ជាតិ
សត្វត្រដក់តូច៥ក្បាល រស់នៅមណ្ឌលគិរី ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅសៀមរាបវិញ រូបភាពពីទំព័រហ្វេសប៊ុក USAID
× ភ្នំពេញ៖ កាលពីចុងខែមេសា អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជូនសត្វត្រដក់តូចចំនួន ៥ក្បាលពីខេត្តមណ្ឌលគិរី ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅខេត្តសៀមរាប។ សត្វត្រដក់តូចទាំងនេះ ត្រូវបានរឹបអូសដោយឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងខ្លះទៀត សហគមន៍នៅក្នុងតំបន់នោះ បានយកមកប្រគល់ឲ្យ ក្រោយពួកគេយកទៅចិញ្ចឹមជាការកម្សាន្ត។ បច្ចុប្បន្ន សត្វត្រដក់តូចទាំង ៥ក្បាលនេះ កំពុងរស់នៅក្រោមការថែទាំរបស់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅឯខេត្តសៀមរាប។
សត្វត្រដក់តូច ជាប្រភេទសត្វស្លាបងាយទទួលរងគ្រោះ ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ សត្វត្រដក់នេះ មានកម្ពស់ ១២០សង់ទីម៉ែត្រ និងមានទម្ងន់ ៦គីឡូក្រាម ស្ថិតក្នុងអម្បូរសត្វក្រសា។ សត្វប្រភេទនេះ ចូលចិត្តរស់នៅជុំវិញតំបន់ដីសើម ហើយអាហាររបស់វាមានដូចជា ត្រី, កង្កែប, ល្មូន, ប្រភេទសត្វឥតឆ្អឹងខ្នង, សត្វកកេរ និងថនិកសត្វតូចៗ។
រូបភាពពីទំព័រហ្វេសប៊ុក USAID
នៅចុងខែមេសានេះ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានយកសត្វត្រដក់តូចទាំង ៥ក្បាល ដែលរឹបអូសពីប្រជាពលរដ្ឋដែលយកទៅចិញ្ចឹមជាការកម្សាន្ត ទៅប្រគល់ជូនមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។ សត្វត្រដក់តូចទាំងនេះ ត្រូវបានបញ្ជូនតាមរថយន្តពីខេត្តមណ្ឌលគិរី ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
រូបភាពពីទំព័រហ្វេសប៊ុក USAID
សូមបញ្ជាក់ថា សត្វត្រដក់តូច កំពុងរងការគំរាមកំហែងដោយសារការបរបាញ់នៅក្នុងតំបន់ និងនៅទូទាំងប្រទេស រួមទាំងការធ្វើពាណិជ្ជកម្មជាដើម។ ចំនួនសត្វនេះ នៅលើពិភពលោកកំពុងតែថយចុះ តាមការប៉ាន់ស្មានសត្វត្រដក់ប្រភេទនេះ មាននៅសល់ចំនួនចន្លោះពី ៥.៥០០ ទៅ ១០.០០០ក្បាលប៉ុណ្ណោះ។ នេះបើតាមអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS៕
Tag:
សត្វត្រដក់តូច
មណ្ឌលគិរី
សៀមរាប
WCS
អភិរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com