អន្តរជាតិ
មក​ស្គាល់​សមាជិក​រាជវង្ស​ជប៉ុន​ដែលមាន​សិទ្ធិ​ស្នងរាជ្យ​បន្ត​ពី​អធិរាជ ណា​រ៉ូ​ហ៊ី​តុ
01, May 2019 , 8:59 pm        
រូបភាព
ឆ្វេងទៅស្ដាំ៖ ព្រះអង្គម្ចាស់ អាគីស៊ីណុ, ព្រះអង្គម្ចាស់ ហ៊ីសាហ៊ីតុ និងព្រះអង្គម្ចាស់ ហ៊ីតាឈី
ឆ្វេងទៅស្ដាំ៖ ព្រះអង្គម្ចាស់ អាគីស៊ីណុ, ព្រះអង្គម្ចាស់ ហ៊ីសាហ៊ីតុ និងព្រះអង្គម្ចាស់ ហ៊ីតាឈី
​រជ្ជទាយាទ ណា​រ៉ូ​ហ៊ី​តុ នៅ​ថ្ងៃទី​១ ខែឧសភា បាន​ឡើង​គ្រងរាជ្យ​ជា​អធិរាជ​ជប៉ុន​ហើយ ដោយ​ស្នង​តំណែង​បន្ត​ពី​បិតា​អធិរាជ អាគី​ហ៊ី​តុ ដែល​ដាក់រាជ្យ​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមេសា​។ ឥឡូវនេះ យើង​ងាក​មក​និយាយ​រឿង​រជ្ជទាយាទ​ថ្មី​វិញ​ដែល​អាច​ក្លាយជា​អធិរាជ​នៅ​ថ្ងៃ​ខាងមុខ​។ បើ​គិត​តាមច្បាប់​ជប៉ុន រាជវង្សានុវង្ស​ដែល​អាច​ឡើងគ្រងរាជ្យសម្បត្តិ​បាន មានតែ​បី​អង្គ​ប៉ុណ្ណោះ ហើយ​មួយអង្គ​មាន​ព្រះជន្ម​៨៣​វស្សា​ទៅហើយ​។​

 
​បើតាម​ច្បាប់​ស្ដីពី​រាជវង្ស​ជប៉ុន​ឆ្នាំ​១៨៨៩ មានតែ​សមាជិក​រាជវង្ស​ជា​បុរស​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ស្នងរាជ្យ​បាន​។ ដោយសារ​ច្បាប់​នេះ ព្រះ​នាង អៃ​កុ បុត្រី​ទោល​របស់​អធិរាជ​ថ្មី មិនអាច​គ្រងរាជ្យ​បន្ត​ពី​បិតា​របស់​ទ្រង់​ឡើយ​។ 
 
​ដូចនេះ រជ្ជទាយាទ​លំដាប់​ទីមួយ​ដែល​អាច​ឡើង​ប្រថាប់​បល្ល័ង្ក Chrysanthemum គឺ​ព្រះអង្គម្ចាស់ អាគី​ស៊ី​ណុ ព្រះអនុជ​ផ្ទាល់​របស់​អធិរាជ ណា​រ៉ូ​ហ៊ី​តុ ។ ព្រះអង្គម្ចាស់ អាគី​ស៊ី​ណុ មាន​ព្រះជន្ម​៥៣​វស្សា និង​ជា​បុត្រា​ទី​ពីរ​របស់​អតីត​អធិរាជ អាគី​ហ៊ី​តុ ។ 
 
​រជ្ជទាយាទ​លំដាប់​ទី​ពីរ គឺ​ព្រះអង្គម្ចាស់​តូច​ព្រះជន្ម​១២​វស្សា ហ៊ី​សា​ហ៊ី​តុ ដែលជា​បុត្រា​ពៅ​នៃ​ព្រះអង្គម្ចាស់ អាគី​ស៊ី​ណុ ។ ការ​ប្រសូត​របស់​ព្រះអង្គម្ចាស់​អង្គ​នេះ បាន​បិទ​បញ្ចប់​ការជជែក​គម្រោង​កែ​ច្បាប់​ស្ដីពី​រាជវង្ស ខណៈដែល​សមាជិក​រាជ​វង្ស​ជប៉ុន​ភាគច្រើន​ជា​ស្ត្រី ហើយ​គ្មាន​សិទ្ធិ​គ្រងរាជ្យ​ទៅទៀត​នោះ​។ សមាជិក​រាជវង្ស​មួយអង្គ​ទៀត​ដែលមាន​សិទ្ធិ​ក្លាយជា​អធិរាជ​ដែរនោះ គឺ​ព្រះអង្គម្ចាស់ ហ៊ី​តា​ឈី ព្រះជន្ម​៨៣​វស្សា និង​អនុជ​របស់​អតីត​អធិរាជ អាគី​ហ៊ី​តុ ។​
 
​ព្រោះតែ​សមាជិក​រាជវង្ស​អាច​បន្ត​រាជ្យ​មាន​តិច​អង្គ​បែបនេះ ការពិភាក្សា​ជុំវិញ​ការកែប្រែ​ច្បាប់ ក៏​លេចឡើង​ម្ដងទៀត​។ ព្រះអង្គម្ចាស់ ហ៊ី​តា​ឈី នឹងមិន​មាន​ព្រះជន្ម​រហូតដល់​ពេល​រើស​អធិរាជ​ថ្មី​ឡើយ​។ ព្រះអង្គម្ចាស់ អាគី​ស៊ី​ណុ វិញ មាន​ព្រះជន្ម​តិចជាង​ព្រះរាម​តែ​៦​វស្សា​ប៉ុណ្ណោះ​។ ក្នុងករណី អធិរាជ ណា​រ៉ូ​ហ៊ី​តុ មាន​ព្រះជន្ម​ជរា​នោះ អនុជ​ទ្រង់​ក៏​ស្ថិតក្នុង​ស្ថានភាព​ដូចគ្នា​ដែរ​។ ដូចនេះ បន្ទុក​នឹង​ធ្លាក់​ធ្ងន់​លើ​ព្រះអង្គម្ចាស់ ហ៊ី​សា​ហ៊ី​តុ មួយ​អង្គឯង​។ 
 
​តាមពិតទៅ រដ្ឋាភិបាល​ជប៉ុន ប្រុង​កែប្រែ​ច្បាប់​ស្ដីពី​រាជវង្ស​អធិរាជ​នេះ​ម្ដង​ហើយ​កាលពី​ឆ្នាំ​២០០៦ ប៉ុន្តែ​ក៏​អាក់ខាន​វិញ​ដោយសារ​ការ​ប្រសូត​របស់​ព្រះអង្គម្ចាស់ ហ៊ី​សា​ហ៊ី​តុ ។ គម្រោង​កែប្រែ​ច្បាប់​សំខាន់​នេះ តែង​រង​ការប្រឆាំង​ពី​សំណាក់​ក្រុម​អភិរក្ស ដែល​ចាត់ទុក​ការអនុញ្ញាត​ឲ្យ​សមាជិក​រាជវង្ស​ជា​បុរស​គ្រងរាជ្យ ជា​មូលដ្ឋានគ្រឹះ​ប្រពៃណី​ជប៉ុន​។ ប៉ុន្តែ​គំនិត​បែបនេះ រង​ប្រតិកម្ម​វិញ ព្រោះ​ក្លាយជា​ការគំរាមកំហែង​ដល់​ស្ថិរភាព​រាជវង្ស​ជប៉ុន​៕
 

Tag:
 ​ជប៉ុន​
  ណា​រ៉ូ​ហ៊ី​តុ​
  អាគី​ស៊ី​ណុ​
  ហ៊ី​សា​ហ៊ី​តុ​
  ហ៊ី​តា​ឈី
© រក្សាសិទ្ធិដោយ thmeythmey.com