ជាតិ
សង្គមជាតិ
វិសាខបូជា រម្លឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូល​និព្វាន​
15, May 2022 , 6:59 pm        
រូបភាព
រូបទីមួយ ព្រះពុទ្ធប្រសូត រូបទីពីរ ព្រះពុទ្ធ សម្តែងធម៌ក្រោយបានត្រាស់ដឹង និង រូបទីបី ព្រះពុទ្ធ ចូលនិព្វាន
រូបទីមួយ ព្រះពុទ្ធប្រសូត រូបទីពីរ ព្រះពុទ្ធ សម្តែងធម៌ក្រោយបានត្រាស់ដឹង និង រូបទីបី ព្រះពុទ្ធ ចូលនិព្វាន
 ថ្ងៃនេះ ជាថ្ងៃ​អាទិត្យ ១៥​កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព​.​ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ គឺថ្ងៃបុណ្យវិសាខបូជា។ ដើម្បីចូលរួមអបអរសាទរបុណ្យវិសាខបូជា សារព័ត៌មានថ្មីៗ សូមអភិប្រាយនូវអត្ថន័យសង្ខេបនៃបុណ្យដ៏សំខាន់នេះ ជូនប្រិយមិត្តអ្នកអាន។

 ​

ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​៣​យ៉ាង ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ គឺ ការ​ប្រសូត ការ​ត្រាស់ដឹង និង​ ការចូល​និព្វាន​។

ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​អាន​ថា សិត​-​ធ័​ត​) ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទន៍​។ ពេលត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, និង ​ព្រះ​សាស្តា ជាដើម​។
 
​ព្រះអង្គ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ «​ពេញបូណ៌មី ខែវិសាខ​» មុន​គ្រិស្តសករាជ​៦២៣​ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម​២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​លួច​យាង​ទៅ​សាង​ផ្នួស​។ ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល​៦​ឆ្នាំ ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ «​ពេញបូណ៌មី ខែវិសាខ​» នា​វេលា​ទៀបភ្លឺ​។ 
 
​បន្ទាប់ត្រាស់ដឹង ព្រះ​បរមគ្រូ​នៃ​យើង បានចំណាយពេលអស់៤៥ព្រះវស្សា ក្នុងយាងសម្តែងធម៌និងប្រោសសត្វលោក។ ដល់ព្រះជន្ម៨០ព្រះវស្សា ព្រះជិនស្រី ទ្រង់ក៏​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ «​ពេញបូណ៌មី ខែវិសាខ​»។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល២៥៦៤​ឆ្នាំ​ហើយ​។   
 
​យើង សង្កេតឃើញថា ព្រះ​សាស្តា ទ្រង់​ប្រសូត ត្រាស់ដឹង និង​ បរិនិព្វាន «​ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​» ដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ បុណ្យ​វិសាខបូជា គឺ​តំណាង​ឲ្យ «​ថ្ងៃ​ទាំង៣​» នេះ​ឯ​ឯ​។​
 
​វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា​។ កាលពី​ឆ្នាំ​១៩៩៩ ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់​បុណ្យ​វិសាខបូជា ជា​បុណ្យ​អន្តរជាតិ​។ 
 
​ចំពោះ​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា ជាបុណ្យមួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបាន​ចាត់ទុកជា​បុណ្យជាតិ​។ ប្រទេសដទៃទៀត ដែលកាន់ព្រះពុទ្ធសាសនា ក៏ប្រារព្ធពិធីបុណ្យវិសាខបូជាដែរ។ 

ដោយសារតែឆ្នាំ២០២១នេះ កម្ពុជា មានការរីករាលជំងឺកូវីដ-១៩ខ្លាំង បុណ្យវិសាខបូជា មិនត្រូវបានរៀបចំឡើងឲ្យអធិកអធម និងមិនអនុញ្ញាតឲ្យប្រជាពុទ្ធបរិស័ទ ទៅវត្ត ដើម្បីចូលរួមប្រារព្ធពិធិបុណ្យនេះឡើយ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត សម្តេចព្រះនាយកនៃគណៈសង្ឃនាយកកម្ពុជា បានថតជាវីដេអូមួយ ដើម្បីប្រគេននិងផ្ញើរធម្មសារជុំវិញបុណ្យវិសាខបូជានេះ ទៅព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ។ តាមរយៈវីដេអូនោះ ព្រះអង្គ បន្ទូលណែនាំឲ្យប្រជាពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យវិសាខបូជា តាមគេហដ្ឋានរៀងខ្លួនៗ ដោយមិនចាំបាច់ទៅវត្តឡើយ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយក៏ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះដែរ៕
 

Tag:
 ពុទ្ធសាសនា​
  វិសាខបូជា​
  ធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com