ONE Championship
កីឡាជាតិ
ជាតិ
ONE Championship ផ្ដល់​ផល​ល្អ​ច្រើន​ដល់​អ្នក​ហាត់​ក្បាច់គុន និង MMA នៅ​កម្ពុជា
05, May 2019 , 8:25 am        
រូបភាព
ដោយ: ថ្មីៗ
អត្ថបទ​៖ ស៊ី​ធី  
​មួយរយៈ​ចុងក្រោយ​នេះ​គេ​ឃើញ​មាន​កីឡាករ​កម្ពុជា​ជាច្រើន​បានបង្ហាញ​ខ្លួន​លើស​ង្វៀន​កម្រិត​ពិភពលោក ONE Championship ដូចជា ចាន់ រតនា​, នៅ ស្រី​ពៅ​, សុខ ធី ហៅ កា​កា​, គង់ សំបូរ​, ស សី​, ឡៅ ចិ​ត្រា​, មាស ម៉ើ​, ថៃ រិទ្ធី​, វី ស្រី​ខួច និង ខុន ស៊ី​ចាន់ ជាដើម​។ រឿង​ល្អ​ទាំងនេះ​នាំ​ឲ្យ​មាន​ទស្សនៈ​កីឡាករ គ្រូបង្វឹក និង ថ្នាក់ដឹកនាំ​បានលើកឡើង​អំពី​ផល​ល្អ​នៅ​កម្ពុជា​ពីស​ង្វៀន ONE​។

 
​កីឡាករ​ជើងចាស់ ស សី បាន​បញ្ចេញ​ទស្សនៈ​អំពី​សង្វៀន​កម្រិត​អន្តរជាតិ​ថាស​ង្វៀន ONE ផ្ដល់​តម្លៃ​ខ្លួន​ល្អប្រសើរ​ពេលចេញ​ទៅ​ប្រកួត​ម្ដងៗ​។  ជាក់ស្ដែង សុខ ធី បង្ហើប​ថា គេ​ទទួលបាន​តម្លៃ​ខ្លួន​ដល់ ៥ ពាន់​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការឡើង​សង្វៀន​ម្ដងៗ ខណៈដែល នៅ ស្រី​ពៅ ហ៊ាន​បង្ហើប​ថា​ការឡើង​សង្វៀន​ដូចគ្នានេះ​ទទួលបាន ៤ ពាន់​ដុល្លារ​អាមេរិក​។ ចំណែក ចាន់ រតនា ដែលជា​កីឡាករ​ជើងចាស់​ប្រចាំ​សង្វៀន​អន្តរជាតិ​មួយ​អាចមាន​តម្លៃ​ខ្លួន​ច្រើនជាង សុខ ធី និង ស្រី​ពៅ​។ ស្ថិតក្នុង​វ័យ ៣៧ ឆ្នាំ ស សី ដែលមាន​បទពិសោធន៍​នៅ​សង្វៀន​ខាងលើ​នោះបាន​សង្កត់ធ្ងន់ថា​៖« នៅ​សង្វៀន ONE Championship យើង​មិនបាន​ឡើង​វ៉ៃ​រាល់​សប្ដាហ៍ ឬ ១ ខែម្ដង​ទៀងទាត់​ទេ ប៉ុន្តែ​បើ​ឡើង​វ៉ៃ​ម្ដងៗ ក៏បាន​តម្លៃ​ខ្លួន​គួរសម​អាច​ផ្គត់ផ្គង់​គ្រួ​សារបាន​។ នេះ​ជា​រឿង​ល្អ​ដែល​យើង​ត្រូវ​ប្រឹង​ហាត់​។ ពេល​យើង​ខ្លាំង មិន​ខ្វះ​សង្វៀន​ប្រកួត​ទេ​។ ខ្ញុំ​មានតែ​ការ​ផ្ដាំផ្ញើ​ទេ​ឥឡូវនេះ ព្រោះ​វ័យ​ខ្ញុំ​ចាស់​ណាស់​ទៅហើយ​»​។ 
 
 
​ជាមួយគ្នា​នោះ​គ្រូបង្វឹក​នៅ​ក្លឹប Phnom Penh MMA លោក Alan Mccune បាន​និយាយ​អំពី​ផលចំណេញ​ដល់​កីឡាករ​កម្ពុជា​បែបនេះ​៖«​ខ្ញុំ​បាន​បង្វឹក​គុន​ចម្រុះ​តាំងពី​ឆ្នាំ ២០១៣ មក​នៅ​កម្ពុជា​ពេល​កម្មវិធី Khmer Warrior Challenges ហើយ សង្វៀន ONE ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​កាន់តែ​រឹងមាំ​។ យ៉ាងណាក្ដី​យើង​ត្រូវ​បន្ត​ប្រឹង​ថែមទៀត​ព្រោះ​នៅមាន​ការប្រកួត​ច្រើន​។ យើង​រីកចម្រើន និង មាន​កីឡាករ​កាន់តែច្រើន តែ​លទ្ធផល​ទទួលបាន​នៅមានកម្រិត​។ ខ្ញុំ​មើលឃើញថា​MMA ធ្វើ​ឲ្យ​ចាន់ រតនា រីក​ច្រើន​ខ្លាំង ហើយ​គេ​ជា​កីឡាករ​ល្អ​បំផុត​លើ​ក្បាច់គុន​ចម្រុះ​នៅ​កម្ពុជា​»​។​
 
​រីឯ​អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា លោក កែ ប៊ិន​សូរ​ស្មី បាន​បង្ហើប​ត្រួសៗ​អំពី​ចំណុច​ល្អ​ដល់​កីឡាករ​កម្ពុជា​ថា តាំងពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត ONE Championship លើកដំបូង​នៅ​ភ្នំពេញ​កាល​ឆ្នាំ ២០១៤ កីឡាករ​កម្ពុជា​មានកា​រ​កើនឡើង​ផ្នែក​កម្លាំង និង បច្ចេកទេស​គួរ​ឲ្យ​កត់សម្គាល់​លើ​ក្បាច់គុន​ចម្រុះ​។ ក្នុងនោះ​កីឡាករ​មួយចំនួន​បាន​ក្រាញននាល​នឹង​ក្បាច់ MMA ហើយ​ពួកគេ​ខំប្រឹង​រហូតដល់​មានឈ្មោះ​បោះ​សំឡេង​ទូទាំងប្រទេស និង ឆាក​អន្តរជាតិ​ទោះ​មិនមាន​ការប្រកួត​ញឹកញាប់​ក្នុងស្រុក​។ ជាមួយគ្នានេះ កីឡាករ​ដែលមាន​ជំនាញ​ខាង​គុន​ខ្មែរ គឺ​ឆាប់​ចាប់បាន និង ហាត់​ក្បាច់គុន MMA បាន​យ៉ាង​ល្អ​។ បើ​ប្រកួត​ក្នុងស្រុក ល្បី​តែ​ក្នុងស្រុក ប៉ុន្តែ បើសិនជា​ចូល​ប្រកួត​លើស​ង្វៀន ONE គឺ​ល្បី​លំដាប់​ពិភពលោក ហើយ រួមចំណែក​ផ្សព្វផ្សាយ​ក្បាច់​របស់​ខ្មែរ​ទៀតផង​។ កីឡាករ​ខ្មែរ​ជាច្រើន​ល្បីល្បាញ​ទូទាំង​សកល​តាមរយៈ​សង្វៀន​អន្តរជាតិ​មួយ​នេះ​។ 
  
 
​អនុប្រធាន​សហព័ន្ធ​ដដែល​នេះ បាន​ប្ដេជ្ញាចិត្ត​ជាមួយ​ថ្នាក់ដឹកនាំ និង ក្លឹប​/​សមាគម​ក្រោម​ដំបូល​សហព័ន្ធ​ក្នុង​គោលដៅ​ជួយ​ឲ្យ​កីឡាករ​ខ្មែរ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស និង ទទួលបាន​តម្លៃ​ខ្លួន​ល្អ​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ 
 
​គួរ​ដឹង​ដែរ​ថា ONE Championship ដែល​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កម្រិត​ពិភពលោក បានមក​រៀបចំ​ការប្រកួត​លើកដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឆ្នាំ ២០១៤ និង​បន្ត​ដល់​ឆ្នាំ ២០១៥ មុននឹង​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​នេះ​នៅ​កម្ពុជា​។ ថ្មីៗ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ត្រូវបាន​បង្កើតឡើង ហើយ សហព័ន្ធ​នឹង​ព្យាយាម​សហការ​បង្កើត​ឲ្យ​មានការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ជាតិ និង អន្តរជាតិ​ឡើងវិញ​តាមតែ​អាចធ្វើ​ទៅបាន​៕ 
 
  
 ‬ 

© រក្សាសិទ្ធិដោយ thmeythmey.com