កំពង់ចាម៖ ល្បីចេញពីមាត់មួយទៅមាត់មួយថា នំបាញ់ឆែវរបស់អ្នកស្រី សុខ ហួត លក់នៅក្រោយវត្តដីដុះ ក្រុងកំពង់ចាម មានអនាម័យ, រសជាតិឆ្ងាញ់ និងតម្លៃត្រឹមតែ២ពាន់រៀលប៉ុណ្ណោះ ក្នុងមួយបន្ទះ ជាមួយនឹងបន្លែស្រស់មួយឈុត។ បច្ចុប្បន្ន ថៅកែហាងនំបាញ់ឆែវ អាយុ៥៦ឆ្នាំ ម្នាក់នេះ បានបន្ថែមខ្ទះរហូតដល់ទៅ៨ សម្រាប់ចាក់នំឲ្យទាន់នឹងតម្រូវការរបស់អតិថជន។ ក្នុងមួយថ្ងៃអ្នកស្រី ហួ ប្រើអង្ករសម្រាប់ធ្វើនំបាញ់ឆែវនេះលក់ អស់រហូតដល់ទៅ៣៥គីឡូក្រាម ដោយរកប្រាក់ចំណូលបានជាង១លានរៀល។ តែយ៉ាងណា មិនមានកូនៗណាម្នាក់របស់អ្នកស្រីចង់ស្នងមុខរបរនេះឡើយ ដោយអ្នកស្រី សុខ ហួ បានត្រឹមតែប្រាប់ ThmeyThmey 25 ថា៖ «ខ្ញុំនឹងបន្តប្រកបមុខរបរលក់នំបាញ់ឆែវនេះ រហូតទាល់តែខ្ញុំអស់កម្លាំងធ្វើលែងរួច»។
«ខ្ទះចំនួន៨ ត្រូវបានរៀបជាជួរនៅលើខ្នោះជើងក្រានដែលមានរាងទ្រវែង ជាមួយនឹងបុគ្គលិក៥នាក់ កំពុងមមាញឹកទទួលអតិជនដែលភាគច្រើនជាសិស្សនិស្សិតនិងបុគ្គលិកតាមស្ថាបននានា ចេញចូលខ្វាត់ខ្វែង និងខ្លះទៀតកំពុងឈររង់ចាំទិញនៅខាងមុខផ្ទះលែ្វងពីរជាប់គ្នា»។ ទាំងនេះគឺជាទិដ្ឋភាពនៅក្នុងហាងលក់បាញ់ឆែវដ៏ល្បីរបស់អ្នកស្រី សុខ ហួ ដែលស្ថិតនៅក្រោយវត្តដីដុះ ប្របនឹងមាត់ទន្លេ ក្រុងកំពង់ចាម។
រយៈពេលជាង៦ឆ្នាំមកហើយដែលអ្នកស្រី សុខ ហួ បានប្រកបមុខរបរចាក់នំបាញ់ឆែវនេះលក់ នៅក្រោយវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប៉ុន្តែ ម្ចាស់ហាងវ័យ៥៦ឆ្នាំរូបនេះ បានអះអាងថា ទើបតែ៣ឆ្នាំចុងក្រោយប៉ុណ្ណោះ មានអតិថជនច្រើនគាំទ្រនិងសរសើរថា នំបាញ់ឆែវរបស់អ្នកស្រីឆ្ងាញ់និងមានតម្លៃទាប។ ដំណឹងនេះ បានសាយចេញពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលធ្វើឲ្យហាងរបស់អ្នកកាន់តែល្បីមកដល់សព្វថ្ងៃ។
ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៧យប់ គឺជាពេលដែលហាងរបស់អ្នកស្រីបើកលក់ ប៉ុន្តែ នៅចន្លោះម៉ោង៥ដល់ម៉ោង៦ល្ងាច គឺជាពេលដែលមមាញឹកបំផុត ដោយអ្នកស្រី សុខ ហួ ប្រាប់ ThmeyThmey 25 ថា៖ «នៅចន្លោះម៉ោងបុគ្គលិកចេញពីធ្វើការនិងសិស្សនិស្សិតចេញពីសាលា គឺលក់ដាច់ខ្លាំង ពេលខ្លះខ្ញុំលក់មិនទាន់ពួកគាត់មកទិញផង»។
ទាំងអនាម័យ, រសជាតិ និងតម្លៃត្រឹម២ពាន់រៀលសម្រាប់នំបាញ់ឆែវមួយបន្ទះ ជាមួយនឹងបន្លែផ្ទាប់មួយឈុត នេះហើយ ដែលអតិថិជនគាំទ្រដោយមិនរួញរានិងសរសើរចេញពីចិត្ត បានជំរុញទឹកចិត្តម្ចាស់ហាង ម្នាក់នេះ ឲ្យបន្តខំសម្រិតសម្រាំងទាំងគុណភាពនិងបរិមាណ។ ដើម្បីទាន់នឹងតម្រូវការរបស់អតិថិជនអ្នកស្រី សុខ ហួ បានប្រើខ្ទះសម្រាប់ចាក់នំរហូតដល់ទៅ៨ខ្ទះ ដោយមានបុគ្គលិក២នាក់ជាអ្នកទទួលបន្ទុក និង៣នាក់ផ្សេងទៀត ជាអ្នករៀបបន្លែនិងលើកនំឲ្យភ្ញៀវដែលមកបរិភោគនៅក្នុងហាងនិងអតិថិជនដែលទិញយកទៅផ្ទះ។
សម្រាប់តម្លៃដ៏សមរម្យត្រឹមតែ២ពាន់រៀលក្នុងមួយបន្ទះនេះ ត្រូវបានអ្នកស្រី សុខ ហួ បញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំគិតដល់សិស្សនិស្សិតជាចម្បង ខ្ញុំលក់នៅក្នុងតម្លៃទាប ពួកគាត់អាចមានលិទ្ធភាពទិញហូបបានច្រើន គឺដូចចំណេញបានច្រើនដែរ»។ អ្នកស្រីបានឲ្យដឹងទៀតថា ក្រៅពីសិស្សនិស្សិតនិងបុគ្គលិកដែលធ្វើការនៅក្រុងកំពង់ចាមនេះ នៅហាងរបស់អ្នកស្រីក៏មានអតិថិជនមកពីចម្ងាយច្រើនគួរសមដែរ។ នៅក្នុងមួយថ្ងៃ អ្នក សុខ ហួ ប្រើអង្កររហូតដល់ទៅ៣៥គីឡូក្រាម សម្រាប់ចាក់នំបាញ់ឆែវនេះលក់ ដោយអ្នកស្រីអាចរកចំណូលបានជាង១លានរៀល។
ចំណូលដែលនៅសល់ក្រោយពីដកថ្លៃចំណាយទាំងអស់ ម្ចាស់ហាងនំបាញ់ឆែវដ៏ល្បីនៅក្រោយវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម រូបនេះ អាចចិញ្ចឹមជីវភាពគ្រួសារបានសមរម្យ រួមទាំងបានផ្គត់ផ្គង់ការសិក្សាររបស់កូនស្រី៣នាក់ផងដែរ ដោយ២នាក់កំពុងរៀនថ្នាក់វិទ្យាល័យនៅក្រុងកំពុងចាម និងម្នាក់ទៀតកំពុងត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ។
ទោះបីជា ប្រាក់ចំណូលដែលបានពីមុខរបរលក់នំបាញ់ឆែវនេះ ច្រើនគួរសមពិតមែន តែអ្នកស្ត្រីវ័យ៥៦ឆ្នាំ រូបនេះ បានបង្ហាញក្តីបារម្ភខ្លាំងទៅថ្ងៃអនាគតដែលនឹងគ្មានអ្នកបន្តវេន ដោយអ្នកស្រី សុខ ហួ បញ្ជាក់យ៉ាងដូច្នេះ៖ «កូនៗថា ឃើញខ្ញុំហត់នឿយខ្លាំង ដូច្នេះពួកគាត់មិនចង់បន្តមុខរបរនេះទេ។ ខ្ញុំស្តាយកេរ្តិ៍ឈ្មោះហាងដែលខំតាំងពីដើមរហូតល្បីដូចសព្វថ្ងៃ ប៉ុន្តែ មិនដឹងធ្វើមិច។ ខ្ញុំនឹងបន្តប្រកបមុខរបរលក់នំបាញ់ឆែវនេះ រហូតទាល់តែខ្ញុំអស់កម្លាំងធ្វើលែងរួច»៕