ជាតិ
លោក ហ៊ុយ ភៀវ បន្តជាប់ជាប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្ដរមានជ័យ
× សៀមរាប៖ សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ បានរៀបចំបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងថ្មីជាលើកទី២ ក្នុងអាណត្តិទី២ ដើម្បីបង្គ្រប់សមាសភាពចំនួន ១៥នាក់ក្នុងស្ថាប័នមួយនេះ។ ការបោះឆ្នោតនៅព្រឹកថ្ងៃទី៥ ឧសភា មានអាជីវករ និងពាណិជ្ជករ ដែលមានសិទ្ធិបោះឆ្នោតជិត៣០០នាក់ និងអ្នកឈរឈ្មោះចំនួន ៧នាក់ ដើម្បីជ្រើសតាំងសមាសភាព៥នាក់បន្ថែម និងប្រធានថ្មី។ ជាលទ្ធផល លោក ហ៊ុយ ភៀវ ប្រធានក្រុមហ៊ុន ទិត ហ៊ុន ត្រេឌីត ខូអិលធីឌី បន្តជាប់ជាប្រធានក្នុងអាណត្តិទី២ លើកទី២នេះ។
ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ ប្រព្រឹត្តទៅពេញមួយថ្ងៃ នៅថ្ងៃទី៥ ឧសភានេះ ដោយលទ្ធផល លោក ហ៊ុយ ភៀវ ដែលជាប្រធានចាស់ បន្តកាន់តំណែងនេះ តាមរយៈការផ្តល់ទំនុកចិត្ត លើសន្លឹកឆ្នោតរបស់ក្រុមអាជីវករ និងពាណិជ្ជករ ដែលមកពីចម្រុះវិស័យ។
លោក ហ៊ុយ ភៀវ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងប្ដេជ្ញាបន្ដកៀងគរអ្នកវិនិយោគនានា ដើម្បីមករកស៊ីក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com