កីឡាអន្តរជាតិ
អន្តរជាតិ
សំបុត្រ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League តម្លៃ​ចន្លោះ​ពី​៧៨ ទៅ​៦៦៧​ដុល្លារ​
09, May 2019 , 8:39 pm        
រូបភាព
Liverpool និង Tottenham Hotspur ទទួលបាន​សំបុត្រ​ចំនួន ១៦៦១៣​សន្លឹក​ដូចគ្នា​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់ UEFA Champions League រដូវ​កាល​២០១៨-១៩  ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ នា​ថ្ងៃទី​១ ខែមិថុនា​។​


 
​ក្រុម​ហង្ស​ក្រហម Liverpool ដែល​ទម្លាក់ Barcelona ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​២​ឆ្នាំ​ជាប់​គ្នា​បានប្រកាស​ពី​តម្លៃ​សំបុត្រ​សម្រាប់​អ្នកគាំទ្រ​របស់​ពួកគេ ដោយ​លក់​ក្នុង​តម្លៃថោក​បំផុត ៧៩​ដុល្លារ​អាមេរិក សម្រាប់ ២០​ភាគរយ​នៃ​សំបុត្រ​ដែល​ពួកគេ​ទទួលបាន​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA)​។​
 
​ក្រៅពីនេះ សំបុត្រ​ចំនួន​៥៤​ភាគរយ​ត្រូវ​លក់​ក្នុងតម្លៃ​២០០​ដុល្លារ​អាមេរិក ,​សំបុត្រ​២១​ភាគរយ តម្លៃ​៥០០​ដុល្លារ​អាមេរិក និង ៥​ភាគរយ​លក់​ក្នុងតម្លៃ ៦៦៧​ដុល្លារ​អាមេរិក​។ បន្ថែម​លើ​សំបុត្រ​ចំនួន​១៦៦១៣​សន្លឹក Liverpool ទទួលបាន ១០០​សន្លឹក​ទៀត សម្រាប់​មនុស្សពេញវ័យ​និង​ក្មេង រួមបញ្ចូល​គ្នា​ដោយ​លក់​ក្នុងតម្លៃ​១៥៦​ដុល្លារ​អាមេរិក​សម្រាប់​សំបុត្រ​ពីរ​។​
​ដោយឡែក​ក្រុម​មាន់​ខ្នាយ​មាស Spurs ដែល​ផ្តួល Ajax ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មិនបាន​ប្រកាស​អំពី​តម្លៃ​សំបុត្រ​សម្រាប់​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​ឡើយ​។​
 
​ក្រុម​ទាំងពី​ខាងលើ​ក៏​ទទួលបាន​សំបុត្រ ៣០០​សន្លឹក​សម្រាប់​បុគ្គលិក​ក្លិប ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​កីឡាករ​ផងដែរ​។​
 
​រីឯ UEFA ក៏បាន​ដក​សំបុត្រ​ចំនួន​៤០០០​សន្លឹក​រួចទៅហើយ​ដើម្បី​យកទៅលក់​ឲ្យ​អ្នកគាំទ្រ​ពី​ជុំវិញ​ពិភពលោក​សម្រាប់​កៅអី​នៅ​កីឡដ្ឋាន Estadio Metropolitano ដែល​ផ្ទុក​អ្នកទស្សនា​បាន​សរុប​ចំនួន ៦៨០០០​កៅអី​។​
 
​សំបុត្រ​ដែល​នៅ​សេះសល់​ដទៃទៀត គឺ​សម្រាប់​ផ្តល់ជូន​គណៈកម្មការ​រៀប​ចំ​ក្នុង​តំបន់​អេ​ស្ប៉ា​ញ​ដែលជា​ម្ចាស់​កីឡដ្ឋាន រួមទាំង​សមាគមជាតិ ដៃគូ​ពាណិជ្ជកម្ម អ្នក​ផ្សព្វផ្សាយ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​។​
 
​ថ្លៃ​សំបុត្រ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​រដូវ​កាល​មុន​ដែល Real Madrid យកឈ្នះ Liverpool ៣-១ នា​កីឡដ្ឋាន Olympic Stadium ក្នុង​ក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន មានតម្លៃ​ចាប់ពី ៧៩​ដុល្លារ ទៅ ៥០០​ដុល្លារ​អាមេរិក​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com