កីឡាអន្តរជាតិ
អន្តរជាតិ
Arnold ពន្យល់​ពី​ការទា​ត់បាល់​ជ្រុង​ដ៏​ល្អ​ដែល​ជួយ​ឲ្យ Liverpool ឈ្នះ Barca ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​
08, May 2019 , 2:49 pm        
រូបភាព
Trent Alexander-Arnold បាន​ពន្យល់​ពី​ការសម្រេចចិត្ត​យ៉ាង​រហ័ស​ក្នុង​ការបង្កើត​ឲ្យ​មានឱកាស​រក​គ្រាប់​បាល់​ទី​៤ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​របស់ Liverpool ទល់នឹង​ក្រុម Barcelona ក្នុងជំនួប​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ។​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ ថា​នេះ​ជាការ​គិត​ភ្លាមៗ​ប៉ុណ្ណោះ​គ្មាន​ការគ្រោងទុក​មុន​ឡើយ​។​


 
​ខ្សែការពារ​ស្លាប​ស្តាំ​សញ្ជាតិ​អង់គ្លេស Trent Alexander-Arnold បាន​ប្រើ​ទេពកោសល្យ​ផ្ទាល់ខ្លួន​ដ៏​អ​ស្ចា្យ​ក្នុងការ​បញ្ជូន​បាល់​ពី​ជ្រុង (Corner Kick) យ៉ាង​ល្អ​ទៅកាន់​មិត្ត​រួម​ក្រុម Divock Origi ដើម្បី​សម្រេច​ទី​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​លោក Jurgen Klopp ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​ជា​លើក​ទី​ពីរ​។ នៅ​ជើង​ទីមួយ ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ​យកឈ្នះ ៣-០ នៅ Nou Camp ប៉ុន្តែ​នៅ​ជើង​ទី​ពីរ ហង្ស​ក្រហម​វាយបក​យកឈ្នះ ៤-០ វិញ​នៅ​ទឹកដី Anfield ដើម្បី​ទទួលបាន​លទ្ធផល​សរុប​ទាំងពីរ​ជើង ៤-៣ ។​

 
 
​នៅពេល​សួរ​ពី​ការទា​ត់បាល់​ជ្រុង​នេះ Arnold ដែលមាន​វ័យ​ទើប​២០​ឆ្នាំ បាន​ឆ្លើយ​ប្រាប់ BT Sport ថា​នេះ​ជាការ​សម្រេចចិត្ត​ភ្លាមៗ​ប៉ុណ្ណោះ​មិនមែនជា​គម្រោង​គិតទុក​មុន​ទេ​។ «​វា​គ្រាន់តែ​ជា​ឱកាស​មួយ​ក្នុងចំណោម​ឱកាស​ផ្សេងទៀត​។ ខណៈដែល​យើង​ឃើញ​ឱកាសល្អ​ហើយ​យើង​ក៏​សម្រេច​ធ្វើ​វា​តែម្តង​។ ប្រហែលជា​ល្បឿន​បាល់​លឿន​បន្តិច ប៉ុន្តែ​គាត់ (Origi) គឺជា​កីឡាករ​ឆ្នើម​នៅតែ​អាច​សម្រេច​គ្រាប់​ទី​ពីរ​របស់គាត់​សម្រាប់​ក្រុម​យើង​បាន​»​។​


 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​របស់​ប៊ែ​ល​ហ្ស៊ិ​ក Origi និង​ខ្សែបម្រើ​សញ្ជាតិ​ហូ​ឡង់ Georginio Wijnaldum រកបាន​ម្នាក់​២​គ្រាប់​ក្នុង​ជ័យជម្នះ ៤-០ សម្រាប់ Liverpool លើ​ក្រុម Barca​។​
​បរាជ័យ​នេះ​បាន​នាំ​ឲ្យ Barca រង​ការខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​ទទួល​ការឈឺចាប់​ដូចគ្នានេះ​ម្តង​ហើយ​កាលពី​រដូវ​កាល​មុន​ក្រោម​ស្នាដៃ​ក្រុម​អ៊ីតាលី AS Roma​។​
 
Liverpool បាន​បន្តដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​នេះ​ជា​លើក​ទី​២ ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​ការប្រកួត​រវាង Spurs និង Ajax នៅ​យប់​នេះ​។ វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​ក្នុង​ក្រុង​ម៉ា​ឌ្រី​ត​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ​៕

Tag:
 បាល់ទាត់​
  UEFA Champions League
  Trent Alexander-Arnold
© រក្សាសិទ្ធិដោយ thmeythmey.com