អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ប្រកាស​ដក​អា​មេ​រិ​ចេញពី​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ
27, Apr 2019 , 7:39 pm        
រូបភាព
 ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៦ ខែមេសា បានប្រកាស​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ​ក្រោម​ហេតុផល​ថា ប៉ះពាល់​សិទ្ធិ​លក់​អាវុធ​របស់​អាមេរិក​។ លោក ត្រាំ បាន​ប្រាប់​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​បញ្ឈប់​នីតិវិធី​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ ហើយ​ប្រគល់​ឲ្យ​សេត​វិមាន​វិញ​។ ការសម្រេចចិត្ត​របស់​លោក ត្រាំ រង​ការរិះគន់​ខ្លាំង​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស ខណៈ​នេះ​ជាការ​ដើរ​ចេញពី​សន្ធិសញ្ញា​អន្តរជាតិ​ថ្មី​ទៀត​ពី​សំណាក់​រដ្ឋបាល​លោក ត្រាំ ។​

 
​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយទៀត​ហើយ​។ នៅ​ថ្ងៃទី​២៦ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​មិន​អនុវត្តតាម​សន្ធិសញ្ញា​របស់​អង្គការសហប្រជាជាតិ​ដែល​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​។ លោក ត្រាំ ក៏បាន​ចុះហត្ថលេខា​បញ្ចប់​នីតិវិធី​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ (ATT) និង​ប្រាប់​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​បញ្ជូន​ត្រឡប់​ឲ្យ​លោក​វិញ ហើយ​លោក​នឹង​បោះ​សន្ធិសញ្ញា​នេះ​ចោល​តែម្ដង​។​
 
​អាមេរិក បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ATT នេះ​ក្នុង​ឆ្នាំ​២០១៣ ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។ ប៉ុន្តែ​ព្រឹទ្ធសភា​អាមេរិក មិនបាន​ផ្ដល់​សច្ចាប័ន​ដើម្បី​ក្លាយជា​ភាគី​មួយ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ថ្លែង​ទៅកាន់​សមាគម​អ្នក​ផលិត​អាវុធ​អាមេរិក NRA នៅឯ​ទីក្រុង Indianapolis លោក ត្រាំ ចាត់ទុក​សន្ធិសញ្ញា​នេះ ជាការ​កិច្ចព្រមព្រៀង​ខុសឆ្គង​មួយ និង​រឹតត្បិត​សេរីភាព​របស់​អាមេរិក​។ ដូចនេះ ទើប​រដ្ឋបាល​លោក នឹងមិន​បន្ត​នីតិវិធី​ផ្ដល់​សច្ចា​ប័នឡើយ​។​
 
​សន្ធិសញ្ញា ATT នេះ បាន​ចូល​ធរមាន​ទៅហើយ​កាលពី​ឆ្នាំ​២០១៤ សំដៅ​គ្រប់គ្រង​លំហូរ​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ​ដែល​រាប់បញ្ចូល​អាវុធ​ធុន​ស្រាល​ដល់​យន្តហោះ​យោធា​។ គៅ​ល​ដៅ​សំខាន់​របស់​សន្ធិសញ្ញា​នេះ គឺ​ការទប់ស្កាត់​ទុក្ខវេទនា​របស់​មនុស្ស​ដែល​បង្កដោយ​ការលក់ដូរ​អាវុធ​ដោយ​ខុសច្បាប់ និង​គ្មាន​ការទទួលខុសត្រូវ​។ មកទល់ពេលនេះ ប្រទេស​ចំនួន​១៣០ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ ហើយ​ច្រើនជាង​មួយរយ​ប្រទេស​ទៀត បាន​អនុវត្ត​សន្ធិសញ្ញា​នេះ​រួចហើយ​។​
 
​ក្រៅពី​អាមេរិក​ដែល​មិន​ផ្ដល់​សច្ចាប័ន រុស្ស៊ី និង​ចិន​ដែលជា​ប្រទេស​នាំចេញ​អាវុធ​ធំៗ ក៏​មិនមែនជា​ភាគី​នៃ​សន្ធិសញ្ញា​នេះដែរ​។ ជុំវិញ​ការប្រកាស​ដើរចេញ​របស់លោក ត្រាំ អង្គការសហប្រជាជាតិ​មិន​និយាយ​អ្វី​ច្រើន​ឡើយ ដោយ​មន្ត្រី​អ្នកនាំពាក្យ​ម្នាក់​បញ្ជាក់ថា ATT ជា​សន្ធិសញ្ញា​អន្តរជាតិ​តែមួយគត់​ដែល​ជំរុញ​តម្លាភាព និង​គណនេយ្យភាព​ក្នុង​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ ហើយ​វារឹតតែ​សំខាន់​ក្នុងស្ថានភាព​ពិភពលោក​បច្ចុប្បន្ននេះ​។ 
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ក្រោយ​ការ​ថ្លែង​សុន្ទរកថា​របស់លោក ត្រាំ សេត​វិមាន​លើកឡើងថា សន្ធិសញ្ញា​នេះ មិនបាន​ដោះស្រាយ​បញ្ហា​នៃ​ការទិញ​លក់​អាវុធ​ដែល​គ្មាន​ការទទួលខុសត្រូវ​ឡើយ ប៉ុន្តែ​ក្លាយជា​វេទិកា​សម្រាប់​អ្នក​ដែល​ចង់​ហាមឃាត់​សមត្ថភាព​លក់​អាវុធ​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​ខ្លួន​ទៅវិញ​។ សេត​វិមាន ក៏​អះអាងថា ក្រុមខ្លះ​បាន​ប្រើ​សន្ធិសញ្ញា​នេះ​ដើម្បី​បំបិទ​ការសម្រេចចិត្ត​របស់​ប្រទេស​ខ្លះ​ក្នុង​ការលក់​អាវុធ​ទៅទៀត​៕

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ATT
© រក្សាសិទ្ធិដោយ thmeythmey.com