កីឡាអន្តរជាតិ
អន្តរជាតិ
Evra ឆ្លៀតឌឺដាក់ Arsenal ថា Persie បានចេញពីក្រុមកូនក្មេងទៅលើកពាននៅក្រុមមនុស្សធំ
× Robin van Persie (RVP) អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Arsenal និង Manchester United បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួនហើយនៅអាយុ៣៥ឆ្នាំ។ Patrice Evra បានចេញមុខជូនពរ Persie ដែលជាអតីតមិត្តរួមក្រុម ហើយថែមទាំងចំអកឲ្យអ្នកគាំទ្រកាំភ្លើងធំថាខ្សែប្រយុទ្ធហូឡង់រូបនេះចាកចេញពីក្រុមកូនក្មេង ដើម្បីជួយក្រុមមនុស្សធំលើកពាន Premier League រដូវកាល ២០១២-១៣។
Van Persie បានសម្រេចចូលនិវត្តន៍ក្រោយប្រកបអាជីពនៅលើវាយស្មៅរយៈពេល១៨ឆ្នាំ ជាមួយក្រុមចុងក្រោយរបស់ខ្លួន Feyenoord នៅបញ្ចប់រដូវកាលនេះ។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់បានចំណាយពេលពាក់កណ្តាលអាជីពជាមួយ Arsenal ប៉ុន្តែបានបញ្ចប់ទំនាក់ទំនងរយៈពេល៩រដូវកាលរបស់ខ្លួនជាមួយកាំភ្លើងធំក្នុងឆ្នាំ ២០១២ ដើម្បីទៅចូលរួមជាមួយ Manchester United យ៉ាងចម្រូងចម្រាសក្នុងតម្លៃ ២២,៥ លានផោន (២៩លានដុល្លារអាមេរិក)។
បើតាមការផ្សាយរបស់កាសែតអង់គ្លេស Metro នៅថ្ងៃទី១៣ ខែឧសភា Van Persie មានអារម្មណ៍ធុញទ្រាន់នូវអ្វីដែលរូបគេគិតថាជា«ការសន្យាមិនពិត»កាលនៅ Emirates ហើយរឿងទាំងអស់នោះបានជំរុញទឹកចិត្តរបស់គេដើម្បីជួយក្រុមបិសាចក្រហមឈ្នះពានលីគកំពូលអង់គ្លេសជាលើកទី២០ សម្រាប់រដូវកាលដំបូងនៅ Old Trafford ពោលគឺក្នុងរដូវកាល២០១២-១៣។
ការដែល Van Persie នាំ Man Utd ឈ្នះ Premier League ចុងក្រោយក្រោមការដឹកនាំរបស់ Sir Alex Ferguson ពិតជាធ្វើឲ្យអ្នកគាំទ្រ Arsenal ឈឺចាប់មិនស្ទើទេ ខណៈដែលពួកគេតែងតែជឿជាក់លើខ្សែប្រយុទ្ធហូឡង់ទោះមានបញ្ហារបួសយ៉ាងណាក្តី។
ក្រោយឈ្នះពាននោះ Patrice Evra អតីខ្សែការពារសញ្ជាតិបារាំងធ្លាប់បាននិយាយដឺដងដាក់អ្នកគាំទ្រ Gooners ថា Man Utd ឈ្នះ Arsenal ក្នុងក្របខណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវលកាល ២០០៨-០៩ គឺដូចក្រុមបុរស១១នាក់លេងទល់គ្នាជាមួយក្រុមកូនក្មេង១១នាក់អ៊ីចឹង។
រហូតដល់ Van Persie ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់នេះអតីតប្រធានក្រុមជម្រើសជាតិបារាំង វ័យ៣៧ឆ្នាំដដែលបានផ្ញើសារជូនពរមិត្តចាស់របស់គេដោយឆ្លៀតប្រើពាក្យលែបខាយទៅកាន់ក្រុមអ្នកគាំទ្រ Arsenal ជាថ្មីម្តងទៀត។
«ខ្ញុំចាំថ្ងៃដំបូងដែលអ្នក (Persie) បានចូលរួមជាមួយ Man Utd នៅពេលនោះខ្ញុំបាននិយាយទៅកាន់អ្នកថាសូមស្វាគមន៍ការមកដល់ក្លិបុរស។ សូមសំណាងល្អ Robin van Persie និងអរគុណសម្រាប់ពានទី២០។ ហើយកាលនោះបានធ្វើឲ្យក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍ឈឺចាប់»។ Evra បានសរសេរលើបណ្តាញសង្គម Twitter ផ្ទាល់របស់គេបែបនេះ៕
Tag:
បាល់ទាត់
Patrice Evra
Robin van Persie
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com