​នេះ​ឈរ​កំពូល​មាន​១២​ពិន្ទុ ខណៈ​អគ្គិសនី​កម្ពុជា​ឈរ​លេខ​រៀង​ទី​៨​មាន​៦​ពិន្ទុ​។ 
 
​កំពង់ចាម Vs យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី នៅ​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន មេមត់ វេលា​ម៉ោង​៣:៣០​នាទី​
 
​ក្រោយ​យកឈ្នះ​អគ្គិសនី​កម្ពុជា ១-០ នា​ជំនួប​បើកឆាក​ក្រុម​ចំណូល​ថ្មី​កំពង់ចាម​បាន​រង​បរា​យ៉ាង​ជូ​ចត់​ជា​បន្តបន្ទាប់ ដោយ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ១១-០ ដូចគ្នា មុន​បន្ត​ចាញ់​បឹងកេត ៧-០ កាលពី​សប្តាហ៍​មុន​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម​មួយ​នេះ ទំនងជា​អាច​ស្វែងរក​ជ័យជម្នះ​ជា​លើក​ទី​២​របស់ខ្លួន ពី​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ថ្ងៃនេះ ព្រោះ U18 បាទី​ជា​ក្រុម​បាត​តារាង​មិន​ស្គាល់​ពាក្យ​ឈ្នះ ឬ​ស្មើ​។ មួយវិញទៀត ក្រុម​នេះ​ប្រើប្រាស់​ធនធាន​កីឡា​ខ្មែរ​សុទ្ធ ពុំមាន​បរទេស​ដូច​កំពង់ចាម​នោះទេ​៕ 


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com