កីឡាអន្តរជាតិ
អន្តរជាតិ
Man City មាន​ភាគរយ​ខ្ពស់​មិនអាចលេង UCL បើ UEFA រកឃើញថា​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​
15, May 2019 , 3:20 pm        
រូបភាព
​ក្រុម Manchester City ប្រឈម​បំរាម​មិន​ឲ្យ​ចូលរួម​ប្រកួត​ពានរង្វាន់ UEFA Champions League រដូវ​កាល​ក្រោយ ប្រសិនបើ​ក្រុម​ស៊ើបអង្កេត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) រកឃើញថា​ម្ចាស់​ជើងឯក Premier League នេះ​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​។ សព្វថ្ងៃ សំណុំ​រឿងនេះ​ទៅដល់​ដំណាក់កាល​សម្រេចចិត្ត​ចុងក្រោយ ប៉ុន្តែ​ក្រុម​ស៊ើបអង្កេត​របស់ UEFA ចង់​ឲ្យ​មានការ​ដាក់ពិន័យ Man City បែបនេះ​។​


 
​អតីត​នាយករដ្ឋមន្ត្រី​ប៊ែ​ល​ហ្ស៊ិ​កលោក Yves Leterme ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឯករាជ្យ​របស់ UEFA ជា​អ្នកសម្រេចចិត្ត​ចុងក្រោយ​នៅក្នុង​សប្តាហ៍​នេះ​ថា​តើ​ត្រូវដាក់​ទណ្ឌកម្ម​លើ​ក្រុម Man City ឬក៏​អត់​នោះ​។​
 
​ក្លិប​រហស្សនាម​មេឃ​ខៀវ ត្រូវបាន​ចោទប្រកាន់​ជាច្រើន​ករណី​ចាប់តាំងពី UEFA បើក​ការស៊ើបអង្កេត​ឡើងវិញ​ជុំវិញ​ច្បាប់​កំណត់​ហិរញ្ញវត្ថុ​លើ​ការចំណាយ Financial Fair Play (FFP) កាលពី​ខែមីនា​មក​។ 


លោក Yves Leterme ប្រធានក្រុមស៊ើបអង្កេតនៃគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុឯករាជ្យរបស់ UEFA
 
​ច្បាប់ FFP បង្កើតឡើង​ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​ក្លិប​កីឡាបាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​លើ​ការចំណាយ​ហួសកំណត់​លើស​ប្រាក់ចំណូល​។ ច្បាប់​នេះដែរ​ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​របស់​ក្លិប​ដើម្បី​គេច​ផុតពី​ការ​ជំពាក់​បំណុល​ទៀតផង​។​
 
​យោងតាម​ឯកសារ​បែកធ្លាយ​ដែល​បានចេញ​ផ្សាយ​តាមរយៈ​ទស្សនា​វ​ដ្តី​អាល្លឺម៉ង់ Der Spiegel បង្ហាញថា​ក្លិប Man City បាន​លាក់​ប្រាក់​យ៉ាងហោចណាស់ ៧០​លាន​ផោន (៩០​លាន​ដុល្លារ​អាមេរិក​) ដោយ​អះអាងថា​ជា​ប្រាក់​ដែល​បានមកពី​ការឧបត្ថម្ភ​លើ​ការផ្សាយពាណិជ្ជកម្ម​។ តាមរយៈ​ឯកសារ​ខាងលើនេះ គេ​ជឿជាក់ថា UEFA នឹង​ចោទប្រកាន់​ម្ចាស់​ជើងឯក Premier League នេះ​ពីបទ​ផ្តល់​ការពន្យល់​មិន​សម​ហេតុផល​ទៅលើ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​
 
​ជុំវិញ​ឯកសារ​ខាងលើ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola បាន​បន្ដ​បដិសេធ​ដោយ​អះអាងថា នេះ​ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​។ ពួកគេ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ចោទសួរ​ពី​ភាពត្រឹមត្រូវ​នៃ​ការស៊ើបអង្កេត​របស់ UEFA បន្ទាប់ពី​របាយការណ៍​របស់​កាសែត New York Times បញ្ជាក់ថា Man City នឹងត្រូវ​ផ្អាក​មិន​ឲ្យ​លេង​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ពេញ​មួយ​រដូវ​កាល​ក្រោយ​តែម្តង​។​
 
​ប្រសិនបើ​លោក Leterme សម្រេចចិត្តថា ក្លិប​ដែល​គ្រប់គ្រង​ដោយ​សេដ្ឋី​ប្រេង​សញ្ជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​លោក Sheikh Mansour ពិតជា​បាន​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​មែន​នោះ UEFA នឹង​ដក​កៅអី Champions League របស់​ពួកគេ​ទៅ​ឲ្យ​ក្រុម​ចំណាត់ថ្នាក់​ទី​៥ នៃ​លី​គ​កំពូល​អង់គ្លេស ដែល​សព្វ​ថ្ងៃជា​របស់ Arsenal ជំនួស​វិញ​។​
 
​ក្រៅពី Man City ក្រុម​យក្ស​បារាំង Paris St-Germain ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​កាតា​ក៏​កំពុង​ទទួល​ការស៊ើបអង្កេត​យ៉ាងខ្លាំង​ក្លា​ដែរ​ជុំវិញ​ការបំពានច្បាប់​ហិរញ្ញវត្ថុ​នេះ​៕
 

Tag:
 Manchester City
  UEFA
  UEFA Champions League
  Financial Fair Play
© រក្សាសិទ្ធិដោយ thmeythmey.com