ជាតិ
សង្គមជាតិ
ពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធឡើងនៅខេត្តតាកែវ រូបភាពបង្ហាញពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ២០១៨
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅលើទឹកដីខេត្តតាកែវ នាថ្ងៃទី២២ ខែឧសភាខាងមុខនេះ។
ពិធីច្រត់ព្រះនង្គ័លដែលរៀបចំនៅទីព្រះស្រែ(កីឡដ្ឋានគីរីវង់សុខសែនជ័យ) ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នឹងប្រារព្ធនៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍បុណ្យជាតិនេះ ចាត់ទុកថាជាការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ ជាពិធីប្រព្រឹត្តឡើងជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធឲ្យបង្អុរទឹកភ្លៀងបរិបូរណ៍តាមរដូវកាល និងបម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទទទួលបានភោគផលខ្ពស់។
ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យជាតិ មានភាពមហាឡារិក ក្រសួងទេសចរណ៍ ក៏នឹងត្រៀមរៀបចំស្តង់ពិព័រណ៍រូបភាព ដើម្បីបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ដែលមានកំណើនជាលំដាប់ និងមានការតាំងបង្ហាញផលិតផលទេសចរណ៍ពិសេស ផលិតផលកសិករទេសចរណ៍ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។
ភោគផលដំណាំដែលជាអាហារចំនួន៧មុខ សម្រាប់គោឧសភរាជ២ក្បាលបរិភោគរួមមាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និងស្រា។ ក្រោយគោឧសភរាជបរិភោគអាហារទាំងនេះរួច បាគូប្រចាំព្រះបរមរាជវាំង នឹងទស្សន៍ទាយទៅតាមក្បួនបុរាណ អំពីលទ្ធផលនៃភោគផលដំណាំប្រចាំ៕
Tag:
ច្រត់ព្រះនង្គ័ល
កសិកម្ម
ប្រជាកសិករ
តាកែវ
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com