ជាតិ
​​​ន​យោ​បាយ​ជាតិ​
មុនចេញពីកម្ពុជា អ្នកស្រីស្មីត ឆ្លៀតសុំម្តងទៀតឲ្យលែងលោក កឹម សុខា
09, May 2019 , 5:57 pm        
រូបភាព
អ្នកស្រី រ៉ូណា ស្មីត ស្ថិតក្នុងសន្និសីតកាសែត (រូបពីហ្វេសប៊ុករបស់អ្នកស្រី)
អ្នកស្រី រ៉ូណា ស្មីត ស្ថិតក្នុងសន្និសីតកាសែត (រូបពីហ្វេសប៊ុករបស់អ្នកស្រី)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានបន្តស្នើសុំរដ្ឋាភិបាលឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ ការស្នើសុំជាថ្មីនេះ ធ្វើឡើងក្នុងសន្និសិទសារព័ត៌មាននៃការបញ្ចប់បេសកកម្មរបស់អ្នកស្រី នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។



អ្នកស្រី បានអះអាងថា៖«ការបារម្ភរបស់ខ្ញុំ គឺការឃុំលោក កឹម សុខា ក្នុងពេលបច្ចុប្បន្ននេះ គឺរដ្ឋាភិបាលបានប្រើប្រាស់លក្ខណៈបច្ចេកទេសច្បាប់ ដើម្បីដាក់គាត់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ប៉ុន្តែពាក្យស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការនេះ គឺជាការរារាំងទៅដល់សិទ្ធិសេរីភាពរបស់គាត ក្នុងការជួបជាមួយមនុស្សផ្សេងៗតែប៉ុណ្ណោះ។ ខ្ញុំសូមសង្កត់ធ្ងន់ម្តងទៀត ឲ្យមានការដោះលែងលោក កឹម សុខា ពីការឃុំខ្លួននេះ ព្រមទាំងទម្លាក់ការចោទប្រកាន់ទាំងអស់លើគាត់»។

ក្នុងដំណើរទស្សនកិច្ចលើកទី៧នេះ អ្នកស្រីក៏បានស្នើសុំជួបលោក កឹម សុខា និងចៅក្រមស៊ើបសួរ ដើម្បីឈ្វេងយល់ពីដំណើការស៊ើបអង្កេតនៃសំណុំរឿងនេះផងដែរ ប៉ុន្តែត្រូវបដិសេធ។ ជាលើកទី៣ហើយ ដែលចៅក្រមស៊ើបសួរ បានច្រានចោលសំណើរបស់អ្នកស្រី។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លួចទាក់ទងរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ គិតទាំងជាប់ឃុំក្នុពន្ធនាគារនិងស្ថិតក្នុងគេហដ្ឋាន គឺមានរយៈពេលជាង២០ខែហើយ៕

Tag:
 សិទ្ធមនុស្ស
  កឹម សុខា
  ហ៊ុន សែន
  រ៉ូណា ស្មីត
© រក្សាសិទ្ធិដោយ thmeythmey.com