អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យោធា​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​សំដៅ​សមុទ្រ​ជប៉ុន​
04, May 2019 , 9:20 am        
រូបភាព
កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ច្រើន​គ្រាប់​ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួន​។ នេះ​បើតាម​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង​។ យ៉ាងណាមិញ ក្រុង​សេ​អ៊ូ​ល​មិនទាន់​ដឹង​ពី​ប្រភេទ​មី​ស៊ី​ល​ដែល​បាញ់​នេះឡើយ​។ នេះ​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​ដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​របស់ខ្លួន និង​ជា​លើកដំបូង​ក្រោយ​ជំនួប​បរាជ័យ​នៅ​ទឹកដី​វៀតណាម​កាលពី​ខែកុម្ភៈ​។​

 
​បន្ទាប់​នៅ​ស្ងាត់ស្ងៀម​យូរ​គួរសម​តាំងពី​ឆ្នាំ​២០១៧ មក កូរ៉េខាងជើង​ចាប់ផ្ដើម​បាញ់​មី​ស៊ី​ល​ជាថ្មី​។ ការិយាល័យ​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៤ ខែឧសភា ប្រកាសថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មិន​ស្គាល់​ប្រភេទ​សំដៅ​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​នៅពេល​វេលា​ម៉ោង​៩​ព្រឹក (​ម៉ោង​នៅ​ឧបទ្វីប​កូរ៉េ​)​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចេញពី​ទីក្រុង Wonsan នៃ​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួន​។ នៅពេលនេះ កូរ៉េខាងត្បូង និង​អាមេរិក កំពុង​កំណត់​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​មួយ​នេះ​។ មី​ស៊ី​ល​ជាច្រើន​គ្រាប់​នោះ រត់​ក្នុង​ល្បឿន​ពី​៧០​គីឡូម៉ែត្រ​ទៅ​២០០​គីឡូម៉ែត្រ​។ 
 
​វា​ហាក់ដូចជា​រឿង​ចម្លែក​ដែល​ទីក្រុង​ព្យុងយ៉ាង​ងាក​ទៅរក​សកម្មភាព​បង្កហេតុ​ដូច​អតីតកាល​ឡើងវិញ​បែបនេះ ព្រោះ​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​តាមរយៈ​ការចរចា​ផ្ទាល់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។ ប៉ុន្តែ​ការចរចា​បាន​ជាប់គាំង ហើយ​ជំនួប​ទល់មុខ​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​វៀតណាម​បែរជា​ដួលរលំ​គ្មាន​លទ្ធផល​ទៅទៀត ខណៈ​កូរ៉េខាងជើង​ចោទប្រកាន់​ឥរិយាបថ​អាមេរិក​ជា​មូលហេតុ​។​
 
​តាំងតែ​ពីក្រោយ​ជំនួប​នៅ​ហាណូយ កូរ៉េខាងជើង​ត្រូវបាន​គេ​មើលឃើញថា ប្រកាន់​ជំហរ​កាន់តែ​រឹងមាំ​ជាង​មុន និង​និយាយ​វាយប្រហារ​អាមេរិក​មិន​ដាច់​ពី​មាត់​។ មន្ត្រីជាន់ខ្ពស់​នៃ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង បាន​ប្រាប់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ផ្លាស់ប្ដូរ​អាកប្បកិរិយារ​បស់​ខ្លួន បើ​ចង់​ឲ្យ​ការចរចា​បន្ត​ដំណើរកា​រ ហើយ​ថែមទាំង​ស្នើ​ឲ្យ​ដក​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ពី​ប្រធាន​ក្រុម​ចរចា​ទៀតផង​។ ព្យុងយ៉ាង​អះអាងថា លោក ប៉ុ​ម​ប៉េ​អូ ជា​ឧបសគ្គ​នៃ​ការចរចា​។​
 
​បើ​ដូច្នេះ​មែន ការបាញ់​មី​ស៊ី​ល​មួយ​គ្រាប់​នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ទំនងជា​សារ​ព្រមាន​របស់​កូរ៉េខាងជើង​ទៅកាន់​អាមេរិក​។ កូរ៉េខាងជើង​ចង់​ប្រាប់​អាមេរិក​ថា ខ្លួន​នៅតែមាន​សមត្ថភាព​ខ្លាំង​ដដែល ហើយ​មិន​ចុះ​ញ៉ម​ការចរចា​ដែល​ភាគី​ម្ខាង​ទៀត​ដាក់​លក្ខខណ្ឌ​មិនអាច​ទទួលយក​បានឡើយ​។ វា​ជាស​ញ្ញា​ដែរ​ថា ទណ្ឌកម្ម​របស់​អន្តរជាតិ មិនមាន​ប្រសិទ្ធភាព​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ដោយ​ស្រួល​ដែរ​៕   

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com