អន្តរជាតិ
អាមេរិក នៅតែ​គាំទ្រ​ដំណើរ​ប្រជាធិបតេយ្យ​នៅ​ថៃ ទោះ​ជាមាន​បញ្ហា​ចម្រូងចម្រាស​ក្រោយ​ការបោះឆ្នោត
01, May 2019 , 2:52 pm        
រូបភាព
រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកលោក David Hale ចាប់ដៃអនុរដ្ឋមន្រ្តីការបរទេសថៃ​ Virasakdi Futrakul ។ (រូបភាពពី Twitter ក្រសួងការបរទេសថៃ)
រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកលោក David Hale ចាប់ដៃអនុរដ្ឋមន្រ្តីការបរទេសថៃ​ Virasakdi Futrakul ។ (រូបភាពពី Twitter ក្រសួងការបរទេសថៃ)
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៣០ ខែមេសា បានបង្ហាញ​ការគាំទ្រ​ការវិលត្រឡប់​ទៅរក​ប្រជាធិបតេយ្យ​នៅ​ថៃ​។ ការបង្ហាញ​គាំទ្រ​នេះ ធ្វើឡើង​អំឡុងពេល​ទស្សនកិច្ចរ​ប​ស់លោក David Hale រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​នយោបាយ​។ បើតាម​លោក Hale អាមេរិក មិន​កាន់ជើង​ខាង​ណា​ឡើយ​ជុំវិញ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា ខណៈ​បញ្ហា​ចម្រូងចម្រាស​នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​។​

 
​អំឡុងពេល​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​បួន​ប្រទេស​នៅ​អាស៊ី រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​នយោបាយ David Hale បាន​កោតសរសើរ​ដំណើ​ទៅកាន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ​របស់​ថៃ​តាមរយៈ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា​។ សម្រាប់​លោក Hale ការបោះឆ្នោត និង​ការយកចិត្តទុកដាក់រ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​លើ​ការបោះឆ្នោត ជាការ​តាំង​ចិត្តល្អ​មួយ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​។​
 
​តាមពិតទៅ ស្ថានការណ៍​ក្រោយ​ការបោះឆ្នោត​ខែមីនា មាន​បញ្ហា​ជាច្រើន​ពិសេស​ការបែងចែក​អាសនៈ​សភា​ចំនួន​១៥០ និង​បណ្ដឹង​ប្រឆាំង​អ្នកនយោបាយ​ជើង​ថ្មី​តែម្ដង​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ មិនទាន់មាន​រូបមន្ត​ពិតប្រាកដ​ណាមួយ​ដើម្បី​ចែក​អាសនៈ​នេះ​នៅឡើយ​ទេ ខណៈ​អាសនៈ​សេសសល់ ជា​កត្តា​ស្លាប់​រស់ក្នុង​ការកំណត់​ថា សម្ព័ន្ធភាព​នយោបាយ​ណាមួយ និយាយ​ឲ្យ​ចំ​សម្ព័ន្ធភាព​ដឹកនាំ​ដោយ​បក្ស​ភឿ ឬ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែលមាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ប្រទេស​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Hale អះអាងថា ទោះ​មាន​បញ្ហា​ក្រោយ​ការបោះឆ្នោត​នេះ អាមេរិក​ឈរ​នៅ​ជាមួយ​ថៃ​។ មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ បង្ហាញ​ក្ដី​រំ​ពឺ​ង​ថា ថៃ​នឹងមាន​ដំណោះស្រាយ​យុត្តិធម៌ និង​តម្លាភាព​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​។ ប៉ុន្តែ​អាមេរិក មិន​គាំទ្រ​បក្សនយោបាយ​ជាក់លាក់​ណាមួយ ឬ​លទ្ធផល​អ្វី​ឡើយ តែ​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​។ 
 
​ការប្រកាស​មិន​គាំទ្រ​បក្ស​ណាមួយ​ពី​សំណាក់​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ស្ថានទូត​អាមេរិក​បាន​អមដំណើរ​លោក Thanathorn Juangroongruangkit ប្រធាន​បក្ស​អនាគត​ឈានមុខ ចូល​បំភ្លឺ​នៅ​ប៉ុស្តិ៍​កាលពី​ខែមីនា​កន្លងទៅ​។ កាលនោះ រដ្ឋាភិបាល​ក្រុង​បាងកក បង្ហាញ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ជុំវិញ​វត្តមាន​មន្ត្រី​ទូត​បរទេស​បែប​នោះ និង​ចាត់ទុកជា​ការបំពាន​កិច្ចការ​ផ្ទៃក្នុង​ថៃ​ទៀតផង​។​
 
​បច្ចុប្បន្ន បក្ស​អនាគត​ឈានមុខ​របស់លោក Thanathorn ទទួលបាន​អាសនៈ​លំដាប់​ទី​បី​បន្ទាប់​បក្ស​ភឿ​ថៃ​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ស៊ីណា​វ៉ា​ត់ និង​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ឲ្យ​បន្ត​តំណែង​ទៀត​។ ការ​លេចមុខ​ឆាប់រហ័ស​បែបនេះ ធ្វើ​ឲ្យ​ពួក​កាន់អំណាច​នៅ​ថៃ​មិន​សប្បាយចិត្ត ហើយក៏​ដាក់ពាក្យ​ប្ដឹង​តែម្ដង​៕

Tag:
 អាមេរិក​
  ថៃ​
  David Hale
© រក្សាសិទ្ធិដោយ thmeythmey.com