កីឡាអន្តរជាតិ
អន្តរជាតិ
លី​គ​ថ្នាក់ស្រុក​មួយ​នៅ​បារាំង​៖ វីដេអូ​របស់​អ្នកគាំទ្រ​ម្នាក់ ក្លាយជា​ភស្តុតាង​ជំនួស VAR
25, May 2019 , 8:59 am        
រូបភាព
ដោយ: រួបរួម
​មិនមែន VAR នោះឡើយ​។ ការកាត់ក្តី​ដែល​មិន​ធ្លាប់មាន​ទាល់តែសោះ​ក្នុង​ប្រវត្តិ​ប្រកួត​កីឡាបាល់ទាត់ ដោយ​គណៈកម្មការ​អាជ្ញា​កណ្តាល​នៃ​ក្របខណ្ឌ​ថ្នាក់ស្រុក​មួយ​នៅ​បារាំង សម្រេច​ឲ្យ​មានការ​ប្រកួត​ឡើងវិញ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​មើលរូប​ភាព​វីដេអូ​របស់​អ្នកគាំទ្រ​ម្នាក់​។

 
​ការប្រកួត​ក្របខណ្ឌ Departemental 2 ប្រចាំ​ស្រុក Dordogne-Perigord នៃ​ប្រទេស​បារាំង រវាង​ក្រុម​ម្ចាស់ផ្ទះ Saint-Genies Archignac និង ក្រុម Condat FC កាលពី​ថ្ងៃទី​៥ ខែឧសភា កន្លងមក បាន​ក្លាយជា​ករណី​ដ៏​ចម្រូងចម្រាស់​មួយ​។ ក្រោយ​ក្រុម​ភ្ញៀវ Condat FC យកឈ្នះ​ក្នុង​លទ្ធផល ៣-២ ថ្នាក់ដឹកនាំ​នៃ​ក្រុម Saint-Genies ស្នើសុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស (Réserve Technique) ដែល​មានចែង​ក្នុង​លក្ខន្តិកៈ​នៃ​ការប្រកួត​។​
 
​គណៈកម្មការ​អាជ្ញាកណ្តាល​នៃ​ការប្រកួត​ប្រចាំ​ដេ​ប៉ា​តឺ​ម៉​ង់ Dordogne (CDA) បាន​ទទួលយក​សំណើរ​របស់​ក្រុម Saint-Genies ទៅ​ត្រួតពិនិត្យ រួម​ជាមួយនឹង​រូបភាព​វីដេអូ​ដែល​ថត​ដោយ​អ្នកគាំទ្រ​ម្នាក់​របស់​ក្រុម​។ ការត្រួតពិនិត្យ​តាម​រូបភាព​វីដេអូ ឃើញថា គ្រាប់​បាល់​បញ្ចូល​ទីមួយ​គ្រាប់​ក្នុងចំណោម​៣​គ្រាប់​របស់ Condat FC ពិតជា​គ្រាប់​បាល់​អក​ហ្សឺ ដែល​អាជ្ញាកណ្តាល​មើលមិនឃើញ​។​
 
​ក្រោយមក CDA បានសម្រេច​ឲ្យ​មានការ​ប្រកួត​ឡើងវិញ ដោយ​អះអាងថា រូបភាព​វីដេអូ​ដែល​ផ្តល់​ដោយ Saint-Genies ពិតជា​បាន​បង្ហាញថា អាជ្ញាកណ្តាល​កាត់ក្តី​មិនបាន​ត្រឹមត្រូវ ពីព្រោះ​កីឡាករ​ម្នាក់​របស់ Condat FC ពិតជា​ស្ថិតនៅ​តំបន់​អក​ហ្សឺ នៅពេលដែល​មិត្ត​រួម​ក្រុម​របស់គេ​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​។ 
 
​ការសម្រេច​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី​១៣ ខែឧសភា កន្លងមកនេះ បានធ្វើ​ឲ្យ​ក្រុម Condat FC ហួសចិត្ត​យ៉ាងខ្លាំង ដោយ​ពួកគេ​បានសម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍ និង​ប្រកាស​តវ៉ា​រហូតដល់​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​បារាំង​។ 
 
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Charente Libre របស់​បារាំង អាជ្ញាកណ្តាល​ម្នាក់​បាន​រិះគន់ថា ប្រសិនបើ​ការសម្រេច​បែបនេះ ធ្វើឡើង​ជាទូទៅ​នោះ ការប្រកួត​ថ្នាក់ស្រុក​នីមួយៗ ច្បាស់​ជា​ត្រូវ​ត្រួតពិនិត្យ​វីដេអូ​យ៉ាងហោចណាស់​៥០០​ដែរ រាល់​ការប្រកួត​នីមួយៗ ជុំវិញ​ការតវ៉ា​ប្រឆាំងនឹង​ការពិន័យ​កាត​ក្រហម អក​ហ្សឺ ឬ​ប៉េ​ណា​ល់​ទី​ជាដើម​។​
 
​មាត្រា​១៤៦ នៃ​លក្ខន្តិកៈ​ទូទៅ​នៃ​ក្របខណ្ឌ​បាល់ទាត់​បារាំង បាន​ចែងថា ក្រុម​នីមួយៗ​អាច​តវ៉ា​ផ្នែក​បច្ចេកទេស​បាន​នៅពេលដែល​ពួកគេ​មើលឃើញ​ពី​ភាពមិនប្រក្រតី​ទាក់ទង​នឹង​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល ប៉ុន្តែ​ការប្រើប្រាស់​វីដេអូ​ដែល​ថត​ដោយ​អ្នកគាំទ្រ​នៃ​ក្រុម​ម្ខាង ទុក​ធ្វើជា​ភស្តុតាង​នោះ ជា​ករណី​ដ៏​ចម្លែក​មួយ​។​
 
​ក្រោយ​ការតវ៉ា​ជា​បន្តបន្ទាប់ ក្របខណ្ឌ​បាល់ទាត់​ថ្នាក់​តំបន់ Ligue de Nouvelle Aquitaine បាន​បដិសេធ​ការសម្រេច​ក្តី​របស់​គណៈកម្មការ​អា​ជ្ញា​កណ្តាល CDA ដោយ​បញ្ជាក់ថា ការត្រួតពិនិត្យ​បច្ចេកទេស​នា​អំឡុងពេល​ប្រកួត មិនអាច​ទទួលយកបាន​នោះឡើយ ប៉ុន្តែ​គេ​អាច​ពិចារណា​ភ្លាមៗ ទាក់ទង​នឹង​ការអនុវត្ត​ខុស​បច្ចេកទេស​របស់​អាជ្ញា​កណ្តាល ដូចជា​ការកំណត់​ទីតាំង​បាល់​ពិន័យ​មិន​ត្រឹមត្រូវ ជាដើម​។​
 
Ligue Nouvelle-Aquitaine ដែល​គ្របដណ្តប់​ពីលើ​ក្របខណ្ឌ​ថ្នាក់ស្រុក បានប្រកាសថា សេចក្តីសម្រេច​របស់​គ​ណៈ​កម្ម​ការ​អាជ្ញាកណ្តាល Dordogne ជាការ​សម្រេច​របស់​អង្គភាព​នេះ​ផ្ទាល់ មិនមែនជា​គោលការណ៍​ថ្នាក់​តំបន់​ឡើយ​។ 
 
​យោងតាម​ច្បាប់​ដែល​បានសម្រេច​ផ្ទាល់មាត់​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភស្តុតាង​ជា​វីដេអូ ក្រោយ​ការប្រកួត នឹងមិន​ត្រូវយក​ទៅពិនិត្យ​នោះឡើយ ដូច្នេះ ក្របខណ្ឌ​បាល់​ថ្នាក់​តំបន់ សម្រេច​រក្សា​លទ្ធផល ៣-២ ដដែល ដោយ Condat FC ដែល​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​បាន​៣​ពិន្ទុ រីឯ Saint-Genies ដែល​រកបាន​២​គ្រាប់ បាន​សូន្យ​ពិន្ទុ​។​
 
​ទោះបី​ជាមាន​សិទ្ធិ​តវ៉ា​បន្ថែមទៀត​ក៏ដោយ ប៉ុន្តែ​ប្រធាន​ក្លិប Saint-Genies បានប្រកាសថា ក្លិប​ទទួលយក​ការសម្រេចចិត្ត​ខាងលើ តាមរយៈ​ការរក្សា​លទ្ធផល ៣-២ ដោយ​មិនចាំបាច់​មានការ​ប្រកួត​សារជាថ្មី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com