ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន ឱ្យ​សាន់​ដេ​សងជំងឺចិត្ត បន្ទាប់ពី​ទទួល​សិទ្ធិ​លើ​បទ​”​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”
ជាតិ
សង្គមជាតិ
សិល្បះ
ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន ឱ្យ​សាន់​ដេ​សងជំងឺចិត្ត បន្ទាប់ពី​ទទួល​សិទ្ធិ​លើ​បទ​”​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”
25, May 2019 , 4:19 pm        
រូបភាព
គាត គឹមលន រូប​ពី​ហ្វេស​ប៊ុក
គាត គឹមលន រូប​ពី​ហ្វេស​ប៊ុក
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​បានសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​បទ “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” (​ឬ​ចំណងជើង​ខុស​”​នឹក​ភូមិ​ភ្នំ​ធំ​”) ទៅ​ឲ្យ​ភរិយា​កវី គ​ង្គ ប៊ុន​ឈឿន គឺ​អ្នកស្រី គាត គឹម​លន ហើយ​។ បទ “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” នេះ លោក គ​ង្គ ប៊ុន​ឈឿន និពន្ធ​ទាំង​បទ​ភ្លេង និង​ទំនុកច្រៀង ដែលមាន​អ្នកស្រី រស់ សេរី​សុទ្ធា ជា​ម្ចាស់​សំនៀង​ដើម​។ ក្រោយ​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​បទ​នេះ​អ្នកស្រី គាត គឹម​លន នៅតែ​ទាមទារ​ឱ្យ​សាន់​ដេ សងជំងឺចិត្ត​ជា​ទឹកប្រាក់ ដល់​ស្នាដៃ​របស់​ស្វាមី​ខ្លួន​។​


 
​ក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​បទ “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” អ្នកស្រី គាត គឹម​លន នៅតែ​ទាមទារ​ឱ្យ​សាន់​ដេ​ផ្ដល់​សំណង​ជា​ទឹកប្រាក់​ដល់​ស្នាដៃ​របស់​ប្ដី​ខ្លួន​។ អ្នកស្រី​ថា​នេះ​ជាការ​បង្ហាញ​ពី​ការផ្ដល់​តម្លៃ​ដល់​ម្ចាស់​ស្នាដៃ​។​
 
​អ្នកស្រី​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្លួន​មិនមែន​ចង់បាន​ប្រាក់​ពី​ផលិតកម្ម​ណាមួយ​ឡើង តែ​រូប​អ្នកស្រី​ធ្វើ​ដូចនេះ ដើម្បី​រក្សា​តម្លៃ​របស់​ម្ចាស់​ស្នាដៃ​តែប៉ុណ្ណោះ​។ អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ផលិតកម្ម​ទាំងនោះ​គួរតែ​គិត​ដែរ ក្នុងនាម​ខ្លួន​ជា​អ្នកប្រព្រឹត្ត​ខុស ដែល​យក​ស្នាដៃ​របស់គេ​ទៅធ្វើ​អាជីវកម្ម​ដោយ​មិនបាន​សុំច្បាប់​នោះ​។ មិនថាតែ​សាន់​ដេ​ទេ គ្រប់​ផលិតកម្ម​ទាំងអស់​ដែល​យក​ស្នាដៃ​របស់​ប្ដី​ខ្ញុំ​ទៅ គួរ​ណាស់​តែ​គិតដល់​តម្លៃ​អ្នកនិពន្ធ​ខ្លះ​ផង​។ ខ្ញុំ​ចាំមើល​ដែរ តែ​មិនឃើញ​មាន​ផលិត​កម្មណា​គេ​អើពើ​សោះ​»​។ 
 
​អ្នកស្រី គាត គឹម​លន មិនបាន​កំណត់​ទំហំ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​ប៉ុន្មាន​នោះទេ ដោយ​អ្នកស្រី​ថា​ទុក​ឲ្យ​ផលិតកម្ម​សាន់​ដេ​គិតគូរ​ខ្លួនឯង​ថា​ចំនួន​ប៉ុនា​ន​សមរម្យ​សម្រាប់​ករណីនេះ​។​
​ស្របពេល​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​ស្នាដៃ​របស់​ស្វាមី អ្នកស្រី គាត គឹម​លន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ទាំងអស់​សង្ឃឹមថា មកដល់ពេលនេះ​អ្នកស្រី​មានតែ​ក្ដី​ឈឺចាប់​តែប៉ុណ្ណោះ​។ 
 
​សូម​ស្ដាប់​សម្ដី​របស់​អ្នកស្រី គាត គឹម​លន ខាងក្រោម​៖




 
​សារព័ត៌មាន​ថ្មីៗ​នៅ​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ផលិតកម្ម​សាន់​ដេ បាន​នៅឡើយ​។​
 
​សូមបញ្ជាក់ថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​បទ “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” ឱ្យដល់​អ្នកស្រី គាត គឹម​លន ភរិយា​កវី គ​ង្គ ប៊ុន​ឈឿន កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា ឆ្នាំ​២០១៩​។ សេចក្ដីប្រកាស​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏បាន​បញ្ជាក់ដែរថា ក្នុងករណី​មានការ​ប្ដឹង​ជំទាស់​ដោយមាន​ភស្ដុតាង​ផ្ទុយ​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ក្រសួង​សា​ម៉ី​នឹង​ពិនិត្យ និង​សម្របសម្រួល​លើ​ការប្រគល់សិទ្ធិ​គ្រប់គ្រង​បទ “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” ជូន​អ្នកស្រី គាត គឹម​លន ឡើងវិញ​។​
 
​កន្លងមក​បទ “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” ឬ​ចំណងជើង​ខុស​” នឹក​ភូមិ​ភ្នំ​ធំ​” មានរឿង​ចម្រូងចម្រាស​ខ្លាំង ព្រោះ​ផលិតកម្ម​សាន់​ដេ​បាន​យក​បទ​នេះ​ទៅ​កាឡៃ ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត និង​បាន​ដាក់ថា​និពន្ធ​បទ​ភ្លេង​ថ្មី​ទៀតផង​៕

Tag:
 គ​ង្គ ប៊ុន​ឈឿន​
  គាត គឹម​លន​
  សិល្បៈ​
  ចម្រៀង​
 
© រក្សាសិទ្ធិដោយ thmeythmey.com