កីឡាជាតិ
ជាតិ
យុវជនបាទីបាន៣ពិន្ទុលើកដំបូង ខណៈព្រះខ័នរាជស្វាយរៀងរក្សាកំណត់ត្រាឈ្នះរហូត យុវជនបាទី អបអរគ្រាប់បាល់បញ្ចូលទីបើកឆាករបស់សៀង ចន្ធា។ រូបថត CNCC
× ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី ទទួលបាន៣ពិន្ទុលើកដំបូងក្នុងក្របខណ្ឌខេមបូឌានលីគ ក្រោយឈ្នះម្ចាស់ផ្ទះ ខេត្តកំពង់ចាម ៣-០ ស្របពេលដែលក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង បន្តរក្សាកំណត់ត្រាជ័យជម្នះរហូតដល់សប្តាហ៍ទី៥ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា នេះ។
សៀង ចន្ធា ដែលជាសមាជិកក្រុមជម្រើសជាតិផងនោះ បានស៊ុតបាល់បញ្ចូលទីនៅក្នុងតង់ទីមួយ ហើយ ប៊ុនធឿន ប៊ុនណារ៉ុង រកបាន២គ្រាប់ទៀតនៅតង់ទីពីរ ដើម្បីឲ្យយុវជនបាទី ទទួលបាន៣ពិន្ទុ នៅកីឡដ្ឋានវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន មេមត់ របស់ក្រុមខេត្តកំពង់ចាម។
នៅដំណាលគ្នាផងដែរ ព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាឥតខ្ចោះខ្លួន ជាមួយជ័យជម្នះ៥លើកជាប់គ្នា នាជំនួបខេមបូឌានលីគដើមរដូវកាលនេះ ដោយបានយកឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ១-០ ។ គ្រាប់បាល់បញ្ចូលទីជ័យជម្នះសម្រេចបានដោយ សារ៉េត គ្រីយ៉ា នៅនាទី៤៩៕
© រក្សាសិទ្ធិដោយ thmeythmey.com