ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក​ផ្តល់​ថវិកា​ជាង​៥៧​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​ទឹកស្អាត និង​អនាម័យ​
05, May 2019 , 6:59 pm        
រូបភាព
​ធនាគារពិភពលោក​បាន​ផ្តល់​ហិរញ្ញប្បទាន​ជាង ៥៧ លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​។ គម្រោង​នេះ​នឹង​អនុវត្ត​លើ​ខេត្ត​គោលដៅ​ចំនួន ៦ ខេត្ត មានដូចជា ខេត្តកំពង់ធំ​, មណ្ឌល​គី​រី​, បាត់ដំបង​, ព្រៃវែង​, សៀមរាប និង​កំពង់ឆ្នាំង​។

 
​គម្រោង​នេះ​មាន​រយៈពេល​៥ ឆ្នាំ (​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៤) ដែល​អនុវត្ត​រួមគ្នា​រវាង​ក្រសួង​ឧស្សាហកម្ម និង​ធនាគារពិភពលោក​។  ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥៧ លាន​ដុល្លារ ក៏មាន​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល ជាង ២ លាន​ដុល្លា​ផងដែរ​។ ក្នុងនោះ​ទឹកប្រាក់​ចំនួន ៣២ លាន​ដុល្លារ ត្រូវអនុវត្ត​លើ​វិស័យ​លើកកម្ពស់​ទឹកស្អាត និង​ជាង​២៥​លាន​ដុល្លារ​អនុវត្ត​លើ​វិស័យ​អនាម័យ​។ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក Takuya Kamata នាយក​ប្រតិបត្តិ​ធនាគារពិភពលោក (WB) ទទួលបន្ទុក​វិស័យ​ទឹក​សកល​ប្រចាំ​តំបន់​អាស៊ី បាន​ជួប​ពិភាក្សាគ្នា​លើ​កិច្ចការ​ទាំងនេះ កាលពី​ថ្ងៃ​០៣​ខែ ឧសភា​។​
 
​លោក Takuya Kamata បាន​បញ្ជាក់ថា គម្រោង​ទឹកស្អាត និង​អនាម័យ​លើក​នេះ ជា​ចំណុច​ចាប់ផ្តើម​ថ្មី លើ​ការគាំទ្រ​លើ​វិស័យ​ទឹកស្អាត របស់​ធនាគារពិភពលោក ដែល​បានរៀបចំ​ផែនការ​យ៉ាង​លម្អិត ទាំង​ផែនការ​វិនិយោគ និង​ផែនការ​សកម្មភាព​អនុវត្ត​ប្រកបដោយ​តម្លាភាព​រួមគ្នា​។ លោក​សង្ឃឹមថា កិច្ចសហការ​នេះ​នឹង​ទទួលបាន​ផ្លែផ្កា ស្របតាម​គោលដៅ ដែលជា​សកម្មភាព​រួម​គ្នា​។  
 
​វិសាលភាព នៃ​ការអនុវត្ត​គម្រោង បានកំណត់​ទៅលើ​ការពង្រីក​បណ្តាញ និង​ផលិតកម្ម​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ។ ជាពិសេស​ការអភិវឌ្ឍ​ការផ្គត់ផ្គង់​ខ្នាតតូច​នៅ​ភ្នំព្រឹក ខេត្តបាត់ដំបង និង​ឃុំ​មួយចំនួន​នៅ​ខេត្តព្រៃវែង សៀមរាប និង​កំពង់ឆ្នាំង រួមទាំង​ការគៀងគរ ហិរញ្ញប្បទាន​វិស័យ​ឯកជន​ក្នុង​ប្រព័ន្ធ​ខ្នាតតូច​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ដែល​ចាត់ទុក​គម្រោង​នេះ គឺ​កា​រួមចំណែក​សំខាន់​ដល់​គោលដៅ​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល លើ​វិស័យ​ទឹកស្អាត​ឆ្នាំ​២០២៥៕
 
 

Tag:
 World Bank
  ចម ប្រសិទ្ធ​
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com