ជាតិ
នយោបាយជាតិ
កូរ៉េខាងត្បូង សន្យាជួយបំប៉នជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងពត៌មានវិទ្យា ដល់កម្ពុជា រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ កូរ៉េខាងត្បូង សន្យាជួយបំប៉នជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងពត៌មានវិទ្យា ដល់កម្ពុជា។ ការសន្យានេះ ធ្វើឡើងតបតាមសំណើរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងទស្សនកិច្ចនៅទីនោះ។
ក្នុងជំនួបពិភាក្សាគ្នានោះ ទីភ្នាក់ងារនគរបាលជាតិកូរ៉េបានយល់ព្រមជួយបណ្តុះបណ្តាលនគរបាលជាតិកម្ពុជា លើជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មពត៌មានវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការគ្រប់គ្រងបាតុកម្ម និងជំនួយឧបករណ៍សម្ភារៈបច្ចេកទេសមួយចំនួនសម្រាប់មណ្ឌលគ្រប់គ្រងចរាចរណ៍ទីក្រុង។
បន្ថែមពីនេះភាគីកូរ៉េខាងត្បូង បានឯកភាព និងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជាលើការងារសំខាន់រួមមាន៖ ទី១ ការបន្តកិច្ចសហប្រតិបត្តិការទាំងក្នុងវិស័យរដ្ឋបាលសាធារណៈ និងវិស័យសន្តិសុខដូចបានកំណត់ក្នុងអនុស្សារណៈស្ដីពីការយោគយល់គ្នាហៅកាត់ថាMOU។ ទី២ ការគាំទ្រការបណ្តុះបណ្តាលនគរបាលកម្ពុជាលើជំនាញប្រឆាំងបទល្មើសព៌តមានវិទ្យា ការគ្រប់គ្រងបាតុកម្ម គ្រឿងញៀន។ ទី៣ ការផ្តល់ឧបករណ៍សម្ភារៈគ្រប់គ្រងចរាចរណ៍ ។ទី៤ ការគាំទ្រដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងចុងក្រោយ ការគាំទ្រដល់ការរៀបចំមជ្ឍមណ្ឌលជាតិគ្រប់គ្រងទិន្នន័យប្រជាជន។
ក្រៅពីនេះកូរ៉េ ក៏គ្រោងស្នើអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនគរបាលកូរ៉េ-អាស៊ាន ដែលនឹងប្រារព្ធឡើងនៅថ្ងៃ២៣ ខែតុលា ខាងមុខទៀតផង។
គួរបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង និងភាគីកូរ៉េ គឺផ្ដោតលើការលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដកបទពិសោធន៍ការងារសុវត្ថិភាពចរាចរណ៍ ការប្រឆាំងភេវរកម្ម និងការអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលជាតិ៕
Tag:
ស ខេង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com