ជាតិ
ប្រ​ធានា​ធិ​បតី​ចិន លោក ស៊ី ជីន​ភីង ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​
15, May 2019 , 10:02 am        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ លោកប្រធានាធិបតីចិន ស៊ី ជីនភីង និង ភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាព្រះមហាក្សត្រខ្មែរ ក្នុងពិធីជប់លៀងភ្ញៀវជាន់ខ្ពស់អន្តរជាតិ ក្នុងវិមានសភាប្រជាជន នាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃ ១៤ ឧសភា ឆ្នាំ២០១៩
រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ លោកប្រធានាធិបតីចិន ស៊ី ជីនភីង និង ភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាព្រះមហាក្សត្រខ្មែរ ក្នុងពិធីជប់លៀងភ្ញៀវជាន់ខ្ពស់អន្តរជាតិ ក្នុងវិមានសភាប្រជាជន នាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃ ១៤ ឧសភា ឆ្នាំ២០១៩
​ភ្នំពេញ​៖ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​ប្រារព្វ​ពិធី​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់​ខួប ៦៦​ព្រះវស្សា ឈានចូល ៦៧ វស្សា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​បង្ហោះ​រូបភាព​អបអរ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ចិន និង​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​។​

 
​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​ចិន​ដែរនោះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា ៖«​ជាការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ក្នុង​ពិធីជប់លៀង​ភ្ញៀវ​ជាន់ខ្ពស់​អន្តរជាតិ​ក្នុង​វិមាន​សភា​ប្រជាជន លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង ភរិយា បានរៀបចំ​ពិធី​ចម្រើន​ព្រះវស្សា​ព្រះមហាក្សត្រ​ខ្មែរ​យើង​ក្នុងពេល​នោះដែរ​»​។​


 
​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​បាន​ចាក​ចេញពី​កម្ពុជា កាល​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ដើម្បី​យាង​ទៅ​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ ក្រៅពី​យាង​ចូលរួម​វេទិកា​នេះ ព្រះមហាក្សត្រ ក៏មាន​ព្រះរាជ​ជំនួប​ទ្វេ​ភាគី​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ទៀតផង​។​
 
​ក្នុងជំនួប​ទ្វេភាគី កាលពី​ថ្ងៃទី​១៤ ឧសភា នោះ ប្រធានាធិបតី​ចិន លោក ស៊ី ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ​អនុវត្ត​ផែន​សកម្មភាព សម្រាប់​ការកសាង​សហគមន៍​វាសនា​រួមគ្នា និង​ធ្វើការ​រួមគ្នា ក្នុង​ដំណើរការ​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​តាម​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ភាគី​ទាំងពីរ​។ ប្រធានាធិបតី​ចិន អះអាងថា ចិន​គាំទ្រ​កម្ពុជា ក្នុងការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ស្របតាម​ស្ថានភាព​ជាតិ​។​ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។
 
​ជាមួយគ្នានេះ ព្រះមហាក្សត្រ​ខ្មែរ បាន​មាន​ព្រះរាជបន្ទូល​តប​ថា កម្ពុជា​អរគុណ​ចិន ដែល​តែងតែ​គាំទ្រ និង​ជួយ​ដល់​កម្ពុជា អស់​រយៈពេល​ជា​យូរ​មកនេះ​។ ហើយ​ភាគី​កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចូលរួម​សកម្មភាព​នៃ​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់មួយ និង​វិថី​មួយ​» ជាមួយ​ចិន ព្រមទាំង​​ឈរនៅ​ជាមួយ​ប្រជាជន​ចិនគ្រប់​ស្ថានភាព​៕
 

Tag:
 ស៊ី ជិន​ភីង​
  ព្រះមហាក្សត្រ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com