កីឡាអន្តរជាតិ
អន្តរជាតិ
១​គ្រាប់​របស់ Messi ជួយ Barca លើក​ពាន La Liga លើក​ទី​២៦
28, Apr 2019 , 10:35 am        
រូបភាព
Barcelona បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ La Liga ប្រចាំ​រដូវ​កាល ២០១៨-១៩​នេះ នៅត្រឹម​សប្តាហ៍​ទី​៣៥ តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi ក្នុង​ជ័យជម្នះ​លើ​ក្រុម Levante ១-០​។​


​នេះ​ជាការ​ឈ្នះ​ពាន​លើក​ទី​២៦​របស់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​ផងដែរ ដ្បិត​ពួកគេ​អាច​រក្សា​តំណែង​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ​២​រដូវ​កាល​ជាប់​គ្នា​ពោលគឺ ២០១៧-១៨ និង ២០១៨-១៩​។​
  
 
​គិត​ត្រឹម​ការប្រកួត​ទី​៣៥ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Ernesto Valverde អាច​រកបាន​ដល់​ទៅ​៨៣​ពិន្ទុ នាំមុខ​ក្រុម​គូប្រជែង Atletico Madrid​ ចំនួន​៩​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​៣​លើក​ទៀត​។ បើ​ទោះ​មិនទាន់មាន​ពិន្ទុ​ដាច់​ក្តី ប៉ុន្តែ Barca បាន​ប្រកួត​ឈ្នះ AT-Madrid ទាំងពីរ​ជើង (Head to Head) សម្រាប់​រដូវ​កាល​នេះ និង​ថែមទាំង​មាន​គ្រាប់​បាល់​ស៊ីសង់​ល្អ​ជាង​រហូត​៣៥​គ្រាប់​។ 
  
Messi ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣១​ឆ្នាំ នៅតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ការជួយ Barca លើក​ពាន La Liga ១០​រដូវ​កាលចាប់តាំងពីរូបគេចូលមករួមរស់ក្នុងទឹកដី Nou Camp ១៥រដូវកាល គិត​ទាំង​រដូវ​កាល​នេះ និង​ជួយ​ក្រុម​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន Champions League ទៀតផង​។ 
  
 
Messi ក៏​កំពុង​ត្រៀមខ្លួន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស​ក្នុងនាម​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ La Liga រហូតដល់ ៣៥​គ្រាប់ នាំមុខ​មិត្ត​រួម​ក្រុម Luis Suárez និង Karim Benzema របស់ Real Madrid ដែលមាន​២១​គ្រាប់​ដូចគ្នា​។​
 
​លើសពីនេះ​ទៀត​នោះ Messi ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​ក្លាយជា​ម្ចាស់​ពាន Ballon d'or ជា​លើក​ទី​៦​របស់គេ​ក្នុង​អាជីព និង​នាំមុខ​គូប្រជែង Crisitiano Ronaldo ដែល​ឈ្នះ​៥​លើក​ដូចគ្នា​៕
 

 

Tag:
 បាល់ទាត់​
  Barcelona
  La Liga
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com