ជាតិ
លោក អូស្មាន ហាស្សាន់ ត្រូវបានតែងតាំង​ជា​បេសកជន​ពិសេស ដើម្បី​ចរចា​សុំ​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​
08, May 2019 , 11:03 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​តែងតាំង​លោក អូស្មាន ហាស្សាន់ ប្រធាន​គណៈកម្មការ​រៀប​ចំ​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា ជា​បេសកជន​ពិសេស សម្រាប់​ចរចា​សុំចូល​ជា​សមាជិក​សង្កេតការណ៍​នៃ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​។ ការ​តែង​តែង​នេះ ធ្វើឡើង​នៅក្នុង​ពិធី​អាហារ​ស្រាយ​បួស «​ខែ​រ៉ា​មា​ឌន​) កាលពី​ថ្ងៃទី​៧ ឧសភា​។​

 
​សម្ដេច ហ៊ុន សែន បាន​និយាយថា មូល​ហេតុដែល​កម្ពុជា ចង់​ចូល​ជា​សមាជិក​អង្គការ​មួយ​នេះ គឺ​ក្នុង​គោលបំណង បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​នេះ ដែល​នឹង​អាច​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា​។ ជាពិសេស​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស តាមរយៈ​ការផ្តល់​អាហារូបករណ៍ ការបណ្តុះបណ្តាល​និស្សិត​សាសនិក​ឥស្លាម និង​ពលរដ្ឋ​កម្ពុជា​ទៀតផង​។ ដោយសារ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការចូល​រួមជាមួយ​អង្គ​ការ​សហប្រតិបត្តិការ​ឥស្លាម​នេះ ទើប​សម្ដេច ហ៊ុន សែន តែងតាំង​ឲ្យ​លោក អូស្មាន ហាស្សាន់ ធ្វើជា​បេសកជន​ពិសេស ទៅ​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក ដើម្បី​ផ្ដល់ឱកាស​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​នេះ​។​
 
​អម​ជាមួយ​ការចង់​ក្លាយជា​សមាជិក​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម ជួយ​ទិញ​ទំនិញ​ពី​កម្ពុជា រាប់ទាំង​ម្ហូប​ហា​ឡា​ល់ (Halal food) ដែលជា​តម្រូវការ​រប​ស់​ពលរដ្ឋ​សា​និក​ឥស្លាម ។ ជា​ពិ​សេ​ទិញ​ម្ហូបអាហារ អង្ករ ដើម្បី​ឲ្យ​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលាយ និង​រីកចម្រើន ដែលជា​ផ្នែក​មួយ​នៃ​ការបង្កើន​ការងារ​ធ្វើ​នៅ​កម្ពុជា​ទៀតផង​។​
 
​គួរ​បញ្ជាក់ថា អង្គការ​សហប្រតិបត្តិ​ការ​ឥស្លាម ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៩ ដើម្បី​ប្រមូលផ្ដុំ​សំឡេង​និង​ការពារ​ផលប្រយោជន៍​ដល់​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​។ បច្ចុប្បន្ន​អង្គការ​មួយ​នេះ មាន​ប្រទេស​៥៣ ជា​សមាជិក ដែល​ភាគច្រើន​ជា​ប្រទេស​កាន់សាសនា​ឥស្លាម​៕

Tag:
 ហ៊ុន សែន​
  អូស្មាន ហា​ហ្សា​ន់​
  ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com