ជាតិ
បិទផ្លូវ​តវ៉ា​! តុលាការ​កំពូល នៅតែ​ឲ្យ ជួប សម្លាប់ ជាប់ពន្ធនាគារ​មួយជីវិត​ដដែល​
25, May 2019 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​តុលាការ​កំពូល បានប្រកាស​សាលដីកា​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ដោយ​សម្រេច​ឲ្យ​លោក អឿ​ត អាង ហៅ ជួប សម្លាប់ ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដដែល ពីបទ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ​និង​ជា​អ្នកសិក្សា​ពី​ការអភិវឌ្ឍ​សង្គម​ដ៏​ល្បី​នៅ​កម្ពុជា កាលពី​អំឡុង​ខែ កក្កដា ឆ្នាំ​២០១៦​។​


 
​លោក ជួប សម្លាប់ ធ្វើបណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ក៏​ព្រោះតែ​លោក ចង់​ឲ្យ​តុលាការ​កំពូល សម្រាលទោស​ឲ្យ​ខ្លះ បន្ទាប់ពី​តុលាការ​ភ្នំពេញ សម្រេច​ឲ្យ​លោក ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ មុន​ឈានដល់​តុលាការ​កំពូល លោក ក៏បាន​ដាក់​បណ្តឹងសាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​រួម​ហើយ​ដែរ​។ ប៉ុន្តែ បណ្តឹងសុំ​សម្រាលទោស​របស់លោក ត្រូវបាន​តុលាការ​ជាន់ខ្ពស់​ទាំងពី​រ​នេះ ច្រានចោល​។ 
 
​លោក អ៊ឹម ម៉ាច មេធាវី​របស់លោក ជួប សម្លាប់ មានការ​សោកស្តាយ​ដែល​តុលាការ​កំពូល ពុំបាន​សម្រាលទោស​ឲ្យ​កូនក្តី​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា «​គាត់ ប្រាប់​ខ្ញុំ និង​បាន​សារភាព​ក្នុង​សវនាការ​ថា គាត់​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហ្នឹង​មែន ហើយ​សុំ​ឲ្យ​តុលាការ​កំពូល សម្រាលទោស​។ ការដាក់ទណ្ឌកម្ម​ឲ្យ​គាត់​ជាប់ទោស​មួយជីវិត គឺ​ធ្ងន់ធ្ងរ​ពេក​»​។​
 
​លោក​មេធាវី បន្តថា ការសម្រេច​របស់​តុលាការ​កំពូល​នាពេលនេះ គឺ​បិទផ្លូវ​តែ​តវ៉ា​។ ប៉ុន្តែ លោក អះអាងថា លោក ជួប សម្លាប់ នៅ​អាចធ្វើ​បណ្តឹង​មួយទៀត គឺ​បណ្តឹង​សើរើ​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា «​បើ​ខាង​គាត់ មាន​ភស្តុតាង​ថ្មី ដែល​បង្ហាញថា គាត់ មិនបាន​ប្រព្រឹត្ត​អំពើ​ហ្នឹង​ទេ គាត់​អាច​ប្តឹង​សុំ​ឲ្យ​សើរើ​ឡើងវិញ​»​។ 
 
​យ៉ាងណាក៏ដោយ បណ្តឹង​សើរើ​នេះ ទំនងជា​មិនអាច​កើតឡើង​សម្រាប់​លោក ជួប សម្លាប់ ឡើយ ព្រោះ​បណ្តឹង​សើរើ អាច​កើតឡើង​បាន​លុះត្រាតែ លោក ជួប សម្លាប់ មាន​ភស្តុតាង​ថ្មី ដែល​បញ្ជាក់ថា​លោក មិនបាន​សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី តែ​តាំងពី​ដើមទី​មក គឺ​លោក​ជា​អ្នក​សារភាព​ខ្លួនឯង ថា​លោក ជា​ឃាតក​៕

Tag:
 ជួប សម្លាប់​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com