ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ជំនាញការ​ពី​ប្រទេស​ចិន កំពុង​សិក្សា​ប្លង់​មេ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​
22, May 2019 , 5:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រូបពីហ្វេសប៊ុកក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ដោយ:
​ភ្នំពេញ​៖ អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម​មក​ពី​ទីក្រុង​ស៊ិន​ជិន ប្រទេស​ចិន កំពុង​សិក្សា​គំរូ​ប្លង់​មេ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ត្រូវបាន​រដ្ឋាភិបាល​ចាត់​ចូល​ជា​ទំ​បន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​

 
​ប្រតិភូ​វិទ្យាស្ថាន​គំរូ​ប្លង់ និង​នគរូបនីយកម្ម​នៃ​ទីក្រុង​ស៊ិន​ជិន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ថ្ងៃទី​២១​ខែឧសភា ដែល​ផ្តោតលើ​ពង្រាង​ប្លង់​មេ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​។​
 
​លោក ចម ប្រសិទ្ធ ជឿជាក់ថា គំរូ​ប្លង់​មេ​ដែល​ធ្វើឡើង​ដោយ​ជំនាញការ​ចិន​ទាំងនោះ នឹងមាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ស៊ីវីល័យ ការពារ​បាន​កម្រិត​ប​រិ​ស្ថាន​ខ្ពស់ និង​ជាទី​តាំង​ដ៏​ទាក់ទាញ​សម្រាប់​ការវិនិយោគ និង​តំបន់ឧស្សាហកម្ម ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។ 
 
​លោក ចម ប្រសិទ្ធ បញ្ជាក់ថា នៅពេលដែល​ពង្រាង​ប្លង់​មេនេះ​លេចចេញ​ជា​រូបរាង​ហើយ ប្លង់​នេះ​នឹងត្រូវ​ដាក់​ឲ្យ​ពិភាក្សា​អន្តរក្រសួង មុននឹង​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី​សម្រេច​។​
 
​លោក Xiao Sima ប្រធាន​ប្រតិភូ​នេះ បាន​ឲ្យ​ដឹងថា​ដូច្នេះ​ថា​៖«​ក្រុមការងារ​បច្ចេកទេស​បានមក​សិក្សា​លើក​ទី​១ កាលពី​ខែមីនា​ឆ្នាំនេះ ដោយបាន​មើលឃើញ​ពី​ការរីកចម្រើន និង​សក្ដានុពល​របស់​កម្ពុជា ដែល​គួរ​ជាទី​ចាប់អារម្មណ៍​សម្រាប់​ការវិនិយោគ និង​បង្កើត​សួន​ឧស្សាហកម្ម​»​។ លោក​បន្ថែមថា វិទ្យាស្ថាន​របស់លោក នឹង​យក​បទពិសោធន៍​ដែល​អនុវត្ត​នៅ​ទីក្រុង​ស៊ិន​ជិន មក​អភិវឌ្ឍន៍​នៅ​កម្ពុជា ដោយ​ធ្វើយ៉ាងណា​ឲ្យ​ស្រប​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ៕

Tag:
 សួន​ឧស្សាហកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com