កីឡាជាតិ
ជាតិ
សមត្ថភាព ច្រឹង ពលរដ្ឋ វិល​មករក​ភាពប្រសើរ​ឡើងវិញ​ប្រមាណ​៩០​ភាគរយ​ហើយ​
24, May 2019 , 7:59 am        
រូបភាព
ដោយ:
​ក្រោយ​ជាសះស្បើយ​ពីរ​បួស​១០០​ភាគរយ និង​ហ្វឹកហាត់​ក្នុង​ក្រុម​មួយរយៈ​កន្លងមក សមត្ថភាព​កីឡាករ ច្រឹង ពលរដ្ឋ បាន​វិល​ត្រឡប់មក​ភាព​ដើម​វិញ​បាន​ប្រមាណ​៩០​ភាគរយ​ហើយ​។ ទម្រង់​លេង​របស់គេ នឹង​វិល​មករក​ភាព​ដើម​១០០​ភាគរយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ មកទល់ពេលនេះ ពលរដ្ឋ បានបង្ហាញ​ខ្លួន​ពីរលើក​ហើយ នា​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។

 
​លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រសួងការពារជាតិ​អះអាងថា ស្ថានភាព​របួស​សរសៃ​ជើង​ខាងស្តាំ​របស់​កីឡាករ ច្រឹង ពលរដ្ឋ បានជា​សះស្បើយ​១០០​ភាគរយ ហើយ​ទម្រង់​លេង​ក៏ដូចជា​សមត្ថភាព​គេ​បាន​វិល​មករក​ភាព​ដើម​ប្រមាណ​៩០​ភាគរយ បន្ទាប់ពី​រូបគេ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​មួយរយៈ​កន្លងមកនេះ​។ គ្រូបង្វឹក​រូបនេះ​វាយតម្លៃថា សមត្ថភាព ពលរដ្ឋ នឹង​វិលត្រឡប់​ដូចដើម​១០០​ភាគរយ​វិញ​ក្នុងពេល​ឆាប់​ខាងមុខនេះ​។ 


 
«​សមត្ថភាព ពលរដ្ឋ កំពុង​វិ​វត្ត​ទៅរក​ភាពល្អប្រសើរ តែ​មិនទាន់​ដូចដើម​១០០​ភាគរយ​នោះទេ ដោយសារ​របួស​ជង្គង់​ខុសពី​របួស​កជើង និង​កន្លែង​ផ្សេងៗ​។ ប៉ុន្តែ​បើ​និយាយ​ពីរ​បួស​គាត់​ជាសះស្បើយ​១០០​ភាគរយ​ហើយ ខណៈ​ទម្រង់​លេង​និង​សមត្ថភាព​របស់គាត់​ខ្ញុំ​វាយតម្លៃថា បាន​ប្រហែល​៩០​ភាគរយ​ហើយ​។ ខ្ញុំ​គិតថា សមត្ថភាព​គាត់ នឹង​ដូចដើម​១០០​ភាគរយ​ត្រឹម​៣​ប្រកួត​បន្ទាប់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ភា សុ​ភ័​ក្ត្រា​។​
 
​ទោះបី​សមត្ថភាព ពលរដ្ឋ មិនទាន់​អាច​វិលត្រឡប់​ដូចដើម​ក៏ដោយ តែ​ក្រោយ​ដាក់​ឲ្យ​លេង​បាន​ពីរ​ប្រកួត​កន្លងមក​គ្រូបង្វឹក​រូបនេះ​សង្កេតឃើញថា ទម្រង់​លេង​របស់គេ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ទម្រង់​លេង​កន្លងមក​។ រីកចម្រើន​ត្រង់​រូបគេ លែង​ជា​កីឡាករ​លេង​យករួចខ្លួន តាមរយៈ​ការបញ្ជូន​បាល់​ត្រឡប់​ថយក្រោយ​ពេល​មាន​ឧបសគ្គ​នៅខាងមុខ មកជា​កីឡាករ​លេង​ជម្នះ​ឧបសគ្គ និង​បញ្ជូន​បាល់​ទៅមុខ ដើម្បី​បង្កើត​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់​។ លោក សុ​ភ័​ក្ត្រា ជឿជាក់ថា ពលរដ្ឋ នឹង​ក្លាយជា​កីឡាករ​ដ៏​គ្រោះថ្នាក់​មួយរូប បើ​គេ​រក្សា​ទម្រង់​លេង​បែបនេះ​។ 
 
​កីឡាករ ច្រឹង ពលរដ្ឋ ត្រូវបាន​លោក ភា សុ​ភ័​ក្ត្រា ផ្តល់ឱកាស​ឲ្យ​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​ជាមួយ​ក្រសួងការពារជាតិ​ចំនួន​ពីរលើក គឺ​ក្នុងជំនួប​ស្មើ ១-១ ជាមួយ​សូល​ទី​ឡូ​អង្គរ និង​បរាជ័យ ៤-១ ជាមួយ​គីរីវង់​សុខ​សែន​ជ័យ​។ មុន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រសួងការពារជាតិ ខ្សែបម្រើ​រូបនេះ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​កំពូល​ថៃ Buriram United កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ជើង​ខាងស្តាំ​មិនទាន់​ជាសះស្បើយ​១០០​ភាគរយ ធ្វើ​ឲ្យ​រូបគេ​ខកខាន​ក្នុងការ​ចូលរួម​ជាមួយ Buriram នៅ​រដូវ​កាល​នេះ​តែម្តង​។  

Tag:
 Cambodia League 2019
  ច្រឹង ពលរដ្ឋ​
  ភា សុ​ភ័​ក្ត្រា​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com